របបយោធាមីយ៉ាន់ម៉ា គ្រោងរៀបចំការបោះឆ្នោតដោយរំលងតំបន់ដែលមានសង្គ្រាមស៊ីវិល
របបយោធាមីយ៉ាន់ម៉ាបានប្រកាសផែនការរៀបចំការបោះឆ្នោតនៅក្នុងក្រុងចំនួន ២៦៧ ក្នុងចំណោមក្រុងចំនួន ៣៣០ របស់ប្រទេសនៅត្រឹមខែធ្នូ ឬខែមករា ... The post របបយោធាមីយ៉ាន់ម៉ា គ្រោងរៀបចំការបោះឆ្នោតដោយរំលងតំបន់ដែលមានសង្គ្រាមស៊ីវិល appeared first on Kampuchea Thmey Daily.

របបយោធាមីយ៉ាន់ម៉ាគ្រប់គ្រងដោយ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានប្រកាសផែនការរៀបចំការបោះឆ្នោតនៅក្នុងក្រុងចំនួន ២៦៧ ក្នុងចំណោមក្រុងនិងតំបន់ ចំនួន៣៣០ របស់ប្រទេសនៅត្រឹមខែធ្នូ ឬខែមករា ដោយផ្អែកតាមលក្ខខណ្ឌសន្តិសុខរបស់ក្រុងនីមួយៗ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី០៩ខែមិថុនា។

គណៈកម្មការរៀបចំការបោះឆ្នោតសហភាព (UEC) របស់ប្រទេសនេះ ដែលត្រូវបានគ្រប់គ្រងដោយរបបយោធារបស់មីយ៉ាន់ម៉ា បាននិយាយថា ការបោះឆ្នោតនាពេលខាងមុខនឹងប្រើប្រាស់ប្រព័ន្ធបោះឆ្នោតចំនួនពីរ គឺថា បេក្ខជនមួយចំនួននឹងឈ្នះដោយទទួលបានសំឡេងភាគច្រើននៅក្នុងតំបន់របស់ពួកគេ ខណៈដែលអ្នកផ្សេងទៀតនឹងត្រូវបានជ្រើសរើសដោយផ្អែកលើភាគរយទាំងមូលនៃសន្លឹកឆ្នោតដែលគណបក្សរបស់ពួកគេទទួលបាន។
UEC ក៏បាននិយាយថា ការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចនឹងត្រូវបានដាក់ឲ្យដំណើរការ ទោះបីជាព័ត៌មានលម្អិតអំពីរបៀបដែលវានឹងដំណើរការមិនត្រូវបានពន្យល់ច្បាស់លាស់ក៏ដោយ។
ទោះយ៉ាងណាក៏ដោយ ដោយមានក្រុង និងតំបន់ ជាង ១៤០ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតស៊ូប្រឆាំង និង ៧៩ កំពុងជួបប្រទះជម្លោះយ៉ាងសកម្ម មនុស្សជាច្រើនបានចោទសួរពីលទ្ធភាព និងភាពស្របច្បាប់នៃការបោះឆ្នោត។ មានតែគណបក្សចំនួន៥៤ ប៉ុណ្ណោះដែលត្រូវបានអនុម័ត ជាចម្បងគណបក្សដែលចងសម្ព័ន្ធភាពជាមួយរបបយោធា ខណៈដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដ៏ពេញនិយមដែលបានឈ្នះការបោះឆ្នោតឆ្នាំ២០២០ ត្រូវបានរំលាយ ហើយមេដឹកនាំរបស់ខ្លួនត្រូវបានចាប់ដាក់គុក។

អ្នករិះគន់ រួមទាំងរដ្ឋាភិបាលរួបរួមជាតិ (NUG) បណ្តាប្រទេសលោកខាងលិច និងប្រជាជនមីយ៉ាន់ម៉ាភាគច្រើន បានច្រានចោលការបោះឆ្នោតនេះ ដោយលើកឡើងថា ជាការបោះឆ្នោតក្លែងបន្លំដែលមានគោលបំណងធ្វើឱ្យមានភាពស្របច្បាប់នៃការកាន់អំណាចរបស់របបយោធា។
ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានស្នើឱ្យរដ្ឋាភិបាលយោធាបញ្ឈប់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាជាងប្រញាប់ប្រញាល់រៀបចំការបោះឆ្នោត។ ប៉ុន្តែរបបយោធានិយាយថា ខ្លួនមានការគាំទ្រពីប្រទេសមួយចំនួនដូចជា ចិន រុស្ស៊ី និងប្រទេសមួយចំនួនទៀត៕

អត្ថបទ៖ ប៊ុន សុភាព
The post របបយោធាមីយ៉ាន់ម៉ា គ្រោងរៀបចំការបោះឆ្នោតដោយរំលងតំបន់ដែលមានសង្គ្រាមស៊ីវិល appeared first on Kampuchea Thmey Daily.