ទំនិញ ៧ ប្រភេទ អនុញ្ញាតឱ្យជំពាក់បែបបទគយក្នុងការនាំចេញ
ទំនិញ ៧ ប្រភេទ អនុញ្ញាតឱ្យជំពាក់បែបបទគយ ក្នុងការនាំចេញ... The post ទំនិញ ៧ ប្រភេទ អនុញ្ញាតឱ្យជំពាក់បែបបទគយក្នុងការនាំចេញ appeared first on Kampuchea Thmey Daily.

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី «ការអនុញ្ញាតឱ្យយកទំនិញចេញ មុនពេលបញ្ចប់ការបំពេញបែបបទបញ្ចេញទំនិញពីគយ» បានគូសបញ្ជាក់ឱ្យដឹងថា មានមុខទំនិញចំនួន ៧ ប្រភេទ ដែលត្រូវបានអនុញ្ញាតឱ្យជំពាក់បែបបទគយសម្រាប់ការនាំចេញ។

យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំនិញដែលអាចត្រូវបានអនុញ្ញាតឱ្យជំពាក់បែបបទគយទាំង ៧ ប្រភេទ នោះ រួមមាន ១.ទំនិញនាំចូលរបស់ក្រសួង-ស្ថាប័នរដ្ឋ, ២.ទំនិញនាំចូលក្នុងក្របខ័ណ្ឌ ហិរញ្ញប្បទាន និងទំនិញនាំចូលរបស់គម្រោងវិនិយោគសាធារណៈ, ៣.ទំនិញនាំចូលរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) និងសហគ្រាស ធុនតូច និងមធ្យម។ ៤.ទំនិញនាំចូលជាកម្មវត្ថុនៃការបង់ពន្ធអាករដែលមានតម្រូវការបន្ទាន់ឬចាំបាច់ ប៉ុន្តែពុំទាន់ មានការសម្រេចពីមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ច លើទិដ្ឋភាពបច្ចេកទេសគយ ដូចជា តម្លៃគិតពន្ធគយ ចំណាត់ថ្នាក់ទំនិញ ឬដើមកំណើតទំនិញជាដើម, ៥.ទំនិញត្រូវរង់ចាំសេចក្តីសម្រេចលើការតវ៉ា ឬទំនិញត្រូវបានឃាត់ទុកបណ្តោះអាសន្ន, ៦.ទំនិញឆាប់ខូចគុណភាពដែលពុំមានហានិភ័យដល់សុខុមាលភាព សន្តិសុខ និងសុវត្ថិភាពសង្គម និង៧.ទំនិញផ្សេងទៀតដែលទទួលបានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ជាមួយគ្នានោះ ពាក់ព័ន្ធនិងការជំពាក់បែបបទគយ គឺមិនត្រូវបានអនុញ្ញាតចំពោះទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ លើកលែងតែមានការអនុញ្ញាតឱ្យជំពាក់បែបបទពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច។

ដើម្បីទទួលបានការអនុញ្ញាតឱ្យជំពាក់បែបបទគយ ម្ចាស់ទំនិញ ឬតំណាង ត្រូវស្នើសុំជាលាយលក្ខណ៍អក្សរដោយភ្ជាប់ឯកសារពាក់ព័ន្ធមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទន្ទឹមនោះ ម្ចាស់ទំនិញ ឬតំណាង ត្រូវធានាពីភាពត្រឹមត្រូវនៃសំណុំឯកសារដែលដាក់ស្នើសុំជំពាក់បែបបទគយ។ ដោយឡែក ការស្នើសុំការអនុញ្ញាតជំពាក់បែបបទគយរបស់អ្នកអភិវឌ្ឍន៍តំបន់ និងវិនិយោគិនក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រូវអនុវត្តតាមនីតិវិធីគយពិសេសដែលកំណត់ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
The post ទំនិញ ៧ ប្រភេទ អនុញ្ញាតឱ្យជំពាក់បែបបទគយក្នុងការនាំចេញ appeared first on Kampuchea Thmey Daily.