បាក់អណ្តូងរ៉ែនៅមីយ៉ាន់ម៉ា លិចផ្ទះ៥០ខ្នង សម្លាប់មនុស្ស១២នាក់ និងបាត់ខ្លួនរាប់សិបនាក់
អណ្ដូងជីករ៉ែត្បូងមួយបានបាក់នៅខេត្ត Hpakant រដ្ឋ Kachin ប្រទេសមីយ៉ាន់ម៉ា លិចផ្ទះជាង ៥០ខ្នង និងបណ្ដាលឲ្យមនុស្សស្លាប់... The post បាក់អណ្តូងរ៉ែនៅមីយ៉ាន់ម៉ា លិចផ្ទះ៥០ខ្នង សម្លាប់មនុស្ស១២នាក់ និងបាត់ខ្លួនរាប់សិបនាក់ appeared first on Kampuchea Thmey Daily.
អណ្ដូងជីករ៉ែត្បូងមួយបានបាក់នៅខេត្ត Hpakant រដ្ឋ Kachin ប្រទេសមីយ៉ាន់ម៉ា លិចផ្ទះជាង៥០ខ្នង និងបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើននាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃThe Nation នៅថ្ងៃទី១៤ខែមករានេះ។
យោងតាមក្រុមអ្នកជួយសង្គ្រោះ ការបាក់ស្រុតនេះបណ្តាលឱ្យដីខ្ទេចខ្ទី និងភក់ល្បាប់ហូរចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្សរាប់សិបនាក់បាត់ខ្លួន។ មកទល់ពេលនេះ សាកសពចំនួន ១២នាក់ ត្រូវបានរកឃើញ ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។ គេមិនទាន់អាចបញ្ជាក់ចំនួនពិតប្រាកដនៃអ្នកស្លាប់និងរបួសនៅឡើយទេ ខណៈតំបន់នេះរួមមានសង្កាត់ចំនួនពីរ ហើយមនុស្សជាច្រើនត្រូវនាំទៅតាមទឹក។ តាមអ្វីដែលក្រុមជួយសង្គ្រោះអាចប៉ាន់ស្មានបាន ទំនងជាមានជនរងគ្រោះជាង ៣០ នាក់។
សាក្សីបានប្រាប់ថា ការបាក់ដីនេះបានកើតឡើងដោយសារដីសម្រាមដែលក្រុមហ៊ុនបានចាក់មានទម្ងន់ខ្លាំងបណ្ដាលឱ្យមានដីខ្សាច់ពីក្រោមដីហៀរមកទម្លុះអណ្ដូងរ៉ែនេះ។ ទីតាំងរុករករ៉ែនេះដំណើរការដោយក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយមេដឹកនាំ KIA (កងទ័ពឯករាជ្យ Kachin)។
បច្ចុប្បន្ននេះ មិនទាន់មានបញ្ជីឈ្មោះអ្នកបាត់ខ្លួនច្បាស់លាស់ត្រូវបានរាយការណ៍នោះទេ ប៉ុន្តែមានភស្តុតាងបញ្ជាក់ថាមាន គ្រួសារទាំងមូល រួមទាំងកុមារ ស្ថិតក្នុងចំណោមអ្នកដែលបាត់ខ្លួន។ មកដល់ពេលនេះក្រុមជួយសង្គ្រោះកំពុងធ្វើការដើម្បីកាយភក់ និងស្រង់សាកសពចេញ។
គួរបញ្ជាក់ថាចាប់តាំងពីការផ្លាស់ប្តូរនយោបាយដោសាររដ្ឋប្រហារក្នុងឆ្នាំ ២០២១ មក ប្រតិបត្តិការរុករករ៉ែត្បូងថ្មជាផ្លូវការនៅខេត្ត Hpakant ត្រូវបានផ្អាក។ ទោះបីជាយ៉ាងណាក៏ដោយ ការជីកយករ៉ែខុសច្បាប់ទ្រង់ទ្រាយធំនៅតែបន្ត ដែលជារឿយៗបណ្តាលឱ្យមានឧបទ្ទវហេតុគ្រោះថ្នាក់ដល់ជីវិត ដូចជាការបាក់ដី និងការបាក់អណ្ដូងជាដើម។ កាលពីខែកក្កដាឆ្នាំ២០២០មាន ឧបទ្ទវហេតុដ៏សាហាវបំផុតមួយនៅក្នុងខេត្ត Hpakant នេះបានកើតឡើងនៅការដ្ឋានជីកយករ៉ែត្បូងនៅភូមិ Wai Kha សម្លាប់កម្មកររ៉ែជាង ១៩០ នាក់៕
អត្ថបទ៖ ប៊ុន សុភាព
The post បាក់អណ្តូងរ៉ែនៅមីយ៉ាន់ម៉ា លិចផ្ទះ៥០ខ្នង សម្លាប់មនុស្ស១២នាក់ និងបាត់ខ្លួនរាប់សិបនាក់ appeared first on Kampuchea Thmey Daily.