ប្លុកទេសចរណ៍លើទឹកដីខេត្តកែប ដែលមិនគួររំលង
ឈានចូលដល់រដូវប្រាំង តំបន់សមុទ្រក្លាយជាពេលវេលាសមស្រប សម្រាប់ការសម្រាកលំហែកាយដ៏ស័ក្តសមបំផុតជាមួយធម្មជាតិ The post ប្លុកទេសចរណ៍លើទឹកដីខេត្តកែប ដែលមិនគួររំលង appeared first on Kampuchea Thmey Daily.

ឈានចូលដល់រដូវប្រាំង តំបន់សមុទ្រក្លាយជាពេលវេលាសមស្រប សម្រាប់ការសម្រាកលំហែកាយដ៏ស័ក្តសមបំផុតជាមួយធម្មជាតិ ព្រមនឹងសកម្មភាពផ្សេងៗ ដូចជាបោះតង់ចាប់សត្វសមុទ្រ មើលថ្ងៃរះ និងថ្ងៃលិចជាដើម។ ទាំងអស់នេះ សុទ្ធសឹងជាក្តីសុខសម្រាប់វេលាចុងសប្តាហ៍ របស់មនុស្សរាល់គ្នា បន្ទាប់ពីហត់នឿយនឹងការងារ ឬការសិក្សា ស្ទើរពេញមួយសប្តាហ៍។

បើនិយាយពីកន្លែងទេសចរណ៍ធម្មជាតិប្រភេទនេះ កម្ពុជាថ្មី សូមណែនាំប្លុកដើរលេងមួយចំនួន ស្ថិតលើទឹកដីខេត្តកែប ដែលទេសចរអាចធ្វើដំណើរកម្សាន្តបានដោយងាយស្រួលនាវេលាចុងសប្តាហ៍។
១. រមណីយដ្ឋានអេកូទេសចរណ៍ វត្តភ្នំសរសៀ
២. សហគមន៍នេសាទអូរក្រសា ខេត្តកែប
ជាកន្លែងទេសចរណ៍ថ្មីនៅក្នុង ខេត្តកែប ដែលត្រូវធ្វើដំណើរតាមបណ្តោយផ្លូវ៣៣ មិនឆ្ងាយប៉ុន្មានពីតំបន់សហគមន៍ខាងលើដែរ។ សម្រាប់ការកម្សាន្តនៅទីនេះ ទេសចរទស្សនាព្រៃកោងកាង ចាក់បង្គា ជាមួយបងប្អូនសហគមន៍ពេលរាត្រី និងសកម្មភាពផ្សេងទៀត។



៣. កោះកុក
កោះកុក ជាកូនកោះតូច ដែលមានទេសភាពស្រស់ស្អាត និងជាកន្លែងសម្បូរទៅដោយជីវៈចម្រុះ រួមទាំងផ្កាថ្មចម្រុះពណ៌ ពេញនិយមសម្រាប់ដំណើរកម្សាន្តបោះតង់។

៤. កោះទន្សាយ
ជារមណីយដ្ឋានធម្មជាតិដ៏ល្អប្រណិតដែលមានលក្ខណៈអំណោយពីធម្មជាតិ ដោយទឹកសមុទ្រមានជម្រាលវែងហើយរាក់ ព្រោះមានឆ្នេរនៅព័ទ្ធជុំវិញកោះហើយវាមានភាពជម្រាលបន្តិចម្តងៗ ជាទីពេញនិយមសម្រាប់អ្នកទេសចរបំផុត។ តំបន់កោះនេះ មិនពិបាកសម្រាប់ការស្វែងរកការស្នាក់នៅនិងទទួលទាននោះឡើយ។ ទេសចរ អាចកម្សាន្តទស្សនាផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ ក៏ដូចជាទទួលទានអាហារសមុទ្រស្រស់ៗនៅទីនេះបាន។



៥. ឆ្នេរអង្កោល
ជាកន្លែងទេសចរណ៍ឆ្នេរថ្មីមួយលើទឹកដីនៃ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប និងកំពុងជាទីចាប់អារម្មណ៍ខ្លាំង សម្រាប់ដំណើរកម្សាន្តរៀងរាល់ចុងសប្តាហ៍។ ឆ្នេរនេះ មានទេសភាពស្រស់ត្រកាល មានឆ្នេរដ៏វែង និងកញ្ចុះសម្រាកលំហែជាច្រើន។ ទេសចរ ច្រើនមកលេងកម្សាន្តទីនេះនាពេលល្ងាច គយគន់ថ្ងៃលិច លេងទឹក និងធ្វើសកម្មភាពកម្សាន្តផ្សេងទៀត ពិសេសគឺចាប់សត្វសមុទ្រនៅពេលយប់។


ក្រៅពីប្លុកកម្សាន្តទាំងនេះ ទេសចរមិនដែលមើលរំលងការចូលកម្សាន្តក្រុងកែបនោះឡើយ។ បច្ចុប្បន្ន ក្រុងកែប កំពុងកែប្រែមុខមាត់ជាបណ្តើរៗ ដោយបង្កើតឆ្នេរនៅប៉ែកខាងផ្សារក្តាម មានភោជនីយដ្ឋាន ហាងកាហ្វេមាត់សមុទ្រ ហើយទេសចរក៏អាចជិះទូកក្តោងលេងបានផងដែរ៕
The post ប្លុកទេសចរណ៍លើទឹកដីខេត្តកែប ដែលមិនគួររំលង appeared first on Kampuchea Thmey Daily.