វៀតណាមគ្រោងជំរុញការប្រើប្រាស់ក្នុងស្រុក និងពិពិធកម្មទីផ្សារនាំចេញ
លោកបានបន្តថា ភាពរឹងមាំនៃទីផ្សារក្នុងស្រុកដែលមានមនុស្សរស់នៅជាង ១០០ លាននាក់ គឺមានសារៈសំខាន់សម្រាប់អាជីវកម្ម។ The post វៀតណាមគ្រោងជំរុញការប្រើប្រាស់ក្នុងស្រុក និងពិពិធកម្មទីផ្សារនាំចេញ appeared first on Kampuchea Thmey Daily.

វៀតណាមកំពុងផ្តោតលើការជំរុញការប្រើប្រាស់ក្នុងស្រុក និងការធ្វើពិពិធកម្មទីផ្សារនាំចេញ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ក្នុងបរិបទនៃហានិភ័យពន្ធខ្ពស់ពីបណ្ដាទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ប្រធានសមាគមអ្នកលក់រាយវៀតណាម (AVR) លោក Nguyễn Anh Đức បានលើកឡើងពីការិយាល័យស្ថិតិជាតិ ដោយរាយការណ៍ថា ចំណូលពីការលក់រាយក្នុងស្រុក និងសេវាកម្មអតិថិជន បានឈានដល់ជាង ៦៥ ប៊ីលានដុល្លារ ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៥ ដោយកើនឡើង ៩,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយផ្នែកម្ហូបអាហាររួមចំណែកខ្លាំងបំផុត។
លោកបានបន្តថា ភាពរឹងមាំនៃទីផ្សារក្នុងស្រុកដែលមានមនុស្សរស់នៅជាង ១០០ លាននាក់ គឺមានសារៈសំខាន់សម្រាប់អាជីវកម្ម។ តួលេខនេះ បង្ហាញពីសក្តានុពលដ៏សំខាន់នៃទីផ្សារក្នុងស្រុក ដោយអាចជួយប៉ះប៉ូវនូវការធ្លាក់ចុះនៃការបញ្ជាទិញពីខាងក្រៅ។
ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ដោយអាចកាត់បន្ថយហានិភ័យ នៅពេលមានកំណើននៃការអនុវត្តគោលនយោបាយបែបការពារនិយមជុំវិញពិភពលោក។

អ្នកតំណាងពាណិជ្ជកម្មមកពីការិយាល័យជំរុញការនាំចេញឈីលី (ProChile) លោក Pablo Arancibia Salazar បានកត់សម្គាល់ថា អាមេរិកខាងត្បូងមានផលិតផលក្នុងស្រុកសរុបចំនួន ៤ ទ្រីលានដុល្លារ និងប្រជាជនចំនួន ៤៣១ លាននាក់ ដែលបង្ហាញពីទីផ្សារដ៏គួរឱ្យទាក់ទាញសម្រាប់ផលិតផលវៀតណាមដូចជា ផលិតផលវារីវប្បកម្ម ផលិតផលឈើ កាហ្វេ អង្ករ និងស៊ីម៉ងត៍ ជាដើម ខណៈផលិតផលទាំងអស់នេះសុទ្ធតែមានការគាំទ្រពីអ្នកប្រើប្រាស់ពីក្នុងតំបន់។
ទន្ទឹមនឹងនេះ ទីផ្សារនៃប្រទេសកាន់សាសនាអ៊ិស្លាម ក៏ត្រូវបានកំណត់ថាជាគោលដៅនាំចេញដ៏សំខាន់សម្រាប់វៀតណាម ទោះបីជាមានស្តង់ដារតឹងរ៉ឹង ជាពិសេសសម្រាប់លិខិតបញ្ជាក់ហាឡាលក៏ដោយ។
ផលិតផលកសិកម្ម ដែលមានលិខិតបញ្ជាក់ហាឡាលរបស់វៀតណាម ទទួលបានអត្ថប្រយោជន៍ពិសេសដើម្បីពង្រីកចំណែកទីផ្សារពិភពលោកលើវិស័យនេះ។ អនុប្រធានសមាគមគ្រាប់ស្វាយចន្ទីវៀតណាម លោក Trần Văn Hiệp បានមានប្រសាសន៍ថា ទីផ្សារហាឡាលមានទំហំធំខ្លាំង ដែលត្រូវបានព្យាករថានឹងកើនឡើងដល់ ១០ ទ្រីលានដុល្លារនៅឆ្នាំ ២០៣០ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ប្រហែល ៥,៥ ភាគរយ៕
The post វៀតណាមគ្រោងជំរុញការប្រើប្រាស់ក្នុងស្រុក និងពិពិធកម្មទីផ្សារនាំចេញ appeared first on Kampuchea Thmey Daily.