ចិនបង្ហាញចេតនាចរចាជាមួយអាមេរិក ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ខណៈភាពតានតឹងរំពឹងកើនឡើង
ការបង្ហាញជំហរចរចារបស់ចិន ធ្វើឡើងខណៈគេរំពឹងថា ភាពតានតឹងនៃពាណិជ្ជកម្មចិន-អាមេរិក នឹងកាន់តែតានតឹងនៅពេលលោក ត្រាំ ឡើងកាន់អំណាចចាប់ពីខែមករា ឆ្នាំក្រោយតទៅ។ The post ចិនបង្ហាញចេតនាចរចាជាមួយអាមេរិក ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ខណៈភាពតានតឹងរំពឹងកើនឡើង appeared first on Kampuchea Thmey Daily.
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Shouwen បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិនមានឆន្ទៈក្នុងការដឹកនាំកិច្ចសន្ទនាសកម្មជាមួយសហរដ្ឋអាមេរិក ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងជំរុញការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក Wang ដែលជាអ្នកតំណាងពាណិជ្ជកម្មអន្តរជាតិរបស់ចិនផងដែរនោះ បានថ្លែងថា ចិននឹងអាចដោះស្រាយ និងទប់