អវកាសយានិកអាមេរិក២រូប ដែលជាប់ខ្លួនក្នុងលំហ បោះឆ្នោតយ៉ាងដូចម្ដេច?
ពលរដ្ឋអាមេរិក បានចាប់ផ្ដើមនាំគ្នាទៅបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នាថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤នេះ ហើយសូម្បីតែអវកាសយានិក... The post អវកាសយានិកអាមេរិក២រូប ដែលជាប់ខ្លួនក្នុងលំហ បោះឆ្នោតយ៉ាងដូចម្ដេច? appeared first on Kampuchea Thmey Daily.
ពលរដ្ឋអាមេរិក បានចាប់ផ្ដើមនាំគ្នាទៅបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នាថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤នេះ ហើយសូម្បីតែអវកាសយានិក២រូបដែលកំពុងជាប់គាំងខ្លួននៅលើស្ថានីយអវកាសអន្តរជាតិ (ISS) ក៏អាចចូលរួមនៅក្នុងការបោះឆ្នោតនេះផងដែរ។
លោក Barry “Butch” Wilmore និងលោកស្រី Sunita “Suni” Williams ដែលបានជួបប្រទះនឹងបញ្ហាបច្ចេកទេស ហើយកំពុងជាប់ខ្លួននៅលើស្ថានីយ ISS នឹងត្រូវធ្វើការបោះឆ្នោតពីលើអវកាសដូចទៅនឹងពលរដ្ឋអាមេរិកផ្សេងអ៊ីចឹងដែរ។
តាមរយៈសន្និសីទកាសែតជាមួយអង្គការណាសា (NASA) លោកស្រី Williams បាននិយាយថា លោកស្រីមានសេចក្ដីរំភើបដែលអាចបោះឆ្នោតពីលើគន្លងផែនដី។
ដំណើរការបោះឆ្នោតរបស់អវកាសយានិក នឹងធ្វើឡើងដោយសម្ងាត់ និងតាមរយៈប្រព័ន្ធផ្កាយរណប។ មុនដំបូង អវកាសយានិកត្រូវដាក់ពាក្យស្នើសុំ «សន្លឹកឆ្នោតអវត្តមាន» ដែលពួកគេអាចធ្វើការបំពេញតាមរយៈសារអេឡិចត្រូនិចខណៈកំពុងស្ថិតនៅលើស្ថានីយអវកាសអន្តរជាតិ។ NASA នឹងរៀបចំទុកដាក់ទិន្នន័យនេះលើកុំព្យូទ័រ ហើយបញ្ជូនវាតាមភ្នាក់ងារប្រព័ន្ធរ៉ាដា Near Space Network របស់ខ្លួន។ បន្ទាប់មក ទិន្នន័យនេះ នឹងផ្ញើបន្តតាមប្រព័ន្ធផ្កាយរណប Tracking and Data Relay Satellite System (TDRSS) ទៅកាន់មជ្ឈមណ្ឌល White Sands Test Facility របស់ NASA នៅរដ្ឋ New Mexico មុនផ្ញើបន្តទៅកាន់មជ្ឈមណ្ឌល Mission Control នៅទីក្រុង Houston រដ្ឋតិចសាស់។ ចុងក្រោយ ទិន្នន័យនៃសន្លឹកឆ្នោតរបស់អវកាសយានិក នឹងត្រូវបញ្ជូនទៅកាន់មណ្ឌលបោះឆ្នោតរបស់ពួកគេរៀងៗខ្លួន។
គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលអវកាសយានិកអាមេរិកធ្វើការបោះឆ្នោតពីលំហ។ ការបោះឆ្នោតពីលំហបែបនេះ កើតមានតាំងពីឆ្នាំ១៩៩៧មកម៉្លេះ ហើយអវកាសយានិកដំបូងគេដែលបានបោះឆ្នោតពីលំហ គឺ លោក David Wolf។ ការបោះឆ្នោតពីលំហចុងក្រោយគេ គឺនៅអំឡុងឆ្នាំ២០២០ នៅពេលដែលលោកស្រី Kate Rubins កំពុងបំពេញបេសកកម្មនៅលើ ISS៕
ដោយ៖ ឈាង
ចុចអាន៖ ថាទៅតែ៨ថ្ងៃទេ តែអវកាសយានិក២រូបជាប់ក្នុងលំហដល់ឆ្នាំ២០២៥ទើបត្រឡប់វិញបាន
The post អវកាសយានិកអាមេរិក២រូប ដែលជាប់ខ្លួនក្នុងលំហ បោះឆ្នោតយ៉ាងដូចម្ដេច? appeared first on Kampuchea Thmey Daily.