សម្ដេចតេជោ៖ មានតែ «ចោរ» ទេដែលខ្លាចតុលាការ
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការយកបញ្ហាព្រំដែនប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងមុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រោះកម្ពុជា-ថៃមិនអាចចុះសម្រុងគ្នាទេលើចំណុចទាំង៤នេះទេទោះប្រើពេល១០០ឆ្នាំទៀតក្ដី ដែលត្រូវការជម្រើសផ្សេងមកជំនួស។ The post សម្ដេចតេជោ៖ មានតែ «ចោរ» ទេដែលខ្លាចតុលាការ appeared first on Kampuchea Thmey Daily.

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការយកបញ្ហាព្រំដែនប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងមុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រោះកម្ពុជា-ថៃមិនអាចចុះសម្រុងគ្នាទេលើចំណុចទាំង៤នេះទេទោះប្រើពេល១០០ឆ្នាំទៀតក្ដី ដែលត្រូវការជម្រើសផ្សេងមកជំនួស។ សម្ដេចថាកម្ពុជារក្សាការថែរក្សាសន្ដិភាព និងជម្រើសនៃការអនុវត្តច្បាប់អន្តរជាតិ ជាជាងការធ្វើសង្គ្រាម។

ថ្លែងសារពិសេសមុនកិច្ចប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបញ្ជូនសំណុំរឿងទៅតុលាការអន្តរជាតិជាការបង្កសង្គ្រាមជាមួយថៃនោះទេ។ សម្ដេចបន្ថែមថាកម្ពុជាមិនចង់ធ្វើសង្គ្រាមទេ តែមានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយការគំរាមកំហែងជាយថាហេតុទាំងអស់។
សម្ដេចតេជោសង្ឃឹមថាប្រទេសក្នុងពិភពលោកដែលកំពុងអនុវត្តន៍នយោបាយគោរពច្បាប់អន្តរជាតិគាំទ្រដល់កម្ពុជាដែលកំពុងស្វែងរកដំណោះស្រាយដោយសន្ដិភាពនេះ។
សម្ដេចថា៖ «អ្នកណាក៏ដោយដែលគេចវេសពីតុលាការមានន័យថាខ្លួនមានពិរុទ្ធភាព។ និយាយតាមមួយបែបទៀតគឺមានតែ ចោរ ទេ! ដែលវាខ្លាចតុលាការ។ បើយើងមានភាពបរិសុទ្ធមិនត្រូវខ្លាចតុលាការទេ»។
សម្ដេចតេជោជំរុញដល់ការប្រើប្រាស់ផ្លូវច្បាប់ដើម្បីបង្ហាញពីភាពសុចរិតរបស់ខ្លួនលើឆាកអន្តរជាតិ។

កម្ពុជាបានដាក់បញ្ជូនលិខិតបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ នាទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីជាការជូនដំណឹងដល់តុលាការ ខណៈឯកសារគាំទ្រផ្សេងទៀតនឹងត្រូវបញ្ជូនតាមក្រោយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ JBC ក្រសួងការបរទេសថៃបានបង្ហាញការខកចិត្តដែលកម្ពុជាសម្រេចប្ដឹងទៅ ICJ ដោយមិនសហការជាមួយខ្លួនក្នុងការដោះស្រាយតាមយន្តការទ្វេរភាគីរវាងប្រទេសទាំងពីរ។
ក្នុងសេចក្ដីប្រកាសនោះសរសេរថា៖ «ប្រទេសថៃមានការខកចិត្តដែលកម្ពុជាបានបិទទ្វារមិនចរចារដោយសន្ដិភាពលើចំណុចទាំង៤នេះ»។

អ្នកតាមដានភូមិសាស្ត្រនយោបាយ លោកបណ្ឌិត ជ័យ តិច យល់ថាការដែលថៃមិនចង់យកករណីព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិព្រោះថៃដឹងថាខ្លួននឹងមិនអាចឈ្នះក្ដីនេះទេ។ លោកបន្ថែមថាការមិនសង្ឃឹមនោះ ព្រោះឯកសារភស្ភុតាង និងកិច្ចព្រមព្រៀងព្រំដែនដែលថៃខ្លួនឯងចុះហត្ថលេខាទទួលស្គាល់ ត្រូវបានដាក់តម្កល់នៅអង្គការសហប្រជាជាតិហើយឯកសារទាំងនេះហើយដែលតុលាការនឹងយកមកពិនិត្យ មិនមែនជាឯកសារដែលថៃទទួលស្គាល់តែខ្លួនឯងនោះទេ។
លោកថា៖ «បើថៃមិនយល់ព្រមក្នុងដំណើរការក្ដីនេះក៏ដោយតែ ICJ មានសិទ្ធិក្នុងការត្រួតពិនិត្យឯកសារដែលកម្ពុជាបានដាក់ ហើយបើមានភស្ភុតាងអំណះអំណាងគ្រប់គ្រាន់គ្រប់ជ្រុងជ្រោយនោះគឹ ICJ និងពិចារណា។ ហើយលទ្ធផលក្នុងការប្រកាសរបស់ ICJ បើថៃបដិសេធមិនទទួលស្គាល់វានឹងបង្ហាញភាពអាប់អោនរបស់ថៃលើឆាកអន្តរជាតិ និងបង្ហាញពីចរិតឈ្លានពានមកលើកម្ពុជា»។
បញ្ហាព្រំដែនចំណុចប្រាសាទតាមាន់តូច តាមាន់ តាក្របី និងតំបន់មុំ៣ បានក្លាយជាបញ្ហារកាំរកូសរវាងកងទ័ពថៃ និងកម្ពុជាមកជាយូរមកហើយ រហូតមានការឈ្លានពានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ដែលធ្វើឱ្យស្ថានការណ៍ព្រំដែនកាន់តែកើនកម្ដៅបន្ថែមទៀត។
ស្ថានភាពកាន់តែក្ដៅឡើងបន្ថែមទៀតក្រោយថៃបិទព្រំដែនដោយឯកតោភាគី និងគំរាមកាត់ផ្ដាច់ភ្លើង និងអ៊ីនធើណិត ហើយកម្ពុជាបានសម្រេចបញ្ឈប់ការប្រើប្រាស់អ៊ីនធើណិតពីថៃ និងបានបិទច្រកដូងជាការឆ្លើយតបផងដែរ ខណៈប្រមុខរដ្ឋាភិបាលនិងប្រធានព្រឹទ្ធសភា បានបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃត្រលប់មកកាន់កម្ពុជាវិញ ស្របពេលដែលបណ្ដឹងដាក់ទៅ ICJ នៅថ្ងៃទី១៥ ខែមិថុនា ម្សិលមិញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post សម្ដេចតេជោ៖ មានតែ «ចោរ» ទេដែលខ្លាចតុលាការ appeared first on Kampuchea Thmey Daily.