លោក Koji បានចាត់ទុកកម្លាំង ជាបញ្ហាធំរបស់កីឡាករកម្ពុជា ថ្ងៃនេះ
គ្រូបង្គោលរបស់ជម្រើសជាតិ កម្ពុជា លោក Koji Gyotoku បានលើកឡើងអំពីរឿង «កម្លាំង» ជាបញ្ហាធំសម្រាប់ក្រុមលោកថ្ងៃនេះ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ តាហ្ស៊ីគីស្ថាន។ The post លោក Koji បានចាត់ទុកកម្លាំង ជាបញ្ហាធំរបស់កីឡាករកម្ពុជា ថ្ងៃនេះ appeared first on Kampuchea Thmey Daily.

គ្រូបង្គោលរបស់ជម្រើសជាតិ កម្ពុជា លោក Koji Gyotoku បានលើកឡើងអំពីរឿង «កម្លាំង» ជាបញ្ហាធំសម្រាប់ក្រុមលោកថ្ងៃនេះ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ តាហ្ស៊ីគីស្ថាន។

នាល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ៥ ខែ មិថុនា នេះ ក្រុមជម្រើសជាតិ កម្ពុជា បានប្រកួតមិត្តភាពចាញ់ក្រុមភ្ញៀវ តាហ្ស៊ីគីស្ថាន ក្នុងលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិ អឡាំពិក។ ក្នុងនោះ ២ គ្រាប់របស់ តាហ្ស៊ីគីស្ថាន គឺរកបាននៅវគ្គទី ២ ទាំង ២ គ្រាប់។ ចំណែក ១ គ្រាប់របស់ កម្ពុជា វិញ គឺរកបានដោយខ្សែបម្រើ មិន រតនៈ នៅនាទីទី ៧១។

ក្រោយការប្រកួតបញ្ចប់ គ្រូបង្គោលលោក Koji បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា៖ «បញ្ហារបស់កីឡាករយើង គឺដោយសារពួកគាត់ខ្វះកម្លាំង។ ទាក់ទងជាមួយការលេងរបស់ពួកគេ ប្រសិនបើពួកគេឆ្លងកាត់ការលេងដោយគុណភាពខ្ពស់មួយឆ្នាំពេញ ពួកគេប្រហែលជាអាចលេងបានល្អជាងហ្នឹង។ តួយ៉ាងដូចកីឡាករគេ ទោះបីជាពួកគេបានបញ្ចប់រដូវកាលក៏ពិតមែន ប៉ុន្តែពួកគេនៅតែអាចលេងបាន ដោយកម្លាំងពួកគេនៅមានពេញ និងអាចលេងបាន។ សម្រាប់ខ្ញុំ គឺចង់បានកីឡាករ ដែលមានកម្លាំងពេញអាចលេងបានបែបហ្នឹង»។

គួរឱ្យដឹងថា សមាសភាពកីឡាកររបស់ កម្ពុជា ទាំង ២៣ នាក់នៅក្នុងការប្រកួតទល់នឹងក្រុម តាហ្ស៊ីគីស្ថាន គឺភាគច្រើនសុទ្ធតែជាកីឡាករអាយុក្រោម ២៣ ឆ្នាំ ពោលគឺមាន ១៦ នាក់ឯណោះ។ យ៉ាងណា លោក Koji បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមុននេះរួចហើយ អំពីកូនក្រុមរបស់លោកថ្ងៃនេះ គឺមានបញ្ហាធំនៅត្រង់កម្លាំង។ ជាក់ស្តែងការរបូតគ្រាប់បាល់ ២ គ្រាប់របស់ កម្ពុជា គឺសុទ្ធតែនៅក្នុងវគ្គទី ២។ តាមប្រសាសន៍របស់លោក Koji ខាងលើ លោកក៏បានសង្កត់ធ្ងន់ផងដែរ ថាកីឡាករ ដែលលោកចង់បាន គឺកីឡាករដែលមានកម្លាំងអាចលេងបានពេញ ៩០ នាទី៕

អត្ថបទ៖ សេម កុសល
The post លោក Koji បានចាត់ទុកកម្លាំង ជាបញ្ហាធំរបស់កីឡាករកម្ពុជា ថ្ងៃនេះ appeared first on Kampuchea Thmey Daily.