បញ្ហា «កោះគុត» សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថា កុំយកភ្លើងចូលផ្ទះ ព្រោះពុំមានបាត់ទៅណាទេ
សម្ដេច ហ៊ុន ម៉ាណែត អះអាងថា ពុំមានការបាត់បង់ទៅណាភាគីណាមួយទេ ព្រោះកម្ពុជា-ថៃ ពុំទាន់បានចរចាឯកភាពគ្នានៅឡើយ The post បញ្ហា «កោះគុត» សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថា កុំយកភ្លើងចូលផ្ទះ ព្រោះពុំមានបាត់ទៅណាទេ appeared first on Kampuchea Thmey Daily.
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បញ្ហា «កោះគុត» ត្រូវបានអ្នកនយោបាយប្រឆាំងរបស់កម្ពុជា និងអ្នកនយោបាយប្រឆាំងរបស់ថៃលើកយកធ្វើជាប្រធានបទយ៉ាងក្តៅគគុក ដើម្បីវាយប្រហារលើរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន។ ប៉ុន្តែ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត អះអាងថា ពុំមានការបាត់បង់ទៅណាភាគីណាមួយទេ ព្រោះកម្ពុជា-ថៃ ពុំទាន់បានចរចាឯកភាពគ្នានៅឡើយ។
អ្នកនយោបាយប្រឆាំងរបស់ថៃ បានលើកយកបញ្ហាកោះគុត ទៅជជែកវែកញែកដោយបានសម្ដែងការមិនទុកចិត្តទៅលើរដ្ឋាភិបាលថៃ ដឹកនាំដោយកូនស្រីរបស់លោក ថាក់ស៊ីន ក្នុងការចរចាករណីកោះគុត និងតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយភាគីកម្ពុជា។ ជាមួយគ្នានេះ បញ្ហាកោះគុត ក៏ក្លាយជាប្រធានបទមួយ ដែលអ្នកនយោបាយប្រឆាំងរបស់កម្ពុជា យកមកវាយប្រហារលើរដ្ឋាភិបាលកម្ពុជាផងដែរ ហើយថា រដ្ឋាភិបាលហាក់ស្ងាត់ស្ងៀម ខណៈកោះគុត នឹងត្រូវប្រទេសថៃយកកាន់កាប់។
ប្រតិកម្មតបនឹងការចោទបែបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គូសបញ្ជាក់ថា បញ្ហាកោះគុត រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរពីរ គឺទី១ ភាពចាស់ទុំផ្នែកនយោបាយ និងទី២ គឺការទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ចំពោះបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
ក្នុងន័យនេះ សម្ដេចធិបតី បានរៀបរាប់ថា ភាពចាស់ទុំខាងផ្នែកនយោបាយលើបញ្ហាកោះគុត គឺកម្ពុជាប្រគោលការណ៍មិនយកភ្លើងចូលផ្ទះ ព្រោះថា រឿងព្រំដែនកម្ពុជា-ថៃ គឺបានចរចា និងបានចាប់ផ្ដើមបោះបង្គោលព្រំដែនតាំងពីឆ្នាំ២០០៦ ហើយនៅបន្តធ្វើមិនទាន់បញ្ចប់នៅឡើយទេ ទាំងព្រំដែនគោក ទាំងព្រំដែនទឹក ពោលគឺភាគីទាំងពីរ កំពុងបន្តការចរចា។ ប៉ុន្តែ ដោយសារនៅប្រទេសថៃ ក្រុមប្រឆាំងនឹងរដ្ឋាភិបាល បានលើកយកបញ្ហានេះមកវាយប្រហារទៅលើរដ្ឋាភិបាលថៃ ដោយចោទថា រដ្ឋាភិបាលថៃធ្វើឱ្យបាត់កោះគុត មកខ្មែរ ដូច្នេះរដ្ឋាភិបាលថៃត្រូវចេញតតាំងផ្ទៃក្នុងរបស់ពួកគេ។
សម្ដេចធិបតី បានចោទជាសំណួរថា តើកោះគុតបាត់ទៅណា? ខណៈក្រុមប្រឆាំងថៃ ចោទរាជរដ្ឋាភិបាលខ្លួនថា ធ្វើឱ្យបាត់មកកម្ពុជា រីឯក្រុមប្រឆាំងកម្ពុជា ចោទថា រាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យបាត់ទៅថៃ។ ទាំងអ្នកនយោបាយប្រឆាំងរបស់កម្ពុជា និងអ្នកនយោបាយរបស់ថៃបានទាញបញ្ហាកោះគុត ដើម្បីតែកេងចំណេញផលប្រយោជន៍ផ្នែកនយោបាយរបស់ពួកគេប៉ុណ្ណោះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ក្រុមប្រឆាំងនៅក្រៅស្រុកខិតខំយករឿងព្រំដែនមកនិយាយ ដូចជា រឿងកោះគុត ជាដើម ដើម្បីបន្តបំភ្លៃព័ត៌មាន ហើយឈានទៅបង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល បានប្រកាសជាសាធារណៈថា រាជរដ្ឋាភិបាលប្ដេជ្ញាការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់មួយមីលីម៉ែត្រនោះឡើយ។ សម្ដេច បន្តថា ការដោះស្រាយបញ្ហាព្រំដែន គឺកម្ពុជា ប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី តាមយន្តការដែលមានស្រាប់ ធានាដោយច្បាប់ និងបច្ចេកទេសអន្តរជាតិជាជាងប្រើយន្តការជម្លោះដោយកម្លាំងប្រដាប់អាវុធ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
The post បញ្ហា «កោះគុត» សម្ដេចធិបតីនាយករដ្ឋមន្ត្រី ថា កុំយកភ្លើងចូលផ្ទះ ព្រោះពុំមានបាត់ទៅណាទេ appeared first on Kampuchea Thmey Daily.