មូលហេតុចម្បង នាំឲ្យសិល្បករកូរ៉េភាគច្រើន មិនអនុញ្ញាតឲ្យបញ្ចេញទស្សនៈនយោបាយដាច់ខាត
សម្រាប់សិល្បករកូរ៉េ ការបោះឆ្នោតប្រធានាធិបតីគឺជារយៈពេលដ៏រសើបមួយ។ ពួកគេមិនត្រឹមតែមិនមានសេរីភាពក្នុងការបញ្ចេញមតិនយោបាយប៉ុណ្ណោះទេ ប៉ុន្តែ... The post មូលហេតុចម្បង នាំឲ្យសិល្បករកូរ៉េភាគច្រើន មិនអនុញ្ញាតឲ្យបញ្ចេញទស្សនៈនយោបាយដាច់ខាត appeared first on Kampuchea Thmey Daily.

សម្រាប់សិល្បករកូរ៉េ ការបោះឆ្នោតប្រធានាធិបតីគឺជារយៈពេលដ៏រសើបមួយ។ ពួកគេមិនត្រឹមតែមិនមានសេរីភាពក្នុងការបញ្ចេញមតិនយោបាយប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងនោះក៏អាចក្លាយជាគោលដៅនៃការវាយប្រហារសង្គមបានយ៉ាងងាយផងដែរ ប្រសិនបើធ្វេសប្រហែស។
ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែមិថុនា តារាសម្តែង និងជាពិធីករ Hong Jin Kyung បានបង្ហោះសំបុត្រសរសេរដោយដៃនៅលើទំព័រផ្ទាល់ខ្លួន ដោយសុំទោសចំពោះភាពចម្រូងចម្រាសជុំវិញសម្លៀកបំពាក់របស់នាង។

តួស្រីក្នុងរឿង «Legend of the Blue Sea» បានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាស បន្ទាប់ពីបង្ហោះរូបថតជាច្រើនសន្លឹកដែលខ្លួននាងពាក់អាវក្រហម កំឡុងពេលធ្វើដំណើរអាជីវកម្មទៅកាន់ទីក្រុង Stockholm នៃប្រទេសស៊ុយអែត នៅលើទំព័រផ្ទាល់ខ្លួនកាលពីថ្ងៃទី២ ខែមិថុនា។ ភ្លាមៗនោះ នាងត្រូវបានមហាជនចោទប្រកាន់ថា គាំទ្រគណបក្សអំណាចប្រជាជន (PPP) របស់អតីតប្រធានាធិបតីលោក Yoon Suk Yeol ។
រូបភាពរបស់នាងបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើវេទិកាអនឡាញ ដោយទាក់ទាញការចូលមើលជាង ៧៧,០០០និងជាងមួយពាន់មតិ។ អ្នកលេងអ៊ីនធឺណិតកូរ៉េបានរិះគន់តួស្រីថា នាងបានបង្ហាញទស្សនៈនយោបាយ ថែមទាំងអំពាវនាវឲ្យធ្វើពហិការចំពោះនាងទៀតផង។ ក្រោយមក ក្រោមសម្ពាធជាសាធារណៈ Hong Jin Kyung បានលុបការបង្ហោះនេះ ហើយបានផ្ញើសារសុំទោសជាសាធារណៈ។
ដោយឡែក Karina នៃក្រុម aespa ក៏ក្លាយជាគោលដៅនៃការរិះគន់សាធារណៈដោយសារតែអាវដូចគ្នា។ នៅថ្ងៃទី ២៧ ខែឧសភា តារាចម្រៀងវ័យក្មេងបានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួននូវរូបថតដែលនាងពាក់អាវពណ៌ខ្មៅនិងពណ៌ក្រហមមានលេខ ២ បោះពុម្ពនៅខាងឆ្វេង។
ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈអាវដែលនាងពាក់បានមធ្វើឲ្យអ្នកលេងអ៊ីនធឺណេប៉ាន់ស្មានថា នាងកំពុងបង្ហាញការគាំទ្រជាសាធារណៈចំពោះបេក្ខជនលោក Kim Moon Soo របស់គណបក្ស PPP ។ មតិភាគច្រើនបង្ហាញពីការខឹងសម្បារ និងការប្រឆាំងចំពោះសមាជិកក្រុម aespa យ៉ាងខ្លាំងក្លា ។
ដូចតារាស្រី Hong Jin Kyung ដែរ Karina បានលុបរូបថតភ្លាមៗ ហើយរូបនាងនិងក្រុមហ៊ុនគ្រប់គ្រង បានសុំទោសជាសាធារណៈដែលនាំឲ្យមានការយល់ច្រឡំ និងរឿងចម្រូងចម្រាសបានផ្ទុះឡើងមក។
ទន្ទឹមនោះដែរ Jeon Somi អតីតសមាជិក I.O.I ក៏ស្ថិតក្នុងស្ថានភាពស្រដៀងគ្នា។ តារាចម្រៀងស្រីរូបនេះបានបង្ហោះរូបថតក្រោយឆាកជាច្រើនសន្លឹកនៃការថតម៉ូតនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ មូលហេតុដែលនាងត្រូវបានគេរិះគន់គឺដោយសារអ្នកលេងអ៊ីនធឺណិតបានរកឃើញថា ខោទ្រនាប់របស់នាងមានពណ៌ក្រហម។
ទោះជាយ៉ាងណា ទស្សនិកជនប្រាកដជាមានចម្ងល់ថា ហេតុអ្វីបានជាសិល្បករកូរ៉េមិនអនុញ្ញាតឲ្យបញ្ចេញទស្សនៈនយោបាយ?
