អាជ្ញាធរខណ្ឌទួលគោក ចុះសិក្សាគម្រោងពង្រីកផ្លូវ ២៨៣ សម្រួលការធ្វើដំណើរពលរដ្ឋ
អាជ្ញាធរខណ្ឌទួលគោក ចុះសិក្សាគម្រោងពង្រីកផ្លូវ ២៨៣ សម្រួលការធ្វើដំណើរពលរដ្ឋ... The post អាជ្ញាធរខណ្ឌទួលគោក ចុះសិក្សាគម្រោងពង្រីកផ្លូវ ២៨៣ សម្រួលការធ្វើដំណើរពលរដ្ឋ appeared first on Kampuchea Thmey Daily.

អាជ្ញាធរខណ្ឌទួលគោក បានចុះសិក្សា និងពិនិត្យគម្រោងពង្រីកផ្លូវ ២៨៣ ដែលតូចចង្អៀត ដើម្បីធ្វើការពង្រីកបន្ថែមសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះ។

ជាក់ស្ដែង លោកអភិបាលខណ្ឌទួលគោក បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពផ្លូវ ២៨៣ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសិក្សាគម្រោងអភិវឌ្ឍន៍ធ្វើការពង្រីកផ្លូវបន្ថែម។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា លោកបានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌទួលគោក ចុះឈូសឆាយ ធ្វើអនាម័យបោស និងលាងសម្អាតផ្លូវ ២៨៣ ស្ថិតក្នុងសង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយត្រង់ចំណុចនេះមានភាពតូចចង្អៀត ទើបអាជ្ញាធរខណ្ឌធ្វើការសិក្សាគម្រោងអភិវឌ្ឍន៍ឲ្យធំទូលាយជាងមុន ហើយជាជំហានដំបូង ទំហំ ១៨ ម៉ែត្រ និងចិញ្ចើមផ្លូវ ៦ ម៉ែត្រ គឺប្រើប្រាស់គម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោក ចាន់ សៀក ដែលជាប្រជាពលរដ្ឋ បានសម្ដែងក្ដីសប្បាយរីករាយចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរក្នុងការសិក្សាគម្រោងធ្វើការអភិវឌ្ឍន៍ពង្រីកផ្លូវបន្ថែម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះរបស់ប្រជាពលរដ្ឋនៅពេលធ្វើដំណើរ។

លោកបានបន្តទៀតថា នៅត្រង់ចំណុចកន្លែងនេះតែងតែមានការកកស្ទះយ៉ាងខ្លាំងដោយសារជាផ្លូវបំបែក ហើយគ្មានភ្លើងស្តុបទេ ជាពិសេសនោះនៅតំបន់នេះសម្បូរទៅដោយសាលារៀន កន្លែងធ្វើការ ភោជនីយដ្ឋាន ដែលជាហេតុធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ និងបង្កការកកស្ទះ។
គួររំលឹកផងដែរថា កន្លងមកនៅត្រង់ចំណុចផ្លូវ ២៨៣ កែង ៥១៦ នេះ ជាចំណុចផ្លូវកក្អម ដោយអាជ្ញាធរបានធ្វើការសិក្សា និងពង្រីករួចរាល់ទៅហើយ។ រហូតមកទល់ពេលនេះ អាជ្ញាធរ បានធ្វើការសិក្សាបន្ថែមទៀត ដោយពង្រីកឲ្យស្មើគ្នាតែម្ដង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
នាពេលខាងមុខ ផ្លូវនេះ នឹងត្រូវពង្រីកបន្ថែមទៀតរហូតដល់ទំហំ ៣០ ម៉ែត្រ ដែលអាចនឹងចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងភូមិសាស្ត្រខណ្ឌទួលគោកផងដែរ៕
អត្ថបទ ៖ ម៉េង



The post អាជ្ញាធរខណ្ឌទួលគោក ចុះសិក្សាគម្រោងពង្រីកផ្លូវ ២៨៣ សម្រួលការធ្វើដំណើរពលរដ្ឋ appeared first on Kampuchea Thmey Daily.