ពលរដ្ឋរស់នៅជាប់របងវត្តទឹកថ្លា ស្នើអាជ្ញាធរ ស្ថាបនាផ្លូវមួយខ្សែប្រវែងជាង១០០ម៉ែត្រ
កន្លងមកពលរដ្ឋធ្លាប់ស្នើសុំដែរតែអាជ្ញាធរថា ចាំលើកជាគម្រោងក្នុង... The post ពលរដ្ឋរស់នៅជាប់របងវត្តទឹកថ្លា ស្នើអាជ្ញាធរ ស្ថាបនាផ្លូវមួយខ្សែប្រវែងជាង១០០ម៉ែត្រ appeared first on Kampuchea Thmey Daily.

ប្រជាពលរដ្ឋប្រមាណជាង៣០គ្រួសាររស់នៅក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានស្នើសុំអាជ្ញាធរ ជួយស្ថាបនាផ្លូវលំមួយខ្សែជាប់របងវត្តទឹកថ្លា ប្រវែងប្រមាណជាង១០០ម៉ែត្រ អោយក្លាយទៅជាផ្លូវបេតុង និងមានប្រព័ន្ធលូបង្ហូរត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅ ព្រោះសព្វថ្ងៃមានជង្ហុក ថ្ម និងមានទឹកស្អុយហូរដក់លើផ្លូវ។

អ្នកស្រី កង ណាន តំណាងប្រជាពលរដ្ឋរស់នៅបណ្តោយផ្លូវមួយខ្សែនេះបានលើកឡើងថា ផ្លូវនេះតាំងពីលោកស្រីមករស់នៅជាង៣០ឆ្នាំហើយ គឺស្ថានភាពដូចឃើញសព្វថ្ងៃនេះ ពិបាកក្នុងការរស់នៅ គ្មានប្រព័ន្ធលូ ដល់ពេលរដូវខែវស្សាទឹកលិចចូលផ្ទះ និងមានក្លិនស្អុយឆ្អេះឆ្អាប។ អ្នកស្រីបន្ថែមថា កន្លងមកពលរដ្ឋធ្លាប់ស្នើសុំដែរតែអាជ្ញាធរថា ចាំលើកជាគម្រោងក្នុងឆ្នាំ២០២៥នេះ។ តែទោះជាយ៉ាងណា ក្នុងនាមអ្នកស្រីជាអ្នករស់នៅតាមបណ្តោយផ្លូវនេះ និងប្រជាពលរដ្ឋ សុំទទូចស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធ ជួយពន្លឿនអោយបានលឿន ព្រោះខែវស្សាខិតជិតមកដល់ហើយ។

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខ បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី២៣មេសានេះថា ទីតាំងផ្លូវនេះ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍សង្កាត់៣ឆ្នាំរំកិល ដែលក្នុងឆ្នាំនេះ សង្កាត់ទឹកថ្លា បានលើកគម្រោងដាក់លូរំដោះទឹក។ តែទោះយ៉ាងណាលោកបានបញ្ជូនព័ត៍មាននេះទៅឲ្យលោកចៅសង្កាត់ដើម្បីពន្លឿនបន្ថែមហើយដែរ។

លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា បានប្រាប់ កម្ពុជាថ្មី ថា ផ្លូវនេះសង្កាត់កំពុងនឹងរៀបចំស្ថាបនា នាចុងឆ្នាំនេះ ដោយរង់ចាំថវិការសម្រាប់សាងសង់ ហើយនឹងត្រៀមចុះពិនិត្យទីតាំង ប្រជុំដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ ថាតើត្រូវពង្រីកបន្ថែមទំហំផ្លូវឬយ៉ាងណា ព្រោះថា ផ្លូវនោះតូចកាលណាធ្វើថ្មី ត្រូវបន្ថែមទំហំផ្លូវ ដើម្បីងាយរថយន្តចេញចូល ជាពិសេសនៅពេលមានអគ្គិភ័យកើតឡើង ដើម្បីងាយរថយន្តទឹកចូលជួយសង្គ្រោះ។

ប្រជាពលរដ្ឋរស់នៅតំបន់ផ្លូវនេះបាន បន្តលើកឡើងថា បើអាជ្ញាធរជួយស្ថាបនាផ្លូវមួយខ្សែនេះ សូមធ្វើទៅតាមផ្លូវចាស់ និងដាក់ប្រព័ន្ធលូទៅបានហើយ ព្រោះកាលណាពង្រីក គឺប្រជាពលរដ្ឋខ្លះអស់ផ្ទះនៅតែម្តង ដោយទំហំផ្ទះរបស់ប្រជាពលរដ្ឋ នៅទីនេះមានទំហំតូចហើយខ្លីថែមទៀតផង៕
អត្ថបទ៖ សំណាង
The post ពលរដ្ឋរស់នៅជាប់របងវត្តទឹកថ្លា ស្នើអាជ្ញាធរ ស្ថាបនាផ្លូវមួយខ្សែប្រវែងជាង១០០ម៉ែត្រ appeared first on Kampuchea Thmey Daily.