ក្រឡេកមើលទៅការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ ការចូលរួមរបស់សិល្បករនៅក្នុងដំណើរការបោះឆ្នោតកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា។ តារាហូលីវូដ ថែមទាំងឈ្លោះប្រកែកនិងមើលមុខគ្នាមិនចំ ដោយសារបក្សមួយគាំទ្រលោកដូណាល់ ត្រាំ ចំណែកមួយផ្សេងទៀតដើរតាមលោកស្រី កាម៉ាឡា ហារីស។
តារាល្បីៗមិនត្រឹមតែផ្សព្វផ្សាយជម្រើសបោះឆ្នោតរបស់ពួកគេជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យអ្នកគាំទ្រឆ្លើយតបផងដែរ។ ពួកគេក៏ចូលរួមក្នុងការជួបជុំឃោសនាបោះឆ្នោតរបស់បេក្ខជន ដែលពួកគេចូលចិត្តថែមទៀត។
ខុសពីសហរដ្ឋអាមេរិក ការបង្ហាញខ្លួនរបស់តារាកូរ៉េមានភាពស្ងប់ស្ងាត់ក្នុងអំឡុងពេលបោះឆ្នោត លើកលែងតែសិល្បករមួយចំនួនដែលបង្ហោះរូបថតនៅការិយាល័យបោះឆ្នោតដូចជា Hongjoong និង Seonghwa (ATEEZ) តារាសម្តែង Yoon Eun Hyeជាដើម។ ថ្វីដ្បិតតែ វាចម្លែកសម្រាប់ទស្សនិកជនអន្តរជាតិ ប៉ុន្តែស្ថានភាពនេះមិនមែនជារឿងថ្មីនៅក្នុងប្រទេសកូរ៉េនោះទេ ប៉ុន្តែបានកើតមានជាច្រើនឆ្នាំ សូម្បីតែរាប់ទសវត្សរ៍ក៏ដោយ។
គ្រប់គ្នាយល់ស្របថា សង្គមកូរ៉េមានភាពរសើបខ្លាំងចំពោះនយោបាយ ដោយមានការបែកខ្ញែកខ្លាំងរវាងបក្សឆ្វេងនិយម និងបក្សស្តាំនិយម។ ការបញ្ចេញទស្សនៈនយោបាយរបស់សិល្បករ អាចត្រូវបានបកស្រាយតាមវិធីជាច្រើនដែលបង្កឲ្យមានការយល់ច្រឡំ ឬញុះញង់ឲ្យមានជម្លោះ។
ក្រុមហ៊ុនគ្រប់គ្រងតែងតែស្នើឲ្យសិល្បករចៀសវាងការថ្លែងការណ៍ ឬសកម្មភាពនយោបាយ ដើម្បីរក្សារូបភាពអព្យាក្រឹត។ ក្រុមហ៊ុនផ្តល់អាទិភាពដល់ផលប្រយោជន៍ពាណិជ្ជកម្ម និងមានគោលបំណងទាក់ទាញទស្សនិកជនយ៉ាងទូលំទូលាយ។ ការថ្លែងខុសតែមួយអាចធ្វើឲ្យសិល្បករទទួលរងផលវិបាកយ៉ាងធ្ងន់ធ្ងរដូចជាការធ្វើពហិការ ការស្នើឲ្យលុបការផ្សាយពាណិជ្ជកម្ម ការលុបចោលកិច្ចសន្យាជាដើម។
ក្រៅពីក្រុមហ៊ុនគ្រប់គ្រង សិល្បករក៏ស្ថិតក្រោមសម្ពាធពីម៉ាកយីហោ និងអ្នកឧបត្ថម្ភផងដែរ។ អាជីវកម្មមិនចង់ឲ្យមុខសាធារណៈរបស់ពួកគេពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាសណាមួយឡើយ។ តារាល្បីៗត្រូវតែរក្សារូបភាពរបស់ពួកគេឲ្យស្អាត និងអព្យាក្រឹត ដើម្បីកុំឲ្យប្រថុយនឹងម៉ាកយីហោ។
មិនតែប៉ុណ្ណោះ វប្បធម៌ពេញនិយមរបស់កូរ៉េចាត់ទុកសិល្បករជាគំរូសាធារណៈ។ តារាជាច្រើនត្រូវបានសាងឡើងជាមនុស្សដ៏ឧត្តមម្នាក់ ហើយមិនធ្វើបាបអ្នកណាឡើយ។ ការបញ្ចេញទស្សនៈនយោបាយត្រូវបានគេមើលឃើញថា ធ្វើឲ្យខូចមុខមាត់ និងបង្កការបែកបាក់ក្នុងសហគមន៍អ្នកគាំទ្រ។
ជាងនេះទៅទៀត ទស្សនិកជនកូរ៉េ ត្រូវបានគេដឹងថា មានភាពជ្រុលនិយម និងមិនអាចទាយទុកជាមុនបាន។ ការបង្ហោះ សម្រង់ ឬរូបថតដែលបកស្រាយខុសក៏អាចនាំទៅរកការធ្វើពហិការយ៉ាងខ្លាំងក្លា ដោយបង្ខំសិល្បករសុំទោស ធ្វើការកែតម្រូវ ហើយអ្នកខ្លះអាចឈានដល់លាក់ខ្លួនមួយរយៈ ឬសូម្បីតែបំផ្លាញអាជីពរបស់ពួកគេ។
មិនត្រឹមតែក្នុងអំឡុងពេលបោះឆ្នោតប៉ុណ្ណោះទេ សូម្បីតែក្នុងស្ថានភាពធម្មតាក៏ដោយ ចលនានយោបាយណាមួយអាចជាហេតុផលសម្រាប់អ្នកសិល្បៈរងទុក្ខដែរ។
ក្នុងឆ្នាំ២០២៣ រាជិនីសម្រស់ Lee Young Ae ឬតួចាំងគីម បានក្លាយជាប្រធានបទដ៏ក្តៅគគុក បន្ទាប់ពីមានព័ត៌មានបែកធ្លាយថា នាងបានឧបត្ថម្ភយុទ្ធនាការរៃអង្គាសប្រាក់ ដើម្បីសាងសង់វិមានអនុស្សាវរីយ៍ដល់ប្រធានាធិបតីទីមួយនៃប្រទេសកូរ៉េខាងត្បូងគឺលោក Syngman Rhee (១៨៧៥-១៩៦៥)។ រូបនាងត្រូវបានវាយប្រហារដោយសារតែលោក Syngman Rhee ជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ជាបន្តបន្ទាប់អំពីការក្លែងបន្លំការបោះឆ្នោត អំពើពុករលួយ និងរបបផ្តាច់ការ ដែលនាំឲ្យលោកត្រូវលាលែងពីតំណែងនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩៦០។
ក្នុងឆ្នាំដដែលនោះ កេរ្តិ៍ឈ្មោះរបស់តារាស្រីចាំងគីម ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ នៅពេលដែល YouTuber មួយបានផ្សព្វផ្សាយព័ត៌មានថា នាងជិតស្និទ្ធនឹងអតីតជំទាវទីមួយគឺលោកស្រី Kim Keon Hee ។ សំឡេងនេះនាំឲ្យមានបណ្ដឹង ដែលមានរយៈពេលជិត២ឆ្នាំមកហើយ ។
ក្រោយៗមកទៀត នៅចុងឆ្នាំ ២០២៤ IU និងសិល្បករជាបន្តបន្ទាប់ដូចជាក្រុម NewJeans, លោក Lee Dong Wook, Lee Seung Hwan និង Yuri ក៏ត្រូវបានគេអំពាវនាវឲ្យធ្វើពហិការ និងគំរាមរាយការណ៍ទៅកាន់ CIA (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក) សម្រាប់ការគាំទ្រអាហារ និងទំនិញសម្រាប់អ្នកគាំទ្រដែលចូលរួមក្នុងការតវ៉ា ដើម្បីចោទប្រកាន់អតីតប្រធានាធិបតីលោក Yoon Suk Yeol ដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្នុងវ័យ៤៦ឆ្នាំ Ha Ji Won មិនដែលស្គាល់រសជាតិស្នេហានឹងគេឡើយ ខណៈទ្រព្យកាន់តែច្រើនហួសប្រមាណ
The post មូលហេតុចម្បង នាំឲ្យសិល្បករកូរ៉េភាគច្រើន មិនអនុញ្ញាតឲ្យបញ្ចេញទស្សនៈនយោបាយដាច់ខាត appeared first on Kampuchea Thmey Daily.