រមណីយដ្ឋានមួយកន្លែងនៅស្រុកសំឡូត ខ្សត់ភ្ញៀវ ប៉ុន្មានខែចុងក្រោយមិនមានភ្ញៀវមកកម្សាន្ត
រមណីយដ្ឋានមួយកន្លែងស្ងាត់ជ្រងំពុំមានភ្ញៀវមកកម្សាន្ត....... The post រមណីយដ្ឋានមួយកន្លែងនៅស្រុកសំឡូត ខ្សត់ភ្ញៀវ ប៉ុន្មានខែចុងក្រោយមិនមានភ្ញៀវមកកម្សាន្ត appeared first on Kampuchea Thmey Daily.

នៅប៉ុន្មានខែចុងក្រោយនេះ រមណីយដ្ឋានមួយកន្លែងស្ងាត់ជ្រងំពុំមានភ្ញៀវមកកម្សាន្ត ដែលធ្វើឲ្យប្រឈមខ្វះខាត ស្ទើរតែរកលុយបើកឲ្យកម្មករមិនបាន។
ម្ចាស់រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត លោក ម៉ុន លី បានឲ្យកម្ពុជាថ្មីដឹងថា ទីតាំងរបស់លោកបានរៀបចំអស់ថវិការច្រើនណាស់ សម្រាប់បំរើដល់ភ្ញៀវជាតិ អន្តរជាតិ ដើម្បីស្នាក់កម្សាន្ត តែពុំសូវមានភ្ញៀវមកម្សាន្តនោះទេ ជាពិសេសនៅប៉ុន្មានខែចុងក្រោយនេះតែម្តង ស្ទើរតែរកលុយបើកឲ្យកម្មករមិនចង់បានផង។

លោកថា បច្ចុប្បន្នកុំថាភ្ញៀវអន្តរជាតិសូម្បីតែភ្ញៀវក្នុងស្រុកក៏ស្ទើរគ្មានផង ខណះរមណីយដ្ឋានរបស់លោក បានរៀបចំយ៉ាងល្អប្រសើរ សម្រាប់ភ្ញៀវក្នុង និង ក្រៅស្រុកស្នាក់កំសាន្ត និងមានសក្តានុពលយ៉ាងសំបូរបែបដែលបង្កលក្ខណៈដល់ការទស្សនា និងសម្រាកលម្ហែកាយ។
ខណៈថ្ងៃចូលឆ្នាំជិតមកដល់ដែរនោះ ម្ចាស់រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត លោក ម៉ុន លី បានបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយរបស់លោក ក៏មិនបានរៀបចំតុបតែងលំអដូចឆ្នាំកន្លងទៅ ដើម្បីទទួលស្វាគមន៍វត្តមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នោះទេ ដោយសារតែមានការខ្វះខាតខ្លាំងគ្មានចំណូល។


រមនីយដ្ឋាន ទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត លោក ម៉ុន លី បានរៀបចំអភិវឌ្ឍលើផ្ទៃដី ៨៧ ហិកតា បើគិតមកដល់ពេលនេះ បានបង្កើតឡើងបានជាង ១០ ឆ្នាំហើយ និងបានទាញកម្លាំងកម្មករជាអ្នកភូមិស្រុកដែលខ្វះការងារធ្វើ បានប្រហែល ១០ នាក់។
លោក ម៉ុន លី បានបញ្ជាក់ថា ដំណាំស្វាយលោកដាំស្ទើរតែពាសពេញផ្ទៃដីរមណីយដ្ឋាន ហើយជារៀងរាល់រដូវលោកក៏បានចែកជូនដល់អ្នកភូមិ មិនដែលយកលុយកាក់នោះដែរ ខណះតម្លៃទីផ្សារថោកដែលលោកមិនអាចទទួលយកបាន ទើបចែកជូនដល់អ្នកភូមិស្រុកបរិភោគសម្រាប់ជាបុណ្យកុសល។
លោកក៏បានអំពាវនាវដល់ភ្ញៀវក្នុងស្រុកឲ្យមកកម្សាន្តនៅរមនីយដ្ឋានទឹកធ្លាក់ចំការស្វាយរបស់លោក ដែលជាប្រភេទរមណីយដ្ឋានបែបធម្មជាតិកែច្នៃ ស្ថិតក្នុងភូមិស្រែស្តៅ ឃុំមា នជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ចំងាយប្រមាណជាង ៦០ គីឡូម៉ែត្រពីក្រុងបាត់ដំបង។

រមនីយដ្ឋាន ទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត មានសក្តានុពលផ្នែកទេសចរណ៍តាមបែបធម្មជាតិកែច្នៃ ហើយភ្ញៀវទេសចរអាចទទួលសេវានានាបានយ៉ាងសប្បាយរីករាយ ដែលក្នុងនោះមានដូចជា ទស្សនកិច្ចចំការស្វាយ មានទីតាំងចំណតធំទូលាយ អាហារដ្ឋានបម្រើសេវាម្ហូបប្រចាំតំបន់មានដូចជា មាន់ស្រែដុត ត្រីបឹងធម្មជាតិ អាំង ម្ជួរគ្រឿង បុកល្ហុងជាដើម ជាពិសេសជ្រក់ក្តិបស្វាយដែលជាផលិតផលពិសេសរបស់រមណីយដ្ឋាន ទីតាំងអង្គុយសម្រាកលម្ហែជាប់មាត់ទឹក កន្លែងលេងទឹកសំបូរបែបដែលមានទឹកថ្លាឈ្វង់ អមដោយផ្ទាំងថ្មធំៗក្រាលបាតស្ទឹង មានសួនផ្កានិងកន្លែងថតរូបស្អាតៗ កន្លែងបោះតង់ស្នាក់នៅប្រកបដោយផាសុកភាពនិងសុវត្ថិភាព បន្ទប់ទឹកស្អាត មានអនាម័យ កន្លែងលក់ និងជួលសម្លៀកបំពាក់ និងអាវពោងសុវត្ថិភាព ទូកកាយ៉ាក់កូនទា ជិះលើទឹក សម្រាប់ជួលជូនភ្ញៀវជិះទស្សនាតាមដងស្ទឹង កន្លែងរៀបចំពិធីជប់លៀង កន្លែងប្រជុំ និងបដិសណ្ឋារកិច្ចទទួលភ្ញៀវយ៉ាងល្អប្រសើរ។
រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយ ដែលទទួលបានការបញ្ជាក់ពីវិធានសុវត្ថិភាពពីក្រសួងទេសចរណ៍៕
អត្ថបទ៖ សៅ សារិទ្ធ
The post រមណីយដ្ឋានមួយកន្លែងនៅស្រុកសំឡូត ខ្សត់ភ្ញៀវ ប៉ុន្មានខែចុងក្រោយមិនមានភ្ញៀវមកកម្សាន្ត appeared first on Kampuchea Thmey Daily.