សម្ដេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះលើហ្វេសបុកផ្ទាល់ខ្លួនជាមួយនឹងសំណេរសារ «ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខនោះទេ ប៉ុន្ដែខ្ញុំមានមោទនភាព ដែលបានប្រឡូកផ្ទាល់ក្នុងកិច្ចការងារច្រើន ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីខ្មែរយើង»។ The post សម្ដេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះលើហ្វេសបុកផ្ទាល់ខ្លួនជាមួយនឹងសំណេរសារ «ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខនោះទេ ប៉ុន្ដែខ្ញុំមានមោទនភាព ដែលបានប្រឡូកផ្ទាល់ក្នុងកិច្ចការងារច្រើន ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីខ្មែរយើង»។

ក្នុងវីដេអូបង្ហោះនោះបានបង្ហាញសកម្មភាពរបស់សម្ដេចធិបតីក្នុងពេលសម្ដេចកាន់ការងារជាមេទ័ពជើងគោកចុះពិនិត្យភូមិសាស្ត្រនៅតំបន់អូអាឡៃ-អូតាង៉ាវ កាលពីឆ្នាំ២០១៧ អមជាមួយបទច្រៀងស្ទឹងត្រែងបងអើយ ច្រៀងដោយលោក ខេមរៈ សេរីមន្ត។

រម្លឹកទៅកាន់ឆ្នាំ២០១៧ តាំងពីដើមឆ្នាំស្ថានភាពព្រំដែនកម្ពុជា-ឡាវ មានសភាពប្រឈមមុខគ្នាខ្លាំងបន្ទាប់ពីកងទ័ពឡាវបានបញ្ជូនចូលដីខ្មែរ រារាំងកម្លាំងវិស្វកម្មរបស់កម្ពុជាមិនឱ្យស្ថាបនាផ្លូវព្រំដែននៅតំបន់អូរតាង៉ាវ និងអូអាឡៃ ហើយស្ថានភាពកាន់តែក្ដៅដល់ខែមេសា ឆ្នាំដដែល។ ទោះជាយ៉ាងណាតាមការសម្របសម្រួលរវាងនាយករដ្ឋមន្ត្រីកាលនោះ សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវលោក ថងលូន ស៊ីសូលីត ស្ថានភាពបានធូរស្រាលវីញដោយភាគីឡាវប្រកាសយល់ព្រមដកទ័ពចេញពីដីកម្ពុជាវិញត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧។

ជានិច្ចកាលសម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែលើកឡើងតបទៅក្រុមប្រឆាំងថាស្មារតីជាតិនិយម ស្នេហាជាតិអ្នកណាក៏មានដែរមិនមែនជាកម្មសិទ្ធិរបស់ពួកគេនោះទេ សម្ដេចបន្ថែមថាការដោះស្រាយរឿងអ្វីមួយជាពិសេសព្រំដែនមិនមែនជាការងារស្រួលដួចក្រុមប្រឆាំងលើកឡើង ព្រោះជារឿងដែលស្មុគស្មាញត្រូវការប្រើប្រាស់យន្តការច្បាប់អន្តរជាតិមកដោះស្រាយ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post សម្ដេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ appeared first on Kampuchea Thmey Daily.