ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព

ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានរម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីនៅពេលដែលប្រទេសបាត់បង់សន្ដិភាព ដោយថាក្នុងពេលប្រទេសមានភាពវឹកវរគឺស្ត្រីនោះហើយជាអ្នកប្រឈមនឹងការលំបាកខ្លាំងជាងគេ។ The post ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព appeared first on Kampuchea Thmey Daily.

ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព

ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានរម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីនៅពេលដែលប្រទេសបាត់បង់សន្ដិភាព ដោយថាក្នុងពេលប្រទេសមានភាពវឹកវរគឺស្ត្រីនោះហើយជាអ្នកប្រឈមនឹងការលំបាកខ្លាំងជាងគេ។

ថ្លែងក្នុងពេលពិធីសំណេះសំណាលជាមួយសមាជិការដ្ឋសភា  ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមីនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍ថាស្ថានភាពរបស់ស្ដ្រីគឺពាក់ព័ន្ធជាខ្លាំងជាមួយស្ថានភាពរបស់ប្រទេស។ សម្ដេចថាក្នុងស្ថានភាពដែលប្រទេសមានសន្ដិភាពការរីកចម្រើននោះ សិទ្ធិ តួនាទី របស់ស្ត្រីនៅក្នុងសង្គមក៏ត្រូវបានលើកតម្កើនដូចគ្នា តែផ្ទុយទៅវិញប្រសិនជាប្រទេសធ្លាក់ក្នុងស្ថានភាពវឹកវរ គ្មានសន្ដិភាព ពិតណាស់គឺគ្មានឡើយនូវការលើកតម្កើនទាំងនេះ។

សម្ដេចថា៖ «មិនមែនជារឿងនិយាយលេងទេ ហើយពាក្យអរគុណសន្ដិភាពក៏មិនគ្រាន់តែពិរោះស្ដាប់ដែរ! បាត់បង់សន្ដិភាពតួនាទីរបស់ស្ដ្រីគឺបាត់បង់មុនគេហើយ។ [..] ស្ត្រីខ្លួនឯងត្រូវដឹងឱ្យច្បាស់ថាពួកយ៉ាងនេះបើបាត់បង់សន្ដិភាពយើងក៏ត្រូវបាត់បង់ឋានៈតួនាទីនៅក្នុងសង្គមផងដែរ ស្ថានភាពរបស់ស្ដ្រីពាក់ព័ន្ធខ្លាំងណាស់ជាមួយស្ថានភាពនយោបាយ»។

សម្ដេចប្រធានរដ្ឋសភាបន្ថែមថាអស់រយៈពេលជិត៣០ឆ្នាំហើយដែលកម្ពុជាបានងើបឡើងពីសង្គ្រាមព្យាយាមបង្កើតសន្ដិភាពក្នុងប្រទេសឡើងវិញ ដែលបានបង្ហាញឧទាហរណ៍យ៉ាងច្បាស់លើការលើកឡើងខាងលើ។

សម្ដេចថ្លែងអំណរគុណដល់ការលះបង់របស់អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ចំពោះការនាំមកនូវសន្ដិភាព និងការព្យាយាមធ្វើឱ្យតួនាទីរបស់ស្ត្រីកើតមានឡើងវិញផងដែរនៅលើទឹកដីកម្ពុជាមួយនេះ។

ក្នុង​ឯកសារស្ដីពីឥទ្ធិពលនៃជម្លោះលើស្ត្រី និងក្មេងស្រី ដែលចេញផ្សាយដោយ UNFPA បានលើកឡើងថា ឥទ្ធិពលនៃសង្គ្រាមបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ត្រី និងកុមារី។ ដោយសារតែបាត់បង់នូវស្ថេរភាព និងសណ្ឋាប់ធ្នាប់ ស្ត្រីត្រូវប្រឈមនឹងអំពើហិង្សា និងការរើសអើងផ្អែកលើយេនឌ័រ ក្លាយជាគោលដៅនៃអំពើហិង្សាផ្លូវភេទ ការរំលោភសេពសន្ធវៈ ត្រូវបានប្រើប្រាស់ក្នុងសង្គ្រាម ប្រឈមនឹងការឆ្លងជំងឺកាមរោគ និងមេរោគអេដស៍/ជំងឺអេដស៍ និងការបំពានលើភេទផ្សេងទៀត។ ខណៈដែល UN Woman បានកត់សម្គាល់ថាជិត៩០ភាគរយនៃជនរងគ្រោះពីសង្គ្រាមគឺជនស៊ីវិលដែលក្នុងនោះស្ត្រី និងកុមារ មានច្រើនជាងគេ។​

រូបស្ត្រីខ្មែរនាំកូនរត់គេចពីសង្គ្រាមឆ្នាំ១៩៧៩ ទៅជុំរំព្រំដែនថៃ ដែលអង្រួនពិភពលោកពីសង្គ្រាមនៅកម្ពុជា

កម្ពុជាបានបិទបញ្ចប់សង្គ្រាមហែកហួរគ្នាជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំសន្ដិភាពពេញលេញរហូតមកដល់សព្វថ្ងៃនេះ។ ជានិច្ចជាកាលរដ្ឋាភិបាលតែងតែប្រកាសការពារនូវសន្តិភាពដែលរកបានដោយលំបាកនេះឱ្យខានតែបាន ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីភាពសុខសាន្ត ការរីកចម្រើនរបស់ប្រជាជន និងប្រទេសជាតិ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍  

The post ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព appeared first on Kampuchea Thmey Daily.