កម្ពុជាសហការជាមួយកូរ៉េ ជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងឧស្សាហកម្មបៃតង

កម្ពុជាសហការជាមួយកូរ៉េ ជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងឧស្សាហកម្មបៃតង... The post កម្ពុជាសហការជាមួយកូរ៉េ ជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងឧស្សាហកម្មបៃតង appeared first on Kampuchea Thmey Daily.

កម្ពុជាសហការជាមួយកូរ៉េ ជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងឧស្សាហកម្មបៃតង

នៅក្នុងជំនួបទ្វេភាគីរវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Wansup Kim រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំទាំង​ពីរបានបញ្ជាក់​ពីការ​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ ដោយ​ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និង​ការលើក​កម្ពស់​ឧស្សាហកម្មបៃតងនៅកម្ពុជា។

លោក Wansup Kim រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា រដ្ឋាភិបាលកូរ៉េមាន​ផែនការ​បង្កើន​ការវិនិយោគ​របស់ខ្លួននៅកម្ពុជា ហើយ​វិស័យ​ទឹកស្អាត និង​និរន្តរភាពបរិស្ថាន គឺជាអាទិភាព។

លោក Wansup Kim បានបន្ថែមថា៖ «យើងមើល​ឃើញពី​សក្តានុពល​ជាច្រើន​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ពិសេស​លើការផ្តល់​សេវា​សង្គម ដូចជា​សេវាទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធបៃតង»។

កម្ពុជា​អាច​ចៀសវាង​បទពិសោធន៍​នៃ​ការ​អភិវឌ្ឍ​មួយ​ចំនួន​ដែល​ប្រទេស​កូរ៉េបានជួបប្រទះ នៅក្នុង​បរិវត្តកម្ម​ឧស្សាហកម្ម​របស់​ខ្លួន ហើយ​ប្រព័ន្ធ​គ្រប់គ្រង​ទឹកស្អាត​ឆ្លាតវៃ​របស់កូរ៉េ នឹងជួយ​គាំទ្រ​កម្ពុជានៅ​ក្នុងដំណើរ​ឆ្ពោះទៅការ​សម្រេចគោល​ដៅ​​នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះភាពជាដៃគូ និងការបន្តគាំទ្ររបស់រដ្ឋាភិបាលកូរ៉េ ពិសេសសម្រាប់​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងទឹកស្អាតឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

លោក​រដ្ឋមន្ត្រីបាន​លើកឡើងថា​៖ «សម្រាប់យើង ​ទឹកស្អាត​មិនមែនត្រឹមតែសម្រាប់បំពេញ​តម្រូវ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃប៉ុណ្ណោះទេ តែ​ជា​កម្លាំងរុញច្រានសម្រាប់​បរិវត្តកម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា»។

លោក​រដ្ឋមន្ត្រី​ក៏​បានសង្កត់ធ្ងន់លើគោលដៅក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដើម្បីបម្រើសេចក្តីត្រូវការ ដែលកំពុងកើនឡើងនៅក្នុងតំបន់ជាច្រើន ដូចជារាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំង​បាន​ជំរុញ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​កម្ពុជា និង​កូរ៉េ ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​បៃតង ខណៈ​ដែល​កម្ពុជា​កំពុង​ត្រៀម​លក្ខណៈ​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួចនៅចុងឆ្នាំ២០២៩។

សាធារណរដ្ឋកូរ៉េ គឺជាដៃគូដ៏សំខាន់មួយសម្រាប់វិស័យទឹកស្អាតរបស់កម្ពុជា។ តាមរយៈ​គម្រោង​ប្រព័ន្ធ​គ្រប់គ្រង​ទឹកស្អាត​ឆ្លាតវៃ កូរ៉េ​កំពុង​ជួយ​ដល់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដោយ​ផ្តល់​ជំនួយ​បច្ចេកទេស ហិរញ្ញប្បទាន និងការកសាងសមត្ថភាព។

គម្រោងនេះ​ មានគោលដៅលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដូចជា​បំពាក់នាឡិកាទឹកឆ្លាតវៃដែលផ្តល់ព័ត៌មានពីការលេចធ្លាយ ព្រមទាំង​លើកកម្ពស់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ស្អាត​ដែល​ផ្អែក​លើ​បច្ចេកវិទ្យា៕

The post កម្ពុជាសហការជាមួយកូរ៉េ ជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងឧស្សាហកម្មបៃតង appeared first on Kampuchea Thmey Daily.