កសិករ ៣ នាក់ ប្រាប់បទពិសោធន៍កែច្នៃដីទំនេរជុំវិញផ្ទះ បង្កើតចំណូលក្នុងគ្រួសារ
ប្រជាកសិករតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង បានលើកឡើងប្រហាក់ប្រហែលគ្នា..... The post កសិករ ៣ នាក់ ប្រាប់បទពិសោធន៍កែច្នៃដីទំនេរជុំវិញផ្ទះ បង្កើតចំណូលក្នុងគ្រួសារ appeared first on Kampuchea Thmey Daily.
ប្រជាកសិករតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង បានលើកឡើងប្រហាក់ប្រហែលគ្នាឲ្យកម្ពុជាថ្មីដឹងថា ក្រៅពីមុខរបរជាទំនៀមទម្លាប់(ធ្វើស្រែ) ពួកគាត់បានកែច្នៃដីទំនេរជុំវិញផ្ទះបង្កើតជាប្រភពចំណូលប្រចាំថ្ងៃ ទ្រងទ្រង់ដល់ជីវភាពមិនប្រឈមការខ្វះខាត។ ចំណូលនេះ គឺឲ្យតែឧស្សាហ៍និងព្យាយាម ហើយក៏មិនឆ្ងាយពីផ្ទះដែរ គឺកើតចេញពីដីភូមិដែលកសិករខ្លះទុកទំនេរចោលគ្មានកែច្នៃបម្រើប្រយោជន៍ ដែលអាចរៀបចំធ្វើកសិកម្មខ្នាតគ្រួសារបាន។
លោក ជិន គ្រក់ រស់នៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់បានឲ្យដឹងថា ក្រោយពីលោកនិងភរិយាឈប់ធ្វើជាពលករចំណាកស្រុកអស់រយះពេលជិតមួយឆ្នាំកន្លងមកនេះ លោកបានមើលឃើញពីផលល្អមួយដែលកើតចេញពីដីភូមិ គឺដាំ រាល់ដំណាំទាំងរយះវែងនិងរយះពេលខ្លី ដែលអាចផ្តល់ចំណូលសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃមិនខ្វះមុខខ្វះក្រោយ។
លោកបានលើកឡើងកាលពីលោកជាពលករនៅក្នុងស្រុកថៃ បានឃើញកសិករថៃបានដឹកជញ្ជូនរាល់កសិផលចូលទីផ្សារគ្មានលោះថ្ងៃ តាមពិតកសិផលទាំងនោះមិនមែនពួកគេមានចម្ការទេ គឺជាដំណំាក្រោយផ្ទះប៉ុណ្ណោះ ដែលអាចរកចំណូលបានជាប្រចាំ ក្នុងនោះមាន ផ្លែទៀប ពុទ្រា ក្រូច ជាដើម។
អតីតពលកររូបនេះបន្តថា ដោយសារតែមើលឃើញបែបនេះ លោកជាមួយភរិយាបានសម្រេចចិត្តឈប់យកកម្លាំងដើម្បីបម្រើប្រយោជន៍ដល់អ្នកដទៃ ហើយយកកម្លាំងមកបម្រើដល់ក្រុមគ្រួសារខ្លួនឯងនៅឯស្រុកកំណើតវិញ។
លោកថា បើគិតមកត្រឹមពេលនេះ នៅលើដីភូមិលោកគឺមានផលដាំណាំច្រើនប្រភេទ ហើយចំណូលពីដំណាំជុំវិញផ្ទះនេះយ៉ាងហោច ១ថ្ងៃក៏បានចន្លោះពី ២៥ ដល់ ៣០ មុឺនរៀលដែរ តាមរយះផលផ្លែទៀបស្វិតរបស់លោកដែលបានដាំប្រហែលជាង ៣០ ដើម គឺលោកនិងភរិយាបានប្រមូលផលវិលជុំតែម្តង ក្រោយពីលោកបានប្រមូលផលម្ទេសរួចរាល់។
