អាជ្ញាធរខេត្តស្ទឹងត្រែង ផ្តើមចលនាសម្អាតបរិស្ថាននៅតាមទីសាធារណៈ
ចលនាសម្អាតបរិស្ថាននេះ ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត អនាម័យនៃការរស់នៅ ខណៈលោកក៏បានក្រើនរំឭកពលរដ្ឋឱ្យផ្លាស់ប្តូរឥរិយាបទ ឈប់យកសំរាមទៅចោលរាយប៉ាយ។ The post អាជ្ញាធរខេត្តស្ទឹងត្រែង ផ្តើមចលនាសម្អាតបរិស្ថាននៅតាមទីសាធារណៈ appeared first on Kampuchea Thmey Daily.

អាជ្ញាធរក្រុងស្ទឹងត្រែង សហការជាមួយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នៅថ្ងៃទី ២២ ខែកុម្ភៈនេះ បានផ្តើមចលនាសម្អាតបរិស្ថាននៅតាមទីសាធារណៈ ដើម្បីសោភ័ណភាព និងសណ្ដាប់ធ្នាប់ និងបានបញ្ជ្រាបសារដាស់តឿនប្រជាពលរដ្ឋឱ្យទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ចលនាសម្អាតបរិស្ថានធ្វើឡើងនៅសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងតាមបណ្តោយផ្លូវជាតិ ដោយមានការចូលរួមពីសិស្សានុសិស្សផងដែរ។

លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង មានប្រសាសន៍ថា ចលនាសម្អាតបរិស្ថាននេះ ដើម្បីលើកកម្ពស់សោភ័ណភាពខេត្ត អនាម័យនៃការរស់នៅ ខណៈលោកក៏បានក្រើនរំឭកពលរដ្ឋឱ្យផ្លាស់ប្តូរឥរិយាបទ ឈប់យកសំរាមទៅចោលរាយប៉ាយ។ លោកថា៖« អាជ្ញាធរសង្កេតឃើញបងប្អូនប្រជាពលរដ្ឋភាគច្រើនយល់ដឹងផ្នែកបរិស្ថាន ចេះវេចខ្ជប់ទុកដាក់សំរាមយកទៅទុកដាក់បានត្រឹមត្រូវតាមទីកន្លែងដែលអាជ្ញាធរបានកំណត់។ ប៉ុន្តែនៅមានបងប្អូនតិចតួចប៉ុណ្ណោះមិនទាន់ភ្ញាក់រឭក ចេះតែយកសំរាមទៅចោលផ្តេសផ្តាសនៅតាមទីសាធារណៈ និងពេលយប់យកទៅបោះចោលតាមច្រាំងទន្លេក៏មាន» ។
លោកឱ្យដឹងថា កាលពីថ្ងៃទី១៩ កុម្ភៈ អាជ្ញាធរសង្កាត់ស្ទឹងត្រែង បានចែកជូនធុងសំរាម ដល់យមេភូមិ យកទៅដាក់នៅតាមទីប្រជុំជនសាធារណៈ សាលារៀន វត្តអារាម ដើម្បីលុបបំបាត់ការចោលសំរាមរាយប៉ាយ ។

កញ្ញាស៊ីវ ស្រីពៅ រៀនថ្នាក់ទី១១D នៃវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង សង្កេតឃើញថា បច្ចុប្បន្ននេះប្រជាពលភាគច្រើនបានយល់ដឹងពីអនាម័យ និងបរិស្ថាន ប៉ុន្តែនៅមានមួយចំនួនតូចប៉ុណ្ណោះដែលនៅបន្តបោះចោលសំរាមផ្តេសផ្តាស។ កញ្ញាថា៖«យើងទាំងអស់គ្នាត្រូវស្រឡាញ់បរិស្ថាន ព្រោះនៅពេលមូលដ្ឋានរស់នៅ និងទីក្រុងយើងស្អាត បានទាក់ទាញភ្ញៀវទេសចរមកលេង ការលក់ដូរចំណីអាហារបានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពរស់នៅផងដែរ» ។
ចំណែកលោក ដែង ភិរម្យ ចៅសង្គាត់ស្រះឬស្សី បានឱ្យដឹងថា កន្លងទៅអាជ្ញាធរក៏បានណែនាំឱ្យពលរដ្ឋទុកដាក់សំរាមត្រឹមត្រូវតាមទីតាំងកំណត់ ក្នុងនោះពលរដ្ឋខ្លះបានអនុវត្ត ប៉ុន្តែពលរដ្ឋខ្លះមិនចូលរួមឡើយ។
ក្នុងន័យនេះ លោកសង្កត់ធ្ងន់ថា៖«ចំពោះអ្នករឹងរូសមិនព្រមចូលរួមអនុវត្ត មិនសហការបង់ប្រាក់ថ្លៃប្រមូលសំរាមហើយចេះតែយកទៅចោលផ្តេសផ្តាស អាជ្ញាធរ និងឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ ហៅមកធ្វើកិច្ចសន្យា និងផាកពិន័យជាប្រាក់បន្ថែមទៀត»។

សូមបញ្ជាក់ថា នេះជាលើកទី ៣ ហើយនៅដើមឆ្នាំ២០២៥នេះ ដែលអាជ្ញាធរក្រុងសហការជាមួយមន្ទីរបរិស្ថានខេត្ត ដឹកនាំធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថាន។ លើកនេះសមាសភាពដែលបានចូលរួមសម្អាតអនាម័យបរិស្ថាន សរុបប្រមាណជិត៣០០នាក់ រួមគ្នាសម្អាតនៅក្នុងភូមិលើ និងភូមិស្រែពោធិ តាមផ្លូវជាតិលេខ៧ និងផ្លូវលេខ២២ និងប្រមូលសំរាមបានជាង១តោន៕
ដោយ៖ ហុង វិនជូ
The post អាជ្ញាធរខេត្តស្ទឹងត្រែង ផ្តើមចលនាសម្អាតបរិស្ថាននៅតាមទីសាធារណៈ appeared first on Kampuchea Thmey Daily.