ពលរដ្ឋរស់នៅក្បែរផ្សារ ២០០២ មានអារម្មណ៍មិនសប្បាយចិត្តពីបញ្ហាផ្លូវខូច និងសំរាមច្រើន
ខណៈសំរាមក៏មានច្រើនធ្វើឲ្យជះក្លិនស្អុយប៉ះពាល់ដល់ការរស់នៅ... The post ពលរដ្ឋរស់នៅក្បែរផ្សារ ២០០២ មានអារម្មណ៍មិនសប្បាយចិត្តពីបញ្ហាផ្លូវខូច និងសំរាមច្រើន appeared first on Kampuchea Thmey Daily.

ពលរដ្ឋរស់នៅក្បែរផ្សារ២០០២ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កំពុងមានអារម្មណ៍មិនសប្បាយចិត្តពីបញ្ហាផ្លូវខូចជាង ១៦០ម៉ែត្រ ខណៈសំរាមក៏មានច្រើនធ្វើឲ្យជះក្លិនស្អុយប៉ះពាល់ដល់ការរស់នៅ។

កញ្ញា ចាន់ ណេត ពលរដ្ឋរស់នៅអមសងខាងផ្លូវបានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ពេលដែលអាជ្ញាធរបណ្តោយអោយផ្លូវមួយខ្សែនេះខូចខ្លាំងទៅ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតកើតទៅមានជង្ហុកធំតូចជាច្រើន ហើយពេលខ្យល់បក់ម្តងៗ ហ៊ុយចូលផ្ទះ ដែលធ្វើអោយមានប៉ះពាល់ផ្លូវដង្ហើមជាខ្លាំង។ កញ្ញាបន្តថា ពួកគាត់ធ្លាប់បានឃើញអាជ្ញាធរចុះវាស់វែងត្រួតពិនិត្យ ២-៣ដងដែរ ប៉ុន្តែវាស់វែងហើយក៏ស្ងាត់ឈឹងទុកចោលរហូតមកដល់បច្ចុប្បន្ននេះ។

លោក ហេង សុដា ពលរដ្ឋនៅក្បែរនោះក៏បានលើកឡើងដែរថា នៅសល់ពេលតែប្រមាណជាជិត២ខែទៀតប៉ុណ្ណោះ អាកាសធាតុនឹងចាប់ផ្តើមមានភ្លៀងធ្លាក់ ហើយនៅពេលមានភ្លៀងធ្លាក់ នឹងធ្វើឲ្យលិចផ្លូវពិបាកឆ្លងកាត់។ លោក ហេង សុដា បន្ថែមថា កន្លងមកពួកគាត់បាននាំគ្នាប្រមូលលុយទិញគ្រួសដើម្បីចាក់តាមជង្ហុកដើម្បីស្រួលធ្វើដំណើរ តែបែរមានអាជ្ញាធរចុះមកស្តីបន្ទោសទៅវិញ។ មិនតែប៉ុណ្ណោះ តាមរបងផ្សារក្បែរផ្លូវបេតុងខូចនេះ ក៏ឃើញមានសំរាមពាសវាលពាសកាលច្រើនដែរ ដោយមិនមានធុងសម្រាប់ដាក់នោះឡើយ។

លោក ហ៊ន រដ្ឋា ស្មៀនសង្កាត់អូរបែកក្អម បានអោយដឹងថា បញ្ហាសំរាមនៅចំណុចផ្លូវបេតុងនេះ លោកបានអោយកម្លាំងបិទស្លាកហាមឃាត់ដែរ ហើយក៏មានកម្លាំងចុះល្បាត និងតែងឃាត់បានមនុស្សច្រើនដងដែរ ចាប់យកមកផាកពិន័យជារឿយៗ ប៉ុន្តែនៅតែមានអ្នករស់នៅថ្មីៗ យកមកចោលនៅទីតាំងហាមឃាត់នេះ។ លោកបានបន្តថា រីឯបញ្ហាផ្លូវខូច រដ្ឋបាលសង្កាត់បានរាយការណ៍ជូនរដ្ឋបាលខណ្ឌសែនសុខរួចរាល់ហើយ ប៉ុន្តែរង់ចាំកញ្ចប់ថវិកាអភិវឌ្ឍន៍ភូមិឃុំ ទើបចាប់ផ្តើមការជួសជុល៕
អត្ថបទ៖ រដ្ឋា

The post ពលរដ្ឋរស់នៅក្បែរផ្សារ ២០០២ មានអារម្មណ៍មិនសប្បាយចិត្តពីបញ្ហាផ្លូវខូច និងសំរាមច្រើន appeared first on Kampuchea Thmey Daily.