ចំណែកកសិករម្នាក់ទៀតនៅក្នុងស្រុកបាណន់ជាមួយគ្នា គឺលោក ធឿន បានលើកឡើងដែរថា លោកមានដាំក្រូចពោធិសាត់ ប្របាណជិត ១០ ដើម ហើយលោកបានបំប៉នទឹក គឺបានហុចផលល្អ និងបានចំណូលរាល់ថ្ងៃ សូម្បីអ្នកភូមិជិតគ្នាក៏ចូលចិត្តបរិភោគដែរ ព្រោះក្រូចលោកមានរសជាតិផ្អែមឆ្ងាញ់ ហើយក្រៅពីនេះលោកក៏មានដាំដំណាំវិលជុំនៅក្បែរផ្ទះជាច្រើនផងដែរ។
លោកបន្តថា “មិនសូវជាលំបាកប៉ុន្មានទេ ក្នុងមួយថ្ងៃខ្ញុំឆ្លៀតពេលតែបន្តិច យូរទៅវាអាចផ្តល់ផលដោយមិនដឹងខ្លួន តែកុំឲ្យតែយើងខ្ចិលគឺលុយចូលរហូត”។
ចំណែកឯកសិករ នៅស្រុកមោងឫស្សីឯណោះវិញ គឺលោក ឡុង ភាព ក៏បានឲ្យដឹងដែរថា នៅលើទំហំដីជិត ១ ហិកតាក្បែរផ្ទះរបស់លោក បានដាំដើមពុទ្រាពូជ ៣ រសជាតិ ហើយដែលបច្ចុប្បន្ន កំពុងប្រមូលផលទាំង ១០០ ដើម។
លោកថា ក្នុងមួយ ថ្ងៃលោករកចំណូលបានចន្លោះពី ២០ ម៉ឺនរៀលទៅ ៣០ ម៉ឺនរៀល ខណះការប្រមូលផលបានក្នុងមួយថ្ងៃចន្លោះពី ៥០ ទៅ ៦០ គីឡូក្រាម។ លោកថា លោកបានដាំរយះពេលជិត ៥ ឆ្នាំ ហើយពូជពុទ្រានេះដាំបាន ១ ឆ្នាំ គឺវាបានហុចផលខ្លះៗហើយ។ តាមរយះផលដំណាំនេះ លោកថាបានផ្តល់សេដ្ឋកិច្ចគ្រួសារបានយ៉ាងកក់ក្តៅ ខណះលោកថា កាលពីមុនលោកបានដើរសុីឈ្នួលឲ្យគេដល់ខេត្តកំពង់ចាម មិនបានគិតដល់ថា ដីទុកទំនេរក្បែរផ្ទះបានផ្តល់ប្រយោជន៍បែបនេះទេ។
លោកបន្តថា “ខ្ញុំចាប់ផ្តើមដាំ ដោយសារកាលខ្ញុំដើរទៅធ្វើការនៅខេត្តកំពង់ចាម ក៏បានឃើញអ្នកស្រុកខេត្តនោះគេដាំ ហើយបានផលល្អ លុយចូលរហូត ខ្ញុំរកបានលុយបន្តិចបន្តួចក៏វិលមកស្រុកវិញ ហើយសាកល្បងដាំក៏បានហុចផលផ្លែផ្កា និងបានរកចំណូលបានតាំងតែពីដាំបានរយះពេល ១ ឆ្នាំដំបូង ហើយខ្ញុំក៏ឈប់ដើរ នៅតែថែទាំដំណាំនេះរហូតមកដល់ពេលនេះ ដែលមិនត្រឹមមានបានចំណូលហើយបាននៅជុំគ្រួសារទៀតផង”៕
អត្ថបទ៖ សៅ សារិទ្ធ
The post កសិករ ៣ នាក់ ប្រាប់បទពិសោធន៍កែច្នៃដីទំនេរជុំវិញផ្ទះ បង្កើតចំណូលក្នុងគ្រួសារ appeared first on Kampuchea Thmey Daily.