លោក ត្រាំ ប្រាប់ថាបានជជែកជាមួយលោក ស៊ី ក្រោយពេលចូលកាន់តំណែង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានជជែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចាប់តាំងពីចូលកាន់តំណែងកាលពីថ្ងៃទី២០ខែមករា ប៉ុន្តែមិនបាន... The post លោក ត្រាំ ប្រាប់ថាបានជជែកជាមួយលោក ស៊ី ក្រោយពេលចូលកាន់តំណែង appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានជជែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចាប់តាំងពីចូលកាន់តំណែងកាលពីថ្ងៃទី២០ខែមករា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រធានបទនៃការសន្ទនារបស់ពួកគេនោះទេ។

នៅពេលត្រូវគេសួរថាតើគាត់បាននិយាយជាមួយមេដឹកនាំចិនចាប់តាំងពីការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកដែរឬអត់ លោក ត្រាំ បានឆ្លើយប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទទី១០កុម្ភៈថា៖ «ខ្ញុំបាននិយាយជាមួយគាត់ ហើយខ្ញុំក៏បាននិយាយជាមួយមនុស្សរបស់គាត់ផងដែរ។ ពួកយើងមានទំនាក់ទំនងផ្ទាល់ខ្លួនល្អណាស់»។
ប្រធានាធិបតីអាមេរិករូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលាពិតប្រាកដនៃជំនួបតាមរយៈការហៅទូរសព្ទនេះ ឬអ្វីដែលត្រូវបានពិភាក្សានោះទេ។
លោក ត្រាំ បានលើកឡើងកាលពីសប្តាហ៍មុនថា លោកមិនប្រញាប់និយាយជាមួយលោក ស៊ី ដើម្បីព្យាយាមបញ្ចៀសសង្គ្រាមពាណិជ្ជកម្មថ្មីរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះទេ។ ការសន្ទនារវាងលោក ស៊ី និងលោក ត្រាំ ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ចំពោះការបន្ធូរបន្ថយ ឬពន្យារពេលពន្ធគយ។
កន្លងមក មេដឹកនាំទាំងពីរ ធ្លាប់បានជជែកគ្នាម្ដងរួចមកហើយមុនលោក ត្រាំ ចូលកាន់តំណែង ហើយបានពិភាក្សាគ្នាអំពីបញ្ហាមួយចំនួន ដូចជា TikTok ពាណិជ្ជកម្ម និងតៃវ៉ាន់។
ចិន បានដាក់ពន្ធលើការនាំចូលរបស់អាមេរិកកាលពីសប្តាហ៍មុន ហើយបានជូនដំណឹងអំពីការដាក់ទណ្ឌកម្មដែលអាចកើតមានទៅឲ្យក្រុមហ៊ុនអាមេរិកជាច្រើន ដើម្បីជាការឆ្លើយតបចំពោះការដាក់ពន្ធគយ ១០% របស់លោក ត្រាំ មកលើប្រទេសចិន។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មានទំនាក់ទំនងតានតឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយជុំវិញបញ្ហាជាច្រើន រាប់ចាប់ពីពន្ធពាណិជ្ជកម្ម និងសន្តិសុខតាមអ៊ីនធឺណិត រហូតដល់តៃវ៉ាន់ ហុងកុង សិទ្ធិមនុស្ស និងប្រភពដើមនៃជំងឺកូវីដ១៩៕
ដោយ៖ ឈាង
The post លោក ត្រាំ ប្រាប់ថាបានជជែកជាមួយលោក ស៊ី ក្រោយពេលចូលកាន់តំណែង appeared first on Kampuchea Thmey Daily.