រដ្ឋកំពុងជំរុញសាងសង់គម្រោងប្រភពថាមពលអគ្គិសនីថ្មីចំនួន ៣៦
ការផ្ដល់សេវាផ្គត់ផ្គង់ឱ្យបានទូទាំងប្រទេស ដូចជាការធ្វើទំនើបកម្ម ការស្នើសុំការផ្ដល់សេវាភ្ជាប់ចរន្ត... The post រដ្ឋកំពុងជំរុញសាងសង់គម្រោងប្រភពថាមពលអគ្គិសនីថ្មីចំនួន ៣៦ appeared first on Kampuchea Thmey Daily.

ក្រសួងរ៉ែ និងថាមពល កំពុងជំរុញគម្រោងប្រភពអគ្គិសនីថ្មីចំនួន ៣៦ គម្រោង ដែលភាគច្រើនជាប្រភពថាមពលស្អាត ក្នុងនោះ ១៣ គម្រោង មានអានុភាពសរុប ចំនួន ១ ២៧៥ មេហ្គាវាត់ កំពុងដំណើរការសាងសង់ ខណៈ ២៣ គម្រោងទៀត ដែលមានអានុភាពសរុបចំនួន ៥ ៩៥០ មេហ្គាវាត់ បានទទួលការអនុម័តឱ្យធ្វើការអភិវឌ្ឍ ក្នុងគោលដៅឱ្យកម្ពុជាមានអានុភាព ប្រភពថាមពលកកើតឡើងវិញយ៉ាងតិច ៧០% នៃល្បាយនៃប្រភពអគ្គិសនីសរុបនៅឆ្នាំ ២០៣០។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា៖ «បើប្រៀបធៀបកម្ពុជាជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ដកតែប្រទេសឡាវមួយចេញ ប្រសិនបើយើងអាចផលិតបាន ៧០% យ៉ាងយូរ នៅឆ្នាំ ២០៣០ កម្ពុជាគឺឈរលេខរៀងទី២ ក្នុងប្រទេសអាស៊ាន ១០ ដែលមានថាមពលស្អាតខ្ពស់ជាងគេ ហើយថាមពលស្អាតនេះហើយ ដែលនឹងផ្ដល់ផលជាច្រើនទៀត នៅក្នុងគោលដៅផ្សេង»។
លោក កែវ រតនៈ បញ្ជាក់ថា ការផ្ដល់សេវាផ្គត់ផ្គង់ឱ្យបានទូទាំងប្រទេស ដូចជាការធ្វើទំនើបកម្ម ការស្នើសុំការផ្ដល់សេវាភ្ជាប់ចរន្ត ការផ្ដល់ព័ត៌មាន ការផ្ដល់វិក្ក័យបត្រ ការទូទាត់ ការទំនាក់ទំនងឱ្យអាចធ្វើបានតាមប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធទូរស័ព្ទដៃដើម្បីធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួល តម្លាភាព ប្រសិទ្ធភាព ដល់អ្នកប្រើប្រាស់ទូទាំងប្រទេសសម្រាប់បម្រើប្រជាជន។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា មានប្រសាសន៍ថា ការអភិវឌ្ឍបង្កើនសមត្ថភាពប្រភពផលិត អានុភាពនៃប្រភពផលិតអគ្គិសនី បានកើនឡើងពី ៤ ៦៤៩ មេហ្គាវាត់ នៅចុងឆ្នាំ ២០២៣ ដល់ ៥ ០៤៤ មេហ្គាវាត់នៅចុងឆ្នាំ ២០២៤ ឯបរិមាណថាមពលដែលបានប្រើប្រាស់ចេញពីប្រភពអគ្គិសនី បានកើនឡើងពី ១៦ ៨០៤ លានគីឡូវាត់ម៉ោង នៅឆ្នាំ ២០២៣ មក ១៩ ៤១៩ លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ ២០២៤។
ចំពោះការអភិវឌ្ឍប្រព័ន្ធបញ្ជូនអគ្គិសនីនៅក្នុឆ្នាំ ២០២៤ កម្ពុជាបានអភិវឌ្ឍបណ្ដាញអគ្គិសនីបន្ថែមចំនួន ១៨២ គីឡូម៉ែត្រ និងសាងសង់អនុស្ថានីយចំនួន ២ បន្ថែមទៀត ធ្វើឱ្យបច្ចុប្បន្ននេះ កម្ពុជាមានខ្សែបណ្ដាញបញ្ជូនសរុប ៣ ៨៩០ គីឡូម៉ែត្រ និងមានអនុស្ថានីយចំនួន ៧០ ដែលអាចបញ្ជូនប្រភពអគ្គិសនីដល់រាជធានីខេត្តចំនួន ២៥ ផ្ទាល់ ទូទាំងប្រទេស។
ចំពោះការអភិវឌ្ឍ បង្កើនសមត្ថភាព នៃប្រព័ន្ធបញ្ជូនរង និងបណ្ដាញចែកចាយ គឺពឹងផ្អែកទៅលើការអភិវឌ្ឍ ទៅលើរចនាសម្ព័ន្ធចំនួន ៣ ទី១ គឺខ្សែបណ្ដាញតង់ស្យុងមធ្យម ទី២ ខ្សែបណ្ដាញចែកចាយ ទី៣ ខ្សែបណ្ដាញតង់ស្យុងទាប រហូតដល់ចុងឆ្នាំ ២០២៤ ការគ្រប់គ្រងអគ្គិសនីបានគ្រប់ដណ្ដប់លើភូមិចំនួន ៩០.១៥% នៅចុងឆ្នាំ ២០២៤ ស្មើនឹង ១៤ ០៤៨ ភូមិ នៅសល់ភូមិចំនួន ១២០ ពុំទាន់មានការផ្គត់ផ្គង់អគ្គិសនី៕
អត្ថបទ៖ ឡេង ដេត
The post រដ្ឋកំពុងជំរុញសាងសង់គម្រោងប្រភពថាមពលអគ្គិសនីថ្មីចំនួន ៣៦ appeared first on Kampuchea Thmey Daily.