ពលរដ្ឋ៦០គ្រួសាររស់នៅមូលដ្ឋានខណ្ឌ៧មករា ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណវត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ... The post ពលរដ្ឋ៦០គ្រួសាររស់នៅមូលដ្ឋានខណ្ឌ៧មករា ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហម appeared first on Kampuchea Thmey Daily.

ពលរដ្ឋ៦០គ្រួសាររស់នៅមូលដ្ឋានខណ្ឌ៧មករា ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណវត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ បានរៀបចំពីធីសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង សរុបចំនួន៦០គ្រួសារ មកពី ៣សង្កាត់ ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាល នៃគណៈភិបាលខណ្ឌ៧មករា លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ លោក កេត ឧត្តម អភិបាលរងខណ្ឌ និងលោក ពាន វាសនា អភិបាលរងខណ្ឌ ព្រមទាំងមានការនិមន្តចូលរួមពីព្រះបិដកធម្ម ម៉ៅ នីម ព្រះអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ ព្រះមង្គលសត្ថា កង ណាម៉ានី ព្រះវិន័យធរ ខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តសំពៅមាស ព្រះសរណបញ្ញា កង ស៊ីនួន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជា ព្រះចៅអធិការវត្តមង្គលវ័ន សមាជិក សមាជិកា និងមន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌ៧មករា។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងជាប្រធានគណៈកម្មការអនុសាខាកាកបាទក្រហមខណ្ឌ៧មករា បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីវឌ្ឍនភាព នៃការផ្តល់អំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហម ខណ្ឌ៧មករានាពេលកន្លងមក។ លោកបានបន្តថា ក្នុងនាមលោកជាប្រធានអនុសាខាកាកបាទក្រហម បន្តដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈមុះមុត ចូលរួមចំណែកចែករំលែកភាគទាន ក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្ត ដែលជាកម្លាំងស្នូលនៅថ្នាក់មូលដ្ឋាន ខណ្ឌ-សង្កាត់ ដើម្បីបំពេញភារកិច្ចជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដែលកំពុងជួបជីវភាពខ្វះខាតអោយទាន់ពេលវេលា និងដល់ទីកន្លែង ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនា កាកបាទក្រហម អឌ្ឍច័ន្ទក្រហមកម្ពុជា ដើម្បីឈានទៅទទួលបានភាពជោគជ័យដ៏ល្អ នៅថ្នាក់មូលដ្ឋាន ដូចពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។

លោក ថេង សុថុល អភិបាលនៃគណៈភិបាលខណ្ឌ៧មករា បានកោតសរសើរដល់សកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ដែលបានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតកន្លងមក និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល“ ។

ជាមួយគ្នានេះ លោកអភិបាល ក៏សូមឱ្យគ្រួសារទាំងអស់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួម ថែរក្សាបរិស្ថានអនាម័យ ទុកដាក់សម្រាមអោយបានត្រឹមត្រូវទៀងទាត់ពេលវេលារថយន្តមកប្រមូល។

គូសបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋនាពេលនេះរួមមាន អង្គរ២៥គីឡូក្រាម ទឹកសុទ្ធ១កេស មីមួយកេស ទឹកត្រី១យួរ ឃីតមួយកញ្ចប់ថវិកា និងក្នុងមួយគ្រួសារ២ម៉ឺនរៀល ផងដែរ៕

អត្ថបទ៖ សំណាង

The post ពលរដ្ឋ៦០គ្រួសាររស់នៅមូលដ្ឋានខណ្ឌ៧មករា ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហម appeared first on Kampuchea Thmey Daily.