ទុរេនសំឡូត គ្រោងចុះបញ្ជី Brand Name ដើម្បីបញ្ជៀសការក្លែងបន្លំ
ទុរេនសំឡូត គ្រោងចុះបញ្ជី Brand Name ជៀសវាងការក្លែងបន្លំ... The post ទុរេនសំឡូត គ្រោងចុះបញ្ជី Brand Name ដើម្បីបញ្ជៀសការក្លែងបន្លំ appeared first on Kampuchea Thmey Daily.

ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក ឈឹម វជិរា គ្រោងនឹងធ្វើការចុះបញ្ជីយីហោ (Brand Name) នៃទុរេនសំឡូតដើម្បីសម្គាល់ជាទុរេនស្រុកសំឡូតពិតប្រាកដ ក្នុងគោលបំណងជៀសវាងការក្លែងបន្លំពីជនខិលខូចមួយចំនួនដែលលួចនាំចូលទុរេនខាងក្រៅ មកលក់ថាជាទុរេនក្នុងស្រុក ។

ថ្លែងមកកាន់«កម្ពុជាថ្មី» លោក ឈឹម វជិរា មានប្រសាសន៍ថា ទុរេននៅក្នុងស្រុកសំឡូត គឺចាប់ផ្តើមប្រមូលផលចាប់ពីសប្តាហ៍ទី១ នៃខែមិថុនា នេះតទៅ ដូច្នេះកន្លងមកយើងឃើញមានការដាក់លក់ជាហូរហែថាជាទុរេន នោះគឺមិនមែនទេ។
លោកបានថ្លែងបញ្ចាក់ទៀតថា ផែនការនេះត្រូវបានធ្វើឡើង ក្រោមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម កន្លងមកមន្ទីរក៏បានធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ផងដែរលើការនាំចូល និងបានចុះទៅណែនាំដល់ម្ចាស់ចម្ការឱ្យថែរក្សាឱ្យបាននូវគុណភាពផលិតផលធ្វើយ៉ាងណាដើម្បីកុំឱ្យខូច Brand Name ទំនិញរបស់ខេត្ត និងបញ្ចៀសធ្វើយ៉ាងណាកុំឱ្យទុរេននាំចូលមកពីខាងកើត ក៏ជាទុរេនសំឡូត ទុរេននាំចូលពីខាងលិច ក៏ជាទុរេនសំឡូត។

លោកថា «ជាទូទៅទុរេននៅក្នុងប្រទេសថៃ ជាប់គ្នាជាមួយខេត្តចាន់បុរី និងខេត្តត្រាត គេក៏ដាំទុរេនដូចគ្នាដែរ ប៉ុន្តែទុរេនខាងថៃគឺប្រមូលផលមុនទុរេននៅក្នុងស្រុករបស់យើង ១ ខែ មានន័យថា ចាប់ពីពាក់កណ្តាលខែឧសភា មក គេអាចប្រមូលផលបានហើយ និងមានលក់នៅលើទីផ្សារហើយ»។ លោកថា ដោយសារតែកត្តាទាំងអស់នេះហើយ ទើបបានជាកន្លងមកយើងក៏ឃើញមានជនខិលខូចឆ្លៀតឱកាសមួយចំនួន ចេះតែលួចនាំចូលពីខាងក្រៅ យកមកដាក់លក់ឱ្យប្រជាពលរដ្ឋបន្លំថាជាទុរេននៅក្នុងស្រុក។
ជុំវិញបញ្ហានេះ លោក ឈឹម វជិរា បានគូសបញ្ជាក់ថា «ដើម្បីការពារការក្លែងបន្លំទុរេនខាងក្រៅ ថាជាទុរេននៅក្នុងស្រុក កន្លងមករដ្ឋបាលស្រុកសំឡូតក៏បានស្នើសុំទៅកាន់រដ្ឋបាលខេត្តដើម្បីរៀបចំចុះបញ្ជីជា Brand Name មួយសម្គាល់ជាទុរេនស្រុកសំឡូតពិតប្រាកដ»។
បន្ថែមពីនេះ មន្ទីរក៏មានរៀបចំឱ្យមានស្ទីកឃ័រ QR កូដ សម្គាល់ ទៅលើទិន្នផលទុរេននីមួយៗផងដែរ។ ឧទាហរណ៍ គ្រាន់តែអតិថិជនស្គេនទៅលើ QR កូដ នោះ នឹងមានបង្ហាញពីឈ្មោះរបស់ម្ចាស់ចម្ការ អាសយដ្ឋាន ផ្ទៃដីដាំដុះ ចំនួនដើមទុរេន និងអាយុកាលរបស់ទុរេន មាននៅក្នុងនេះទាំងអស់។

ជាក់ស្តែង កន្លងមកមន្ទីរកសិកម្មស្រុកសំឡូត ក្រោមការគាំទ្រផ្ទាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំឱ្យមានទៅជា អាជីវកម្មកសិករដាំដុះទុរេននៅស្រុកសំឡូត។ ក្នុងនោះ ជំហ៊ានទី១ មន្ទីរអាចសម្រេចបានចំនួន ១៩ គ្រួសារ លើសមាជិកចំនួន ១២០គ្រួសារ ប៉ុន្តែប្រហែលជាមាន ជាង ១០គ្រួសារប៉ុណ្ណោះ ដែលក្រសួងកសិកម្ម និងអគ្គនាយកដ្ឋានកសិកម្មខ្នះខ្នែងនៅក្នុងការជំរុញឱ្យចុះបញ្ជីចម្ការទុរេននៅសំឡូតនេះឱ្យទៅជាចម្ការអនុវត្តន៍កសិកម្មល្អដោយអនាគតទៅម្ចាស់ចម្ការទុរេនទាំងអស់នោះនឹងធ្វើការនាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិន។
យោងតាមតារាងស្ថិតិដំណាំឧស្សាហកម្ម និងសាវប្បកម្មរយៈពេលវែង ប្រចាំឆ្នាំ២០២៤ បានឱ្យដឹងថា ខេត្តបាត់ដំបង មានផ្ទៃដីដាំដុះទុរេនប្រមាណ ១,២៩០ហិតា ក្នុងនោះផ្ទៃដីប្រមូលបានប្រមាណ ៤៦០ហិតា ដែលទទួលបានទិន្នផលសរុប ១៨.៥១០ តោន និងបរិមាណផលសរុបប្រមាណ ៥,៥១៥ តោន៕
The post ទុរេនសំឡូត គ្រោងចុះបញ្ជី Brand Name ដើម្បីបញ្ជៀសការក្លែងបន្លំ appeared first on Kampuchea Thmey Daily.