ស្ថានទូតកម្ពុជា អំពាវនាវពលរដ្ឋខ្មែរបញ្ឈប់សកម្មភាពចោរកម្មនៅទឹកដីជប៉ុន
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះពលរដ្ឋខ្មែរមួយចំនួនដែលបានប្រព្រឹត្តអំពើចោរកម្ម និងសេពគ្រឿងញៀន The post ស្ថានទូតកម្ពុជា អំពាវនាវពលរដ្ឋខ្មែរបញ្ឈប់សកម្មភាពចោរកម្មនៅទឹកដីជប៉ុន appeared first on Kampuchea Thmey Daily.
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះពលរដ្ឋខ្មែរមួយចំនួនដែលបានប្រព្រឹត្តអំពើចោរកម្ម និងសេពគ្រឿងញៀននៅក្នុងប្រទេសជប៉ុន ដោយចាត់ទុកសកម្មភាពបែបនេះអាចប៉ះពាល់ដល់មុខមាត់កម្ពុជា វិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគិន។ ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីទូរទស្សន៍ក្នុងស្រុកមួយចំនួន រួមទាំងបណ្តាញសារព័ត៌មាននៅប្រទេសជប៉ុន បានចុះផ្សាយជាបន្តបន្ទាប់ពីករណីចាប់ខ្លួនជនជាតិខ្មែរដែលបានប្រព្រឹត្តអំពើចោរកម្ម។
នៅក្នុងសេចក្តីអំពាវនាវ និងក្រើនរំឭករបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ បានឱ្យដឹងថា ជាញឹកញាប់ ស្ថានទូតតែងបានទទួលព័ត៌មានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន លើករណីនានា ដូចជាការចាប់ខ្លួន និងឃុំខ្លួនជនជាតិខ្មែរ ដែលប្រព្រឹត្តអំពើចោរកម្ម ការលួចលាក់ស្នាក់នៅ ខណៈដែលសុពលភាពនៃទិដ្ឋាការស្នាក់នៅរបស់ខ្លួនផុតកំណត់ ការសេពគ្រឿងញៀន និងករណីប្រព្រឹត្តអំពើខុសច្បាប់សផ្សេងៗទៀត ។ ស្ថានទូតសង្កត់ធ្ងន់ថា៖«សកម្មភាពខុសច្បាប់ទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់សាមីជនប្រព្រឹត្តខុសច្បាប់ ក៏ដូចជាក្រុមគ្រួសាររបស់ខ្លួន ព្រមទាំងប៉ះពាល់ដល់មុខមាត់របស់ប្រជាពលរដ្ឋខ្មែរ និងជាពិសេសប៉ះពាល់ខ្លាំងក្លាដល់កិត្តិយសរបស់កម្ពុជានៅក្នុងប្រទេសជប៉ុន» ។
លើសពីនេះ ស្ថានទូតក៏បានកត់សម្គាល់ឃើញផងដែរថា មានកម្មសិក្សាការីមួយចំនួនតូចដែលទើបតែចូលមកធ្វើការនៅប្រទេសជប៉ុនបានតែ៤-៥ ខែ ឬ ១ឆ្នាំ បានចាញ់បោកមេខ្យល់ ដោយលួចរត់គេចចេញពីកន្លែងធ្វើការ ដែលនាំឱ្យខាតបង់នូវផលប្រយោជន៍ផ្ទាល់ខ្លួន និងបាត់បង់ការធានារ៉ាប់រងសុខភាពហើយក្លាយទៅជាពលករខុសច្បាប់ ធ្វើការដោយលួចលាក់ ដោយសារគ្មានបណ្ណការងារស្របច្បាប់ជាដើម។
ជុំវិញបញ្ហាទាំងនេះ ស្ថានទូតអំពាវនាវដោយទទូចដល់បងប្អូនខ្មែរ កម្មសិក្សាការី ពលករជំនាញ និងនិស្សិតទាំងអស់នៅប្រទេសជប៉ុន ពិចារណាឱ្យបានហ្មត់ចត់បំផុតមុននឹងជឿតាមការអូសទាញរបស់មេក្រុមខិលខូចញុះញង់ឱ្យបងប្អូនធ្វើសកម្មភាពខុសច្បាប់ណាមួយ ឬការប្រព្រឹត្តនូវអំពើខុសច្បាប់នានា ឈានដល់ការចាប់ខ្លួន ឃុំខ្លួន បាត់បង់ឱកាសការងារ ក៏ដូចជាការទទួលរងនូវការដាក់បម្រាមនានាពីអាជ្ញាធរជប៉ុនថែមទៀត។
ដើម្បីចូលរួមចំណែកក្នុងការលើកមុខមាត់ប្រទេសកម្ពុជា តាមរយៈការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ និងការគោរពតាមច្បាប់របស់ប្រទេសជប៉ុន ស្ថានទូតលើកទឹកចិត្តដល់បងប្អូនខ្មែរដែលផុតសុពលភាព ទិដ្ឋាការស្នាក់នៅប្រទេសជប៉ុន (overstay) ពិចារណាក្នុងការវិលត្រឡប់ទៅកម្ពុជាវិញ ប្រសើរជាងរស់នៅដោយខុសច្បាប់ចៀសវាងការឃាត់ខ្លួន និងចាប់បញ្ជូនពីសំណាក់អាជ្ញាធរអន្តោប្រវេសន៍ជប៉ុន។
ក្នុងការបំពេញតួនាទី និងភារកិច្ចពេញលេញរបស់ខ្លួន ស្ថានទូតតែងតែផ្តល់សេវាគាំពារ និងទ្រទ្រង់ដល់ផលប្រយោជន៍របស់បងប្អូនខ្មែរទាំងអស់ រួមទាំងកម្មសិក្សាការី ពលករជំនាញ និងនិស្សិត ដែលកំពុង រស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន ដោយមិនរើសអើង ឬបែងចែកជាក្រុមបក្សពួកឡើយ ប៉ុន្តែស្ថានទូត មិនគាំទ្រជាដាច់ខាតចំពោះរាល់សកម្មភាពទាំងឡាយណាដែលផ្ទុយនឹងច្បាប់។
ស្ថានទូតអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ដើរតួជាទូតសុឆន្ទៈ បង្ហាញនូវវប្បធម៌ ប្រពៃណី ទេសចរណ៍ ការអភិវឌ្ឍ និងស្ថានភាពពិតរបស់ប្រទេសកម្ពុជា ឱ្យពិភពលោកបានស្គាល់ដែលជាកត្តាជំរុញ និងលើកទឹកចិត្តនិយោជកជប៉ុនធ្វើការជ្រើសរើសកម្លាំងពលកម្មខ្មែរឱ្យមកធ្វើការក្នុងប្រទេសជប៉ុនឱ្យបានកាន់តែច្រើន៕
The post ស្ថានទូតកម្ពុជា អំពាវនាវពលរដ្ឋខ្មែរបញ្ឈប់សកម្មភាពចោរកម្មនៅទឹកដីជប៉ុន appeared first on Kampuchea Thmey Daily.