ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA
ស្រាប់តែពេលនេះមានព័ត៌មានអំពីការផ្ទុះឆ្លងមេរោគ Norovirus ជាចង្កោមក្នុងមណ្ឌលជនភៀសខ្លួនបណ្តាលឲ្យមនុស្ស២៨នាក់ ធ្លាក់ខ្លួនឈឺ... The post ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA appeared first on Kampuchea Thmey Daily.
អ្នកក្រុង Los Angeles (LA) ជាច្រើននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងជាមួយក្តីសង្ឃឹមគេចពីគ្រោះថ្នាក់នៃភ្លើងឆេះព្រៃយ៉ាងសាហាវ ស្រាប់តែពេលនេះមានព័ត៌មានអំពីការផ្ទុះឆ្លងមេរោគ Norovirus ជាចង្កោមក្នុងមណ្ឌលជនភៀសខ្លួនបណ្តាលឲ្យមនុស្ស២៨នាក់ ធ្លាក់ខ្លួនឈឺ។
តាមសេចក្តីរាយការណ៍របស់ Newsweek កាលពីថ្ងៃសុក្រទី១៧ខែមករាឆ្នាំ២០២៥ ករណីទាំងនេះត្រូវបានរកឃើញក្នុងមណ្ឌលភៀសខ្លួនតំបន់ Pasadena។
ជុំវិញបញ្ហានេះ នាយកដ្ឋានសុខភាពសាធារណៈ Pasadena (PPHD) បានចេញសេចក្តីថ្លែងការណ៍ថា «យើងបានធ្វើតេស្តលើអ្នកជំងឺរកឃើញមេរោគ Norovirus ហើយយើងបានណែនាំនិងគាំទ្រដល់ប្រតិបត្តិការជម្រករបស់កាកបាទក្រហមអាមេរិក ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃមេរោគនេះ»។
ស្របពេលជាមួយគ្នានោះ PPHD បញ្ជាក់ថា ខ្លួនកំពុងព្យាបាលអ្នកជំងឺនិងបន្តតាមដានករណីនេះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
តាមពិតទៅ Norovirus មិនមែនជាមេរោគថ្មីទេ ពោលគឺវាផ្ទុះឡើង៥០ឆ្នាំមកហើយ។ វាងាយឆ្លងបំផុតទៅលើកុមារនិងអ្នកដែលមានអង់ទីគ័រខ្សោយ ជាពិសេសអំឡុងពេលអាកាសធាតុចុះត្រជាក់។
វាឆ្លងរាលដាលតាមរយៈផ្ទៃដែលមានមរោគ ដូចជាតុ ទ្វារ និងអាហារ ឬការប៉ះពាល់ជាមួយអ្នកជំងឺ។ រោគសញ្ញានៃការឆ្លងអាចលេចឡើងក្នុងរយៈពេលពី១២ទៅ៤៨ម៉ោង ហើយជាទូទៅអ្នកឆ្លងចេញអាការ ក្អួត ចង្អោរ គ្រុនក្តៅ ឈឺក្បាល ឈឺដងខ្លួន និងរាគ។ បើក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចខ្វះជាតិទឹក ប៉ុន្តែមេរោគនេះមិនបណ្តាលឲ្យមនុស្សស្លាប់នោះទេ។
យ៉ាងណា ករណីឆ្លងលើពលរដ្ឋ LA ពេលនេះ បានចោទជាបញ្ហាប្រឈមថ្មីទៀត ខណៈពួកគេកំពុងរងទុក្ខដោយសារបាត់បង់ផ្ទះសម្បែងព្រោះតែភ្លើងឆេះព្រៃរួចទៅហើយ។
គិតត្រឹមរាត្រីថ្ងៃសុក្រទី១៧ខែមករា អគ្គិភ័យនៅរដ្ឋកាលីហ្វ័រញ៉ា បានសម្លាប់មនុស្សចំនួន២៧នាក់ និងបង្ខំឲ្យរាប់លាននាក់ទៀត ជម្លៀសចេញពីផ្ទះសម្បែង។
អគ្គិភ័យបានឆេះកម្ទេចលើផ្ទៃដីជាង ១៦ ៣០៨ហិកតា ដោយបំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ៣០០ខ្នង និងបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណ២៥០ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
The post ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA appeared first on Kampuchea Thmey Daily.