ស្ថិរភាពតម្លៃប្រាក់រៀល រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ
កម្រិតទាបនៃអតិផរណាបានបង្ហាញថា ធនាគារជាតិនៃកម្ពុជា សម្រេចបាននូវបេសកកម្មចម្បង... The post ស្ថិរភាពតម្លៃប្រាក់រៀល រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ appeared first on Kampuchea Thmey Daily.

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថា ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀលបានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារ ខណៈនៅឆ្នាំ២០២៤ អតិផរណានៅកម្ពុជាជាមធ្យមមានកម្រិតត្រឹម ០,៨%ប៉ុណ្ណោះ។

ថ្លែងបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា
នៅថ្ងៃទី០៨ ខែកុម្ភៈនេះ លោកស្រីបណ្ឌិត ជា សិរី បានបន្តថា អតិផរណានៅកម្ពុជាធ្លាក់ចុះនេះដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ ស្របពេលដែលទំនិញនិងសេវាផ្សេងៗទៀតឡើងថ្លៃយឺត។
លោកស្រីបានបន្តទៀតថា កម្រិតទាបនៃអតិផរណាបានបង្ហាញថា ធនាគារជាតិនៃកម្ពុជា សម្រេចបាននូវបេសកកម្មចម្បងរបស់ខ្លួនក្នុងការអនុវត្តនយោបាយរូបិយវត្ថុ ស្របតាមក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ អត្រាអតិផរណាទាបនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរក្សាកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោកស្រីបណ្ឌិតបានបន្ថែមថា លើសពីនេះ ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀលក៏បានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។
អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤.០៧១ រៀលក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃប្រមាណ ០,៩% ធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យអត្រាប្តូរប្រាក់វិលទៅរកកម្រិតមុនវិបត្តិកូវីដ-១៩ វិញ។
បន្ថែមពីនេះ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយប្រសិទ្ធភាព បានរួមចំណែកបង្កើនទុនបម្រុងអន្តរជាតិ ដល់ ២២,៥ ប៊ីលានដុល្លារអាមេរិក ពោលគឺកើនឡើង ១២,៦% ធៀបនឹងឆ្នាំ២០២៣។ កម្រិតទុនបម្រុងអន្តរជាតិរបស់កម្ពុជា ត្រូវបានបន្តចាត់ទុកថា មានកម្រិតខ្ពស់សមស្រប ដែលស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់។

លោកស្រីបណ្ឌិតបានបន្ថែមថា យ៉ាងណាក៏ដោយឆ្នាំ២០២៤ ប្រព័ន្ធធនាគារ ឥណទាននៅតែបន្តកើនឡើង តែក្នុងល្បឿនយឺតជាងមុន។
ការថមថយនេះ គឺដោយសារកត្តាតម្រូវការ និងផ្គត់ផ្គង់ ចំពោះកត្តាតម្រូវការគឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំនិងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី ហើយចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។
ប៉ុន្តែប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដោយមានអត្រាកំណើន ១៦,៣% ជាមួយនឹងស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ៕
អត្ថបទ៖សំអឿន
The post ស្ថិរភាពតម្លៃប្រាក់រៀល រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ appeared first on Kampuchea Thmey Daily.