អាមេរិក ចង់ឲ្យ Zelensky ចេញវីដេអូសុំទោស Trump ជាសាធារណៈ ទើបសុខចិត្ត
ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សារព័ត៌មាន Fox News ចុះផ្សាយកាលពីថ្ងៃចន្ទទី៣ខែមីនាឆ្នាំ២០២៥ថា ពេលនេះ សហរដ្ឋអាមេរិក... The post អាមេរិក ចង់ឲ្យ Zelensky ចេញវីដេអូសុំទោស Trump ជាសាធារណៈ ទើបសុខចិត្ត appeared first on Kampuchea Thmey Daily.

ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សារព័ត៌មាន Fox News ចុះផ្សាយកាលពីថ្ងៃចន្ទទី៣ខែមីនាឆ្នាំ២០២៥ថា ពេលនេះ សហរដ្ឋអាមេរិក ទាមទារឲ្យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ត្រូវចេញវីដេអូសុំទោសប្រមុខសេតវិមាន Doanld Trump ជាសាធារណៈទើបប្រធានាធិបតីរូបនេះសុខចិត្ត មុននឹងជួបប្រជុំគ្នាម្តងទៀត និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Fox លោក Peter Doocy រាយការណ៍ថា «ពិតណាស់ មានហេតុការណ៍កើតឡើងក្នុងសេតវិមាន ជុំវិញការកាត់ផ្តាច់ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តក្នុងទីក្រុងកៀ ហើយមន្ត្រីជាន់ខ្ពស់ម្នាក់នៅទីនោះបានប្រាប់ខ្ញុំថា កិច្ចព្រមព្រៀងធនធានរ៉ែនឹងមិនលេចចេញជារូបរាងឡើយ បើលោក Zelensky មិនព្រមអង្គុយមុខកាមេរ៉ា ហើយសុំទោសជាសាធារណៈចំពោះទង្វើរបស់គាត់នៅក្នុងការិយាល័យពងក្រពើនោះទេ»។
យ៉ាងណា ជុំវិញរឿងនេះដែរ មេដឹកនាំអ៊ុយក្រែន ធ្លាប់ព្រលយពាក្យហើយថា លោកមិនជំពាក់ការសុំទោសលោក Trump ឬអនុប្រធានាធិបតីអាមេរិក JD Vance ឡើយ។

ទោះបែបនេះ លោក Zelensky បានឲ្យដឹងថា ប្រទេសរបស់លោកនៅតែត្រៀមខ្លួនជានិច្ចដើម្បីស៊ីញេកិច្ចព្រមព្រៀងរ៉ែជាមួយអាមេរិក ទោះថ្ងៃមុនមានការទាស់សម្តីគ្នាជាមួយលោក Trump ក៏ដោយ។
កាលពីថ្ងៃអាទិត្យទី២ខែមីនាឆ្នាំ២០២៥ លោក Zelensky ប្រាប់ BBC ថា «កិច្ចព្រមព្រៀងដែលមាននៅលើតុ នឹងនៅតែចុះហត្ថលេខា ប្រសិនបើភាគីទាំងពីរត្រៀមខ្លួនរួចរាល់។ វាគឺជាគោលនយោបាយរបស់យើងក្នុងការបន្តនូវអ្វីដែលបានកើតឡើងកាលពីអតីតកាល។ ប្រសិនបើយើងយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ យើងត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើវា»។

តាមពិតកាលពីថ្ងៃសុក្រ លោក Zelensky បានទៅទីក្រុងវ៉ាស៊ីនតោនរួចទៅហើយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងគោលបំណងឲ្យអាមេរិកជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែរឿងរ៉ាវមិនដូចការរំពឹងទុកឡើយ ដោយវាបានប្រែក្លាយទៅជាជម្លោះយ៉ាងក្តៅគគុក កក្រើកពិភពលោកទៅវិញ។
ជម្លោះបានចាប់ផ្តើមនៅពេលលោក Trump ចោទលោក Zelensky ថាមិនចេះដឹងគុណដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកខណៈអនុប្រធានាធិបតី JD Vance ក៏បានបន្ទរតាមក្រោយ ដោយរិះគន់លោក Zelensky សម្រាប់ការពិភាក្សាជាសាធារណៈលើបញ្ហាគោលនយោបាយ។ លោក Trump និយាយថា «អ៊ុយក្រែន កំពុងលលេងជាមួយសង្គ្រាមលោកលើកទី៣ ដោយសារតែមិនព្រមស្វែងរកសន្តិភាពជាមួយរុស្ស៊ី។ អ្វីដែលអ្នកធ្វើគឺមិនគោរពដល់ប្រទេសនេះនោះទេ ប្រទេសមួយដែលជួយអ្នកច្រើនជាងប្រជាជនអ្នកនិយាយទៅទៀត។ អ្នកគួរតែដឹងគុណជាងនេះ ខ្ញុំសូមប្រាប់អ្នកថា អ្នកគ្មានសន្លឹកបៀសម្រាប់លេងជាមួយយើងទេ អ្នកមានសន្លឹកបៀ ប៉ុន្តែបើគ្មានយើង អ្នកក៏គ្មានសន្លឹកបៀដែរ»។
ក្រោយការប្រកែកគ្នាយ៉ាងតឹងសរសៃ.កនេះ លោក Zelensky ក៏បានចាកចេញពីសេតវិមាន ហើយសន្និសីទកាសែតត្រូវបានលុបចោល ចំណែកកិច្ចព្រមព្រៀងរ៉ែ ក៏មិនបានចុះហត្ថលេខាដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទោះទើបឈ្លោះជាមួយ Trump តែ Zelensky ថា អ៊ុយក្រែន ត្រៀមខ្លួនស៊ីញេកិច្ចព្រមព្រៀងរ៉ែ ជានិច្ច
The post អាមេរិក ចង់ឲ្យ Zelensky ចេញវីដេអូសុំទោស Trump ជាសាធារណៈ ទើបសុខចិត្ត appeared first on Kampuchea Thmey Daily.