មន្រ្តីជាន់ខ្ពស់អាមេរិក និងចិន គ្រោងជួប​ចរចាពន្ធនៅក្រុងហ្សឺណែវ

ប្រភព​មិនបញ្ចេញឈ្មោះ បាន​ប្រាប់រ៉យទ័រថា ភាគីទាំង ២ ​រំពឹងថានឹងពិភាក្សាអំពីការកាត់បន្ថយពន្ធ​ ក៏ដូចជាចរចាគ្នា​លើ​ការលុបបំបាត់ពន្ធ​លើ The post មន្រ្តីជាន់ខ្ពស់អាមេរិក និងចិន គ្រោងជួប​ចរចាពន្ធនៅក្រុងហ្សឺណែវ appeared first on Kampuchea Thmey Daily.

មន្រ្តីជាន់ខ្ពស់អាមេរិក និងចិន គ្រោងជួប​ចរចាពន្ធនៅក្រុងហ្សឺណែវ

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក​ លោក​ Jamieson Greer នឹងជួប​ចរចាពន្ធជាលើកដំបូងជាមួយ​មន្ត្រីសេដ្ឋកិច្ចកំពូលរបស់ចិន លោក​ He Lifeng នៅក្រុងហ្សឺណែវ ប្រទេសស្វីស នាចុងសប្តាហ៍នេះ​។ នេះបើតាមការឱ្យដឹងរបស់មន្រ្តីនៃប្រទេសទាំង២ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent

ជំនួបរវាងមន្រ្តីកំពូលអាមេរិក និងគណៈប្រតិភូចិនដឹកនាំដោយ​ឧបនាយករដ្ឋមន្រ្តី​ លោក He Lifeng ធ្វើឡើងជាលើកដំបូងរាប់តាំងពីប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ប្រកាសពន្ធគយបដិការនៅដើមខែមេសា ដែលធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មក្ដៅកាន់តែខ្លាំងឡើង ជាពិសេសរវាងចិន និងអាមេរិក ដែលដាក់ពន្ធលើគ្នាទៅវិញទៅមកជាង ១០០ ភាគរយ។

ប្រភព​មិនបញ្ចេញឈ្មោះ បាន​ប្រាប់រ៉យទ័រថា ភាគីទាំង ២ ​រំពឹងថានឹងពិភាក្សាអំពីការកាត់បន្ថយពន្ធ​ ក៏ដូចជាចរចាគ្នា​លើ​ការលុបបំបាត់ពន្ធលើផលិតផលជាក់លាក់ គោលនយោបាយលើកលែងពន្ធទំនិញថោកជាង ៨០០ ដុល្លាររបស់សហរដ្ឋអាមេរិក​ និងបញ្ជីត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋ​អាមេរិក​ជាដើម​។

ជំនួបចរចាទ្វេភាគី ត្រូវបានប្រកាសឡើងដោយរដ្ឋបាល ត្រាំ កាលពីថ្ងៃអង្គារ ហើយក្រោយមក លោក Bessent បាន​ប្រាប់ទូរទស្សន៍ Fox News ថា៖ «ខ្ញុំមានអារម្មណ៍ថា នឹង​មាន​ការបន្ធូរបន្ថយភាពតានតឹង។ យើងត្រូវតែបន្ធូរបន្ថយភាពតានតឹងមុនពេលបន្តទៅមុខ»។

ឧបនាយករដ្ឋមន្រ្តី​ចិន លោក He Lifeng

ក្រសួង​ពាណិជ្ជកម្ម​ចិន​ឯណោះវិញ កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជាក់​ពី​ជំនួបដដែល ដោយ​អ្នកនាំពាក្យរបស់ក្រសួងបាននិយាយថា៖ «ភាគីចិនបានវាយតម្លៃដោយប្រុងប្រយ័ត្ននូវព័ត៌មានពីភាគីសហរដ្ឋអាមេរិក ហើយបានសម្រេចចិត្តយល់ព្រមក្នុងការទាក់ទងជាមួយភាគីសហរដ្ឋអាមេរិក បន្ទាប់ពីបានពិចារណាយ៉ាងពេញលេញនូវការរំពឹងទុកជាសកល ផលប្រយោជន៍របស់ចិន និងការអំពាវនាវពីអាជីវកម្ម និងអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក»។ អ្នកនាំពាក្យបន្តថា ​ចិននឹងមិន «លះបង់គោលការណ៍របស់ខ្លួន ឬសមធម៌សកល ឬយុត្តិធម៌ក្នុងការស្វែងរកកិច្ចព្រមព្រៀងណាមួយឡើយ»។

គួររំឭកថា នាពេលកន្លងមក លោក ត្រាំ បាន​អះអាងពីវឌ្ឍនភាពនៃការចរចារវាងប្រទេសទាំង២ ប៉ុន្តែភាគីចិនច្រានចោលវាថាជាការអះអាងមិនពិត។ ជាថ្មីម្ដងទៀត លោក Bessent កាលពីថ្ងៃអង្គារបានផ្តល់សក្ខីកម្មដល់គណៈកម្មាធិការសភាថា សហរដ្ឋអាមេរិក និងចិន «មិនបានចូលរួមក្នុងការចរចា» ណាមួយទេ ប៉ុន្តែ​​នៅសប្ដាហ៍នេះ ​សហរដ្ឋអាមេរិកនឹងប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​ដៃគូពាណិជ្ជកម្មកំពូលៗរបស់សហរដ្ឋអាមេរិកមួយចំនួន។

កន្លងមកភាគីចិន និងអាមេរិកបានបន្ទន់ជំហរពន្ធដាក់គ្នា យ៉ាងណាមិញចិនបានប្រកាន់ខ្ជាប់ថា កិច្ចព្រមព្រៀងណាមួយអាចសម្រេចទៅបាន លុះត្រាតែវាមិនធ្វើឱ្យ​​ខាតប្រយោជន៍របស់ខ្លួន៕

The post មន្រ្តីជាន់ខ្ពស់អាមេរិក និងចិន គ្រោងជួប​ចរចាពន្ធនៅក្រុងហ្សឺណែវ appeared first on Kampuchea Thmey Daily.