ឥណ្ឌូណេស៊ីពិចារណាទិញប្រេងថោកៗពីរុស្ស៊ី ដែល​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរពី​លោកខាងលិច

ការចាប់អារម្មណ៍របស់ឥណ្ឌូណេស៊ីលើប្រេងរុស្ស៊ី បានបង្កឱ្យមានការព្រួយបារម្ភថាវាអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់​ប្រទេស​នេះ ជាមួយសម្ព័ន្ធមិត្តលោកខាងលិច។ The post ឥណ្ឌូណេស៊ីពិចារណាទិញប្រេងថោកៗពីរុស្ស៊ី ដែល​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរពី​លោកខាងលិច appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ីពិចារណាទិញប្រេងថោកៗពីរុស្ស៊ី ដែល​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរពី​លោកខាងលិច

ប្រទេស​ឥណ្ឌូណេស៊ីកំពុងពិចារណាទិញប្រេងពីរុស្ស៊ី ដែលរងទណ្ឌកម្មយ៉ាង​ធ្ងន់ធ្ងរ​​ពី​លោកខាង​លិច​ ជាពិសេសអឺរ៉ុប​ ​ចាប់តាំងពីមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បញ្ជា​ទ័ព​ឱ្យ​ឈ្លាន​ពាន​អ៊ុយក្រែន​នៅ​ចុង​ខែ​កុម្ភៈឆ្នាំ ២០២២។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត Jakarta Globe។

រដ្ឋមន្ត្រីថាមពលឥណ្ឌូណេស៊ី លោក Bahlil Lahadalia ​បាននិយាយកាល​ពី​សប្ដាហ៍មុន​ថា ការចូល​ជា​សមាជិក​ BRICS របស់​ឥណ្ឌូណេស៊ី ​បាន​បង្កើត​ជា​លទ្ធភាព​ដែល​រដ្ឋាភិបាល​អាច​ទិញ​ប្រេង​រុស្ស៊ី​ ដែល​មាន​តម្លៃ​ថោកៗ​ដោយសារតែជាប់​ទណ្ឌកម្ម​អឺរ៉ុប​។

​យ៉ាងណា​មិញ​ ការចាប់អារម្មណ៍របស់ឥណ្ឌូណេស៊ីលើប្រេងរុស្ស៊ី បានបង្កឱ្យមានការព្រួយបារម្ភថាវាអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់​ប្រទេស​នេះ ជាមួយសម្ព័ន្ធមិត្តលោកខាងលិច។ ​ទោះ​បីបែប​នេះ​ក្ដី ​ប្រភព​ការទូតសហភាពអឺរ៉ុបម្នាក់ បានបង្ហើបប្រាប់ Jakarta Globe ឱ្យដឹងថា ប្លុកអឺរ៉ុបមិនខ្វល់ពីប្រភព​ផ្គត់​ផ្គង់​ប្រេង​របស់​ឥណ្ឌូណេស៊ីនោះ​ទេ​ ទោះ​បី​ជា​វា​បាន​មក​ពី​រុស្ស៊ី​ក៏ដោយ​។ ​

ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំឥណ្ឌូណេស៊ី លោក Sergei Tolchenov បាននិយាយថា ប្រទេសរបស់លោកបើកចំហសម្រាប់ការចរចាទិញប្រេង។

លោកបានកត់សម្គាល់ថា ​រុស្ស៊ីបានចូលរួមក្នុងកិច្ចពិភាក្សាមួយចំនួនជាមួយ​ឥណ្ឌូណេស៊ី ដើម្បីប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក រួមមាន​ប្រាក់រូពៀ (ឥណ្ឌូណេស៊ី) និង​ប្រាក់រូប្លិ៍ (រុស្ស៊ី) សម្រាប់ពាណិជ្ជកម្មទ្វេភាគី​ ខណៈ​ក្រុងម៉ូស្គូត្រូវ​បាន​ផ្ដាច់​ឱ្យ​នៅ​ឯកោ​ក្នុង​​ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។

គួរ​គូស​បញ្ជាក់​ថា​ ឥណ្ឌូណេស៊ីអាចផលិតប្រេង​បានត្រឹមតែ ៧០០ ០០០-៨០០ ០០០ បារ៉ែល/ថ្ងៃ​ ប៉ុណ្ណោះ ឬ​ស្មើនឹង​ពាក់កណ្ដាល​នៃ​តម្រូវការ​/ថ្ងៃ​ក្នុងស្រុក​។ ​ប្រទេស​នេះ​​នាំ​ចូល​ប្រេង​ជា​ចម្បង​ពី​សមាជិក​អង្គការ​នៃប្រទេស​នាំ​ចេញ​ប្រេង (OPEC)។

យោងតាម​ទិន្នន័ពីទីភ្នាក់ងារស្ថិតិ​ឥណ្ឌូណេស៊ី (BPS) ​ការនាំចូលប្រេង និងឧស្ម័នរបស់ប្រទេស​ មានចំនួនសរុបប្រហែល ៣៦,៣ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៤៕

The post ឥណ្ឌូណេស៊ីពិចារណាទិញប្រេងថោកៗពីរុស្ស៊ី ដែល​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរពី​លោកខាងលិច appeared first on Kampuchea Thmey Daily.