មន្ត្រីរាជការ រដ្ឋបាលរាជធានី ២០រូបត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចថ្មី
មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញចំនួន២០រូបត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ច ដើម្បីបំពេញការងារក្នុងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យរីកចំរើនបន្ថែមទៀត The post មន្ត្រីរាជការ រដ្ឋបាលរាជធានី ២០រូបត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចថ្មី appeared first on Kampuchea Thmey Daily.
មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញចំនួន២០រូបត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ច ដើម្បីបំពេញការងារក្នុងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យរីកចំរើនបន្ថែមទៀត ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
មន្ត្រីរាជការដែលត្រូវតែងតាំងនេះ មានដូចជា លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល លោកស្រី មួក យុវល័ក្ខ នាយិកាអង្គភាពច្រកចេញចូលតែមួយ ឱ្យកាន់មុខតំណែងជា នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ។ លោក ព្រំ ថា ឱ្យកាន់មុខ តំណែងជា នាយកទីចាត់ការរដ្ឋបាល លោក សេង បញ្ញា ឱ្យកាន់មុខ តំណែងជា នាយកទីចាត់ការផែនការ និងវិនិយោគ លោកស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខ តំណែងជា នាយិកាទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក ឡាយ អ៊េវិន ឱ្យកាន់មុខ តំណែងជា ប្រធានអង្គភាពច្រកចេញចូលតែមួយ ជាមួយនិងការតែងតាំងជា អនុប្រធានការិយាល័យនិងអនុប្រធានអង្គភាពច្រកមួយចំនួនទៀត។
ការប្រកាសតែងតាំង និងប្រគល់ភារកិច្ចនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក កើត ឆែ អភិបាលរងរាជធានី នៅសាលារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រៅពីការកោតសរសើរចំពោះ អាជ្ញាធរនិងកងកម្លាំងមានសត្ថកិច្ច ក្នុងការបំពេញការងារលើការអភិវឌ្ឍនិងធ្វើឱ្យភូមិសង្កាត់មានសុវត្ថិភាពហើយ ក៏បានស្នើឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អបន្ថែមទៀត ពិសេស ការថែរក្សាឱ្យបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋដែលមកលេងកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤ដល់១៦វិច្ឆិកានេះ។
លោក កើត ឆែ លើកឡើងថា៖«ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ពិតជាបានលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញឱ្យបន្តការខិតខំបំពេញការងារកាន់តែល្អបន្ថែមទៀត។ ចំពោះការស្នើរបស់ក្រុមប្រឹក្សារាជធានីឱ្យបន្តថែរក្សាសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋមកលេងកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក គឺរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់អស់ហើយ ជាមួយការប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ចជាង១ម៉ឺននាក់ ដើម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ទប់ស្កាត់ពួកជ្រុលនិយម និងបទល្មើសផ្សេងៗទៀត»។
លោក ម៉ប់ សារិន ក្នុងឱកាសនោះ ក៏បានលើកឡើងថា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍ។ជាងនេះទៅទៀត រាជធានីភ្នំពេញ ត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាតសម្រេចបោះឆ្នោតបន្តអាណត្តិជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យ អចិន្ត្រៃយ៍របស់សមាគម AIMFថែមទៀត៕
អត្ថបទ៖ស្រីរ័ត្ន
The post មន្ត្រីរាជការ រដ្ឋបាលរាជធានី ២០រូបត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចថ្មី appeared first on Kampuchea Thmey Daily.