អេស្ប៉ាញ បញ្ជូន​ទាហាន​១ម៉ឺន​នាក់​បន្ថែម​ទៅ​ជួយ​សង្គ្រោះ ខណៈ​ទឹកជំនន់​សម្លាប់​មនុស្សលើស​ពី​២០០​នាក់

លោក Sanchez ​បាន​បន្ត​ថា នេះ​គឺ​ជា​​ការ​​អនុវត្ត​ការ​ដាក់​ពង្រាយ​កងទ័ព និង​កម្លាំង​សន្តិសុខ​ដ៏ធំ​បំផុត​របស់​​ប្រទេស​អេស្ប៉ាញ​ក្នុង​អំឡុង... The post អេស្ប៉ាញ បញ្ជូន​ទាហាន​១ម៉ឺន​នាក់​បន្ថែម​ទៅ​ជួយ​សង្គ្រោះ ខណៈ​ទឹកជំនន់​សម្លាប់​មនុស្សលើស​ពី​២០០​នាក់ appeared first on Kampuchea Thmey Daily.

អេស្ប៉ាញ បញ្ជូន​ទាហាន​១ម៉ឺន​នាក់​បន្ថែម​ទៅ​ជួយ​សង្គ្រោះ ខណៈ​ទឹកជំនន់​សម្លាប់​មនុស្សលើស​ពី​២០០​នាក់

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានប្រកាស​កាល​ពី​ថ្ងៃ​​​ទី​២​ខែវិច្ឆិកាថា ទាហាន និងប៉ូលីសចំនួន ១​​ម៉ឺន​នាក់បន្ថែមទៀត នឹង​ត្រូវ​ដាក់​ពង្រាយ​ទៅកាន់តំបន់ Valencia បន្ទាប់​ពី​តំបន់​នេះ​រង​​ការ​បំផ្លិចបំផ្លាញ​​ព្រោះ​គ្រោះ​ទឹកជំនន់ជាប្រវត្តិសាស្ត្រ ដែលបានសម្លាប់មនុស្សចំនួន ២១១​នាក់។

(រូបភាព៖ Getty)

លោក Sanchez បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ទឹកជំនន់ដ៏សាហាវ​នេះ គឺ​ជា​គ្រោះ​មហន្តរាយ​​លំដាប់​ទីពីរនៅអឺរ៉ុបក្នុង​រយៈពេល​១​សតវត្ស​កន្លង​មក​នេះ ហើយបានប្រកាសពី​ការ​បង្កើន​កងកម្លាំងសន្តិសុខសម្រាប់ការងារ​ជួយ​​សង្គ្រោះ។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានប្រាប់​ទៀត​ថា រដ្ឋាភិបាល​​បានទទួលយកសំណើរបស់មេដឹកនាំតំបន់ Valencia សម្រាប់កងទ័ពចំនួន ៥​ពាន់​នាក់បន្ថែម ហើយ​ក៏​មាន​ការដាក់ពង្រាយមន្ត្រីប៉ូលីស និងឆ្មាំស៊ីវិលចំនួន ៥​ពាន់​នាក់​ផ្សេង​ទៀត​ផង​ដែរ។

នោះ​នឹង​ធ្វើ​ឲ្យ​ចំនួន​ទាហាន និង​ប៉ូលិស​សរុប​នៅ​តំបន់​រង​គ្រោះ​​មាន​ដល់​ទៅ​ប្រហែល ១៧ ០០០​នាក់។

លោក Sanchez ​បាន​បន្ត​ថា នេះ​គឺ​ជា​​ការ​​អនុវត្ត​ការ​ដាក់​ពង្រាយ​កងទ័ព និង​កម្លាំង​សន្តិសុខ​ដ៏ធំ​បំផុត​របស់​​ប្រទេស​អេស្ប៉ាញ​​នៅ​​អំឡុង​​ពេល​​កំពុង​មាន​​សន្តិភាព។

លោក​បន្ថែម​ថា រដ្ឋាភិបាល​នឹង​កៀរគរ​ធនធាន​ដែល​ចាំបាច់​ទាំងអស់​ ដរាបណាការ​សង្គ្រោះ​នៅ​តែ​មាន​តម្រូវការ។

សូមបញ្ជាក់ថា រាល់ឆ្នាំឲ្យតែដល់រដូវនេះ អេស្ប៉ាញតែងជួបព្យុះជានិច្ច ប៉ុន្តែឆ្នាំនេះ គ្រោះធម្មជាតិហាក់ធ្ងន់ធ្ងរខ្លាំង ខណៈក្រុមអ្នកជំនាញបានបញ្ជាក់ច្បាស់ៗថា រឿងទាំងអស់គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ ទឹកជំនន់​ឆ្នាំ​នេះ គឺជាសោកនាដកម្មគ្រោះធម្មជាតិដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីឆ្នាំ១៩៧៣មក ដោយកាលនោះ មានមនុស្សយ៉ាងតិច១៥០នាក់ បានបាត់បង់ជីវិតនៅខេត្តភាគអាគ្នេយ៍ Granada, Murcia និង Almeria៕

ដោយ៖ ឈាង

ចុចអាន៖ អេស្ប៉ាញ ចាប់ផ្តើមកាន់ទុក្ខ ខណៈមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ កើនលើស១៥០នាក់

The post អេស្ប៉ាញ បញ្ជូន​ទាហាន​១ម៉ឺន​នាក់​បន្ថែម​ទៅ​ជួយ​សង្គ្រោះ ខណៈ​ទឹកជំនន់​សម្លាប់​មនុស្សលើស​ពី​២០០​នាក់ appeared first on Kampuchea Thmey Daily.