ការដោះដូរទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៥ ពាន់លានដុល្លារ នៅក្នុងខែដំបូងឆ្នាំ ២០២៥

​ទំហំនៃការនាំចេញ-នាំចូលសរុបនេះ ក្នុងនោះទំនិញ​របស់កម្ពុជា​នាំចេញ​មាន​​ទំហំទឹកប្រាក់ជាង ២,៣០ ពាន់លានដុល្លារ កើនឡើង ១៧,៣... The post ការដោះដូរទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៥ ពាន់លានដុល្លារ នៅក្នុងខែដំបូងឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.

ការដោះដូរទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៥ ពាន់លានដុល្លារ នៅក្នុងខែដំបូងឆ្នាំ ២០២៥

នៅក្នុងខែមករា ឆ្នាំ ២០២៥ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា សម្រេចបានទឹកប្រាក់ជាង ៥ ពាន់លានដុល្លារ កើនឡើងជាង ២៤,៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានចំនួនជាង ៤ ពាន់លានដុល្លារ។ នេះ​បើយោងតាម​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយ​​នៅថ្ងៃ​ទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥។

ទិន្នន័យដដែលបង្ហាញថា ​ទំហំនៃការនាំចេញ-នាំចូលសរុបនេះ ក្នុងនោះទំនិញ​របស់កម្ពុជា​នាំចេញ​មាន​​ទំហំទឹកប្រាក់ជាង ២,៣០ ពាន់លានដុល្លារ កើនឡើង ១៧,៣ ភាគរយចំណែក​ឯទំនិញ​នាំ​ចូល​ពីក្រៅប្រទេសមានទំហំទឹកប្រាក់ចំនួន ២,៧៥ ពាន់លានដុល្លារ កើន ៣១,៦ ភាគរយ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់កម្ពុជាថ្មីថា ការនាំចេញ​ទំនិញ​របស់​កម្ពុជាមានកំណើន ដោយសារទីផ្សារបញ្ជាទិញ ពោលគឺពាក់ព័ន្ធនឹងអស្ថិរភាពក្នុងតំបន់ ដូច​ជា​អស្ថិរភាពនយោបាយនៅប្រទេសភូមា បង់​ក្លាដេស បានធ្វើឱ្យរោងចក្រមួយចំនួនរើមកកម្ពុជា ដែល​ធ្វើឱ្យការបញ្ជាទិញមានការកើនឡើងទាំងការវិនិយោគ និងនាំចេញ។

អ្នកឧកញ៉ា លឹម ហេង បញ្ជាក់ថា៖ «នៅឆ្នាំ ២០២៥ ពាណិជ្ជកម្ម្មកម្ពុជានៅ​តែមាន​ភាព​ល្អ​ប្រសើរ ដោយសារការចុះបញ្ជីអ្នកវិនិយោគថ្មី ឆ្នាំមុននេះ គឺថា មានរហូតដល់ជាង ២០០ ក្រុម​ហ៊ុន ដូច្នេះការផលិត និងការនាំចេញក៏មានការកើនឡើង ហើយកត្តាដែលនាំឱ្យអ្នកវិនិយោគ និងការនាំចេញកើនឡើងដោយសារស្ថិរភាពនយោបាយ ច្បាប់វិនិយោគថ្មីមាន​ការលើកទឹក​ចិត្ត​ច្រើន ព្រមទាំងកត្តាទីផ្សារដែលកម្ពុជាយើងមានទីផ្សារសេរីពាណិជ្ជកម្មកម្ពុជា-ចិន កម្ពុជា-កូរ៉េ ក៏ដូចជា RCEP ទន្ទឹមសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន កំពុងដំឡើងពន្ធដាក់គ្នាក៏ជាឱកាស​សម្រាប់​​កម្ពុជាទាក់ទាញអ្នកវិនិយោគដើម្បីផលិតក្នុងការនាំចេញ»។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានលើកឡើងថា ការអនុវត្ត​ដោយ​ប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យបន្តងើបឡើងក្នុងអត្រា ៦ ភាគរយ នៅឆ្នាំ​២០២៤​ ​ដែលគាំទ្រ​ជាចម្បង​ដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជា​លំដាប់​នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្ម បន្តមាន​កំណើន​​ទាប។

យោងតាមក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០២៤ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ មានការកើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣។

ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​អំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផល​ធ្វើ​អំពី​កៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕

អត្ថបទ៖ ឡេង ដេត

The post ការដោះដូរទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៥ ពាន់លានដុល្លារ នៅក្នុងខែដំបូងឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.