ហ្សេលេនស្គី ប្រាប់ថា រុស្ស៊ីលួចបច្ចេកវិទ្យាដ្រូនពីចិន
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឌីមៀរ ហ្សេលេនស្គី បានអះអាងថា ពលរដ្ឋចិនមួយចំនួនកំពុងធ្វើការនៅរោងចក្រផលិតដ្រូនមួយកន្លែងក្នុងប្រទេសរុស្ស៊ី ដោយ... The post ហ្សេលេនស្គី ប្រាប់ថា រុស្ស៊ីលួចបច្ចេកវិទ្យាដ្រូនពីចិន appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឌីមៀរ ហ្សេលេនស្គី បានអះអាងថា ពលរដ្ឋចិនមួយចំនួនកំពុងធ្វើការនៅរោងចក្រផលិតដ្រូនមួយកន្លែងក្នុងប្រទេសរុស្ស៊ី ដោយបង្កើនការព្រួយបារម្ភអំពីការចូលរួមដោយប្រយោលរបស់ទីក្រុងប៉េកាំងនៅក្នុងសង្គ្រាម។ យ៉ាងណាមិញ លោក ហ្សេលេនស្គី មិនបានចោទប្រកាន់ថា ចិនជាអ្នកចូលរួមដោយផ្ទាល់នៅក្នុងផលិតកម្មដ្រូនរុស្ស៊ីនេះទេ ពោលគឺរុស្ស៊ីជាអ្នកលួចបច្ចេកវិទ្យាដ្រូន ដោយរដ្ឋាភិបាលចិនមិនបានដឹងឮ។

ការលើកឡើងនេះ គឺខុសពីការចោទប្រកាន់ពីមុនដោយលោក ហ្សេលេនស្គី ដែលថាចិនកំពុងផ្គត់ផ្គង់អាវុធ និងរំសេវដោយផ្ទាល់ទៅឲ្យរុស្ស៊ី បើទោះជាចិនបានបដិសេធ និងបញ្ជាក់ម្ដងហើយម្តងទៀតអំពីជំហរអព្យាក្រឹតរបស់ខ្លួនក៏ដោយ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២២ខែមេសា លោក ហ្សេលេនស្គី បាននិយាយថា៖ «យើងជឿថា វាអាចថា រុស្ស៊ីលួចបច្ចេកវិទ្យាទាំងនេះ ដោយបានធ្វើកិច្ចព្រមព្រៀងជាមួយពលរដ្ឋទាំងនេះនៅខាងក្រៅកិច្ចព្រមព្រៀងជាមួយថ្នាក់ដឹកនាំចិន»។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនបានដឹកនាំមន្ត្រី និងទីភ្នាក់ងារសន្តិសុខរបស់ខ្លួន ចែករំលែកព័ត៌មានលម្អិតនេះជាមួយអាជ្ញាធរចិន ដើម្បីបញ្ជាក់អំពីស្ថានភាព។
ក្រសួងការបរទេសអ៊ុយក្រែន ក៏បានប្រកាសដែរថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតចិនលោក Ma Shengkun ហើយបានបង្ហាញពី «ក្តីបារម្ភយ៉ាងខ្លាំង» របស់អ៊ុយក្រែន ជុំវិញការចូលរួមរបស់ចិននៅក្នុងសង្គ្រាម។
ចិនបានច្រានចោល និងចាត់ទុកការចោទប្រកាន់ទាំងនេះថាគ្មានមូលដ្ឋាន។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន បានរំលឹកឡើងវិញថា ចិនមិនបានផ្តល់អាវុធដ៍សាហាវដល់ភាគីណាមួយនៅក្នុងជម្លោះអ៊ុយក្រែននោះទេ ហើយបានសង្កត់ធ្ងន់លើជំហរអព្យាក្រឹតរបស់ខ្លួន ដោយរក្សាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បទឈប់បាញ់ និងការចរចាសន្តិភាព។
លោក ហ្សេលេនស្គី ធ្លាប់បាននិយាយកាលពីពេលថ្មីៗនេះថា រុស្ស៊ីកំពុងជ្រើសរើសជនជាតិចិនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីប្រយុទ្ធក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ហើយថា មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំងក៏បានដឹងអំពីរឿងនោះដែរ។ លោកបានបន្ថែមថា ទីក្រុងកៀវ កំពុងព្យាយាមវាយតម្លៃថាតើអ្នកជ្រើសរើសទាហានកំពុងទទួលបានការណែនាំពីទីក្រុងប៉េកាំងឬយ៉ាងណា។
សូមបញ្ជាក់ថា ចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ «គ្មានដែនកំណត់» ប៉ុន្មានថ្ងៃ មុនពេលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២៕

ដោយ៖ ឈាង
The post ហ្សេលេនស្គី ប្រាប់ថា រុស្ស៊ីលួចបច្ចេកវិទ្យាដ្រូនពីចិន appeared first on Kampuchea Thmey Daily.