មនុស្សប្រមាណ ៣០០០នាក់ នឹងចូលរួមរត់ប្រណាំងថ្ងៃទី៨មីនា
មនុស្សប្រមាណ៣០០០នាក់គ្រោងនឹងចូលរួមរត់ប្រណាំងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅឧទ្យានមុខវត្តបទុមវត្តីដើម្បីអបអរសាទរដល់ទិវានារីអន្តរជាតិ ៨មីនា The post មនុស្សប្រមាណ ៣០០០នាក់ នឹងចូលរួមរត់ប្រណាំងថ្ងៃទី៨មីនា appeared first on Kampuchea Thmey Daily.

មនុស្សប្រមាណ៣០០០នាក់គ្រោងនឹងចូលរួមរត់ប្រណាំងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅឧទ្យានមុខវត្តបទុមវត្តីដើម្បីអបអរសាទរដល់ទិវានារីអន្តរជាតិ ក្នុងការលើកកម្ពស់សិទ្ធិនារី និងសុខភាពសាធារណៈ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ថា គោលដៅនៃការរៀបចំរត់ប្រណាំងដើម្បីអបអរសាទរទិវាសិទ្ធិនារី៨មីនានេះគឺរួមចំណែកជាមួយពិភពលោក និងជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ។
លោកមានប្រសាសន៍ថា ៖«យើងរួមគ្នាដើម្បីលើកកម្ពស់យុត្តិធម៌សង្គមតាមរយៈការគោរពនូវសិទ្ធិស្ត្រី។ ពីមុនច្រើននិយាយពាក្យ យេនឌ័រៗ តែឥឡូវនេះ ក្នុងកីឡាយើងឈានដល់ ការធ្វើសមាហរណកម្មចំពោះស្ត្រីនៅក្នុងសង្គម។ ការផ្តល់នូវពាក្យស្លោកទាំងអស់ យើងជួយគ្នាក្នុងការលើកកម្ពស់តាមរយៈព្រឹត្តិការណ៍របស់យើង។ តាមរយៈព្រឹត្តិការណ៍នេះ យើងផ្ញើសារល្អៗទៅកាន់សង្គមរបស់យើង។ អីចឹងសារដែលយើងផ្ញើទៅសង្គមជាតិដោយមានខ្លឹសារគ្រប់គ្រាន់»។

លោកបានបន្ថែមថា ម្យ៉ាងទៀត ការរៀបចំព្រឹត្តិការណ៍នេះឲ្យកាន់តែប្រសើរឡើង នៅឆ្នាំបន្តបន្ទាប់ទៀតអាចនឹងបង្កើនវិញ្ញាសាកាន់តែច្រើន។
លោកបានឲ្យដឹងថា រហូតដល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមប្រកួតជាង២០០០នាក់ហើយ។ ចាប់ពីពេលនេះរហូតដល់ថ្ងៃប្រកួត អ្នកចូលរួមនឹងកើនឡើង ហើយរំពឹងទទួលបានប្រមាណ៣០០០នាក់។ ចំនួនអ្នកចូលរួមនេះប្រហែលទៅនឹងព្រឹត្តិការណ៍ដដែលនេះកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។
ជាមួយគ្នានេះ លោក សែម ផល្លា នាយកគណៈកម្មការរៀបចំរត់ប្រណាំងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ទិវារត់ប្រណាំងដើម្បីអបអរសាទរទិវា៨មីនា មាន២វិញ្ញាសាគឺចម្ងាយ១០គីឡូម៉ែត្រ និងចម្ងាយ៤គីឡូម៉ែត្រដែលផ្តោតសំខាន់លើស្ត្រីគ្រប់វ័យអាចចូលរួមរត់បាន។ ការចូលរួមនេះបានទាំងបុរស និងស្ត្រី ទាំងអាជីព និងមិនអាជីពជាលក្ខណៈក្រុមហ៊ុន ក្រុមគ្រួសារ និងមិត្តភក្តិ។

លោកបានបញ្ជាក់ថា អ្នកចូលរួមទាំងអស់ត្រូវស្គាល់ឲ្យច្បាស់ពីសុខភាពរបស់ខ្លួនថាតើអាចរត់បានកម្រិតណា ចម្ងាយប៉ុន្មាន និងត្រូវទទួលខុសត្រូវចំពោះសុខភាពផ្ទាល់ខ្លួន។ គណៈកម្មការរៀបចំការប្រកួតទទួលខុសត្រូវលើបច្ចេកទេស សុវត្ថិភាពចរាចរណ៍ រៀបចំទីកន្លែងសង្គ្រោះបឋម និងទីតាំងដាក់ទឹកតាមដងខ្លួនរត់សម្រាប់អ្នករត់អាចទទួលបាន។
សម្រាប់វិញ្ញាសាចម្ងាយ១០គីឡូម៉ែត្រនឹងចាប់ផ្តើមចេញដំណើរវេលាម៉ោង៥:៣០នាទីព្រឹក និងចម្ងាយ៤គីឡូម៉ែត្រចាប់ផ្តើមចេញដំណើរវេលាម៉ោង៥:៤៥នាទីព្រឹក ពីឧទ្យានមុខវត្តបទុមវត្តិ ឆ្ពោះទៅកោះពេជ្រ និងឆ្លងស្ពានកោះនរាមុនពេលត្រឡប់មកវិញដើម្បីឆ្ពោះមកទីតាំងផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ
The post មនុស្សប្រមាណ ៣០០០នាក់ នឹងចូលរួមរត់ប្រណាំងថ្ងៃទី៨មីនា appeared first on Kampuchea Thmey Daily.