នាយករដ្ឋមន្ត្រីថៃមានជំនឿខ្ពស់លើការទុកចិត្តផ្នែកនយោបាយជាមួយកម្ពុជា
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានលើកឡើងថាភាពជាមិត្តជិតខាងល្អជាមួយកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជានិងថៃជម្នះនូវបញ្ហាជាច្រើន ទទួលបានផលប្រយោជន៍ខ្ពស់ និងការអភិវឌ្ឍក្នុងតំបន់។ The post នាយករដ្ឋមន្ត្រីថៃមានជំនឿខ្ពស់លើការទុកចិត្តផ្នែកនយោបាយជាមួយកម្ពុជា appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានលើកឡើងថាភាពជាមិត្តជិតខាងល្អជាមួយកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជានិងថៃជម្នះនូវបញ្ហាជាច្រើន ទទួលបានផលប្រយោជន៍ខ្ពស់ និងការអភិវឌ្ឍក្នុងតំបន់។

លើកឡើងក្នុងជំនួបជាមួយប្រធានសភាកម្ពុជាកាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងពេលធ្វើទស្សនកិច្ចមកកាន់កម្ពុជាលោកស្រី ផែថងថាន បានជម្រាបសម្ដេចសភាធិបតីពីការវិវត្តន៍នៃទំនាក់ទំនងរវាងកម្ពុជា-ថៃ ដែលសម្រេចបានការចុះអនុស្សារណៈចំនួន៧ក្នុងពេលនេះ និងបានបញ្ជាក់ថាកម្ពុជា-ថៃជាមិត្តជិតខាងល្អ មានការទុកចិត្តផ្នែកនយោបាយខ្ពស់ ដែលពិតជាជួយដល់ការដោះស្រាយបញ្ហាប្រឈមនានាបាន។

ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងដោយបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) គឺជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀតចំពោះប្រជាជនប្រទេសទំាងពីរ ក៏ដូចជារាជរដ្ឋាភិបាលនិងសភាប្រទេសទាំងពីរ។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាការបន្ថែមសន្ទុះជំរុញថ្មីមួយដល់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិមានការផ្លាស់ប្ដូរ និងប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាពជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជានិងថៃនៅតែឈរយ៉ាងរឹងមាំ ធន់ និង វិវត្តរីកចម្រើនទៅមុខជានិច្ច។

ស្ថានភាពនយោបាយកម្ពុជា-ថៃ មួយរយៈចុងក្រោយត្រូវបានដុតកម្ដៅដោយក្រុមជាតិនិយមជ្រុលយកបញ្ហាព្រំដែន និងដែនកោះគុតជាប្រធានបទក្នុងការវាយប្រហារលើរដ្ឋាភិបាលរៀងខ្លួន។ ទោះជាយ៉ាងណាការដុតកម្ដៅនេះមិនបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរប្រឈមមុខគ្នានោះទេដោយសារភាពទុកចិត្តផ្នែកនយោបាយរវាងអ្នកដឹកនាំថៃ និងកម្ពុជានេះ។
គួរឱ្យដឹងផងដែរថានាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានអញ្ជើញមកបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅកម្ពុជា ដោយចាប់ផ្ដើមពីថ្ងៃទី២៣ ខែមេសា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលដែលកម្ពុជា-ថៃប្រារព្ធខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ។

កម្ពុជា-ថៃ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ គិតមកដល់ពេលនេះមានរយៈពេល៧៥ឆ្នាំមកហើយ។ ក្នុងខួប៧៥ឆ្នាំនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំថែមទៀត។
ថ្លែងក្នុងពេលធ្វើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៣ ខែមេសា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន អរគុណនូវគោលនយោបាយរបស់ប្រទេសថៃដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីប្រទេសថៃដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឬធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តគោលការណ៍នេះដូចគ្នា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
The post នាយករដ្ឋមន្ត្រីថៃមានជំនឿខ្ពស់លើការទុកចិត្តផ្នែកនយោបាយជាមួយកម្ពុជា appeared first on Kampuchea Thmey Daily.