ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង
ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង... The post ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង appeared first on Kampuchea Thmey Daily.

អគ្គិភ័យឆាបឆេះបន្ទប់ស្ទូឌីយោចំនួន ០១ បន្ទប់ ទាំងស្រុង ក្នុងហាងលក់ស្បែកជើង ១ កន្លែង ព្រមទាំងខូចខាតសម្ភារៈមួយចំនួន ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច មកជួយអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣ រសៀល ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ចំណុចជាន់ទី ០១ នៃហាងលក់ស្បែកជើង យីហោ «ហាដូ ស្តរ» ដែលស្ថិតតាមបណ្ដោយផ្លូវ ៣១០ សង្កាត់បឹងកេងកងទី ០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីពលរដ្ឋអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញមានផ្សែងខ្មៅហុយខ្មួលខ្មាញ់ចេញពីបន្ទប់ជាន់ទី ០១ ផ្នែកខាងក្រោយ នៃហាងលក់ស្បែកខាងលើ។ ភ្លាមៗ ពួកគាត់បានឮសំឡេងស្ត្រីស្រែកឲ្យជួយចេញពីទីតាំងឆេះ។ ស្របពេលនោះពួកគាត់បាននាំគ្នារត់ទៅយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ និងបានចូលទៅជួយស្ត្រីខាងលើដែលមានផ្ទៃពោះយកចុះមកក្រោមដោយសុវត្ថិភាព។ ស្ថានភាពពេលនោះ គឺមិនអាចគ្រប់គ្រងបានទេ ដោយសារមានផ្សែងច្រើន លាយឡំនឹងអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ ទើបពួកគាត់សម្រេចរាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ជៀសវាងបង្កការរាលដាល។ ដោយឡែក ម្ចាស់ហាង បានបញ្ជាក់ថា ករណីឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តចេញពីកង្ហារស្រូបផ្សែង។

អគ្គិភ័យនេះដែរបានបង្កការខូចខាតបន្ទប់ស្ទូឌីយោចំនួន ០១ បន្ទប់ទាំងស្រុង រួមនឹងសម្ភារៈមួយចំនួន ហើយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៤ គ្រឿង បាញ់ឲ្យរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញបានកំពុងស្រាវជ្រាវឲ្យបានច្បាស់លាស់បន្ថែម៕
អត្ថបទ ៖ រដ្ឋា




The post ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង appeared first on Kampuchea Thmey Daily.