ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​ នៃសាធារណរដ្ឋឥណ្ឌា The post ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម appeared first on Kampuchea Thmey Daily.

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ភ្នំពេញ ៖ លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​ នៃសាធារណរដ្ឋឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​រាជធានីភ្នំពេញ អនុញ្ញាត​ក្នុង​ការ​រៀបចំ​ទិវា​ស្តង់​ម្ហូប​អាហារ​នៅ​រាជធានីភ្នំពេញ។

ទិវានេះ​ នឹង​មាន​ការ​សហការចូលរួម ពីបណ្ដាប្រទេសជាច្រើន មានទាំងប្រទេសកម្ពុជា​ ថៃ ឡាវ វៀតណាមនិងមីយ៉ាម៉ា ដោយគ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី២២មីនា ឆ្នាំ ខាងមុខនេះ។

ការ​ស្នើបែប​នេះ​របស់​លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានធ្វើឡើងនារសៀលថ្ងៃទី០៤ខែមីនានេះ ខណៈ​លោក ចូលជួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានមានប្រសាសន៍លើក​ឡើង​ថា ឥណ្ឌា​និង​កម្ពុជា​មាន​ទំនាក់ទំនងការទូតជាមួយគ្នារាប់ពាន់ឆ្នាំមកហើយ។ តាមរយៈទំនាក់ទំនងល្អជាមួយគ្នានេះ ឥណ្ឌាបានជួយកម្ពុជាយ៉ាងច្រើនផងដែរ រាប់ទាំងការជួយលើវិស័យអប់រំ ,ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្ដល់​នូវ​អាហារូបករណ៍​ដល់និស្សិតបានទៅសិក្សារៀនសូត្រ​នៅប្រទេសឥណ្ឌាជាដើម។

បន្ថែម​ពី​នេះ​ ឥណ្ឌាក៏បានជួយកម្ពុជា ក្នុងការជួសជុលប្រាសាទបុរាណមួយចំនួន ពិសេស​ការ​ជួសជុលប្រាសាទ​តាព្រហ្ម​ និង​ប្រាសាទព្រះវិហារ។

លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បាន​បន្ត​ថា តាម​រយៈ​ទំនាក់ទំនង​ការ​ទូត​ល្អប្រសើរ រវាង​កម្ពុជានិងឥណ្ឌានេះ យើង​ក៏​បានបង្កើតឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់ភ្នំពេញ ហើយ​យើង​នឹង​បន្ត​ជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់​ខេត្តសៀមរាបបន្ថែមទៀត។

លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង បានបញ្ជាក់ផងដែរ​ថា ប្រជាពលរដ្ឋជនជាតិឥណ្ឌា បានមករស់នៅធ្វើការ រកស៊ី នៅក្នុង​ប្រទេសកម្ពុជាមានប្រមាណជាង ៥០០០នាក់ ហើយពួកគាត់ភាគច្រើនរស់នៅនិងរកស៊ីនៅរាជធានីភ្នំពេញ។

លោក ពិតជាថ្លែង នូវ​ការ​អរគុណ​ចំពោះ​អាជ្ញាធររាជធានីភ្នំពេញ ដែល​បាន​រក្សាសន្តិសុខសុវត្ថិភាព​ជូន​បងប្អូនប្រជាពលរដ្ឋឥណ្ឌា ដែល​រស់​នៅ​រាជធានីភ្នំពេញ ក៏​ដូច​ជា​ការ​ថែរក្សាសន្តិសុខសុវត្ថិភាព​ជូន​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំនៅ​កម្ពុជា​បាន​ល្អប្រសើរ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាន​លើក​ឡើង​ពី​ការ​កកើត រាជធានីភ្នំពេញ និង​លើក​ឡើង​ពី​ភាព​វេទនា ធ្វើឱ្យប្រទេសធ្លាក់ដល់ចំណុចសូន្យ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត។ តែក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បាន​ធ្វើ​ឱ្យ​ប្រទេសជាតិ​មាន​ភាព​រីកចម្រើន​រហូត​មក​ដល់​សព្វថ្ងៃ​នេះ និង​បាន​ធ្វើ​ឱ្យ​កំណើន​ប្រជាពលរដ្ឋ​មាន​ការ​កើន​ឡើង​ជា​លំដាប់។

ដោយ​គិត​មក​ដល់​ពេល​នេះ បូក​សរុប​ទាំង​ប្រជាពលរដ្ឋ ដែល​រស់​នៅ​រាជធានីភ្នំពេញនិងប្រជាពលរដ្ឋដែលមកស្នាក់នៅរកស៊ីនៅភ្នំពេញ មានប្រមាណជាង៣លាននាក់ ធ្វើ​ឱ្យរាជធានីភ្នំពេញប្រឈមនឹងការ​ស្ទះចរាចរណ៍ ដែល​អាជ្ញាធររាជធានី​បាននឹងកំពុងដោះស្រាយ។

ជុំវិញការ​ស្នើសុំ​របស់លោក វ៉ាន់ឡុលវ៉ាណា បាវីតលុង ក្នុងការ​ធ្វើ​ទិវា​ម្ហូបអាហារនៅរាជធានីភ្នំពេញ លោកឃួង ស្រេង បានឯកភាព ជាមួយនឹងការអនុញ្ញាតឱ្យមានការរៀបចំពិធីនេះ នៅ​មុខវត្តឧណ្ណាលោម ស្របពេល ដែលអាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងបង្កើតឱ្យមានផ្លូវថ្មើជើង Walk Streetនៅទីតាំងខាងលើនេះដែរ ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ទៅ​ដល់​ការ​រៀប​ចំពិធី​ម្ហូបអាហារ​ខាងលើ​ដំណើរ​ការ​ទៅ​បាន​ស្រួល។

លោកឃួង ស្រេង បញ្ជាក់ផង​ដែរ​ថា រដ្ឋបាល​រីករាយ​ភ្នំពេញ​ក្រោយ​ពី​បង្កើត​ឱ្យ​មាន​ផ្លូវ​ថ្មើរជើង Walk Street បាន​ធ្វើ​ឱ្យកំណើនប្រជាពលរដ្ឋ​ក៏ដូចភ្ញៀវទេសចរណ៍កើនឡើង​ពីមួយ​សប្តាហ៍ទៅមួយសប្តាហ៍ ដោយអាចទទួលបានភ្ញៀវជាតិ អន្តរជាតិ ប្រមាណ៤ទៅ៥ម៉ឺននាក់​ក្នុងមួយថ្ងៃ។ លោកសង្ឃឹមថា នៅពេលស្ថានទូតរៀបចំ​ឱ្យ​មាន​ទិវា​ម្ហូបអាហារនៅទីតាំងនេះ វា​នឹង​ធ្វើ​ឱ្យ​កំណើន​ភ្ញៀវទេសចរណ៍​កើន​ឡើង​ថែម​ទៀត៕

ដោយ ៖ ស្រីរ័ត្ន

The post ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម appeared first on Kampuchea Thmey Daily.