ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

បើតាម​មន្រ្តីរដ្ឋបាល ត្រាំ សហរដ្ឋអាមេរិក​នឹង​ចរចាជាមួយ​ប្រទេស​ទាំងអស់ ដែល​បាន​ទាក់ទង​ទៅខ្លួន ក្នុងអំឡុងរយៈពេល​ ៩០ ថ្ងៃ នៃការផ្អាកពន្ធគយបដិការខ្ពស់។ The post ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ appeared first on Kampuchea Thmey Daily.

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃពុធ (រំលងអធ្រាត្រចូលថ្ងៃព្រហស្បតិ៍នៅកម្ពុជា) បានប្រកាសផ្អាកការអនុវត្តពន្ធគយបដិការដែល​មាន​អត្រាខ្ពស់ជាង ១០ ភាគរយ ទាំងស្រុងសិនក្នុងរយៈពេល​ ៩០ ថ្ងៃ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយ​ពន្ធនេះចូលជាធរមាន។ នេះបើតាម​ការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNN។

យ៉ាងណាមិញ ពន្ធ​លើ​ប្រទេស​ចិន ​នឹង​ត្រូវ​បាន​ដំឡើង​ដល់ ១២៥ ភាគរយ ពោលគឺកើនឡើងពី ១០៤ ភាគរយ។

លោក ត្រាំ បាន​សរសេរ​បង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «ខ្ញុំ​បានអនុញ្ញាតឱ្យផ្អាក(ការអនុវត្តពន្ធ)រយៈពេល ៩០ ថ្ងៃ និងបន្ធូរបន្ថយពន្ធគយបដិការឱ្យ​ទាបខ្លាំង​មក​ត្រឹម ១០ ភាគរយ ក្នុងអំឡុង​ពេលនេះ​ ដោយ​នឹងចូលជាធរមាន​ភ្លាមៗ»។ ការសម្រេចចិត្តរបស់លោក ត្រាំ គឺ «​ផ្អែកលើការពិតដែលថាជាង ៧៥ ប្រទេស បានទាក់ទងទៅតំណាងរបស់សហរដ្ឋអាមេរិក…ដើម្បីចរចារកដំណោះស្រាយចំពោះបញ្ហា​ដែលកំពុងពិភាក្សា ទាក់ទងនឹងពាណិជ្ជកម្ម ឧបសគ្គពាណិជ្ជកម្ម ពន្ធគយ ការក្រឡុក​រូបិយប័ណ្ណ និងពន្ធមិនមែនរូបិយវត្ថុ និងការពិតដែលថាប្រទេសទាំងនោះ មិនបាន​សងសឹក​ប្រឆាំងសហរដ្ឋអាមេរិកក្នុងទម្រង់ណាមួយនោះទេ»។

នេះមាន​ន័យថា សម្រាប់គ្រប់ប្រទេសទាំងអស់(លើកលែងតែចិន​)ដែលជាប់ពន្ធគយបដិការ​លើសពី ១០ ភាគរយ នោះសហរដ្ឋអាមេរិក​នឹងទម្លាក់មកត្រឹម ១០ ភាគរយ រយៈពេល ៩០ ថ្ងៃ។ ១០ ភាគរយ គឺជាអត្រាពន្ធមូលដ្ឋាន ដែលលោក​ ត្រាំ ដាក់លើគ្រប់ប្រទេសទាំងអស់ និងចូលជាធរមាន​កាលពីថ្ងៃសោរ៍ចុងសប្ដាហ៍កន្លងទៅ។ ការពន្យាពេល និងទម្លាក់ពន្ធត្រឹម ១០ ភាគរយ ក៏អនុវត្តចំពោះកាណាដា និងម៉ិកស៊ិកផងដែរ។

លោក ត្រាំ បាននិយាយបន្ថែមថា លោកដំឡើងពន្ធលើការនាំចូលពីប្រទេសចិនដល់ ១២៥ ភាគរយ ដោយ​ចូលជាធរមាន​ភ្លាមៗ ដោយ​សារតែ «កង្វះការគោរព ដែលចិន​បាន​បង្ហាញទៅដល់ទីផ្សារពិភពលោក​»។

បើតាម​មន្រ្តីរដ្ឋបាល ត្រាំ សហរដ្ឋអាមេរិក​នឹង​ចរចាជាមួយ​ប្រទេស​ទាំងអស់ ដែល​បាន​ទាក់ទង​ទៅខ្លួន ក្នុងអំឡុងរយៈពេល​ ៩០ ថ្ងៃ នៃការផ្អាកពន្ធគយបដិការខ្ពស់។

គួរគូសបញ្ជាក់ថា ការវិវត្តយ៉ាងរហ័សចុង​ក្រោយនេះ កើតឡើងក្រោយ​រដ្ឋាភិបាលចិន​ បានប្រកាសដំឡើងពន្ធលើទំនិញចិន​ដល់ ៨៤ ភាគរយ ដើម្បីជាការឆ្លើយតបទៅនឹង​ការដំឡើងពន្ធដល់ ១០៤ ភាគរយ របស់លោក ត្រាំ ដែល​ចូលជាធរមានកាលពីថ្ងៃពុធ។ ចិន​ប្ដេជ្ញាថា ខ្លួន​នឹង​ប្រយុទ្ធប្រឆាំង​ដល់ទីបញ្ចប់ ទោះបីជានិយាយថា គ្មាននរណាឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មក៏ដោយ។

The post ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ appeared first on Kampuchea Thmey Daily.