មកម្ដង៣! ព្យុះចំនួន៣កំពុងដើរលើគន្លងតែមួយ

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នេះថា ... The post មកម្ដង៣! ព្យុះចំនួន៣កំពុងដើរលើគន្លងតែមួយ appeared first on Kampuchea Thmey Daily.

មកម្ដង៣! ព្យុះចំនួន៣កំពុងដើរលើគន្លងតែមួយ

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា នេះថា ព្យុះចំនួន៣ បាននិងកំពុងដើរលើគន្លងតែមួយ និងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន។ តែទោះជាយ៉ាងណា ព្យុះទាំង៣នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្យុះទី២២ ឈ្មោះ ឃីនស៊ីង (Yinxing) ជាមួយព្យុះទី២៣ ឈ្មោះ គូរ៉ាជី (Toraji) កើតនៅសមុទ្រចិនខាងត្បូង និងព្យុះទី២៤ ឈ្មោះ មែនយី (Man-yi) កើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានដើរលើគន្លងតែមួយ និងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

តាមការប្រកាស ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៤,៥ ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី៥%។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរម ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

The post មកម្ដង៣! ព្យុះចំនួន៣កំពុងដើរលើគន្លងតែមួយ appeared first on Kampuchea Thmey Daily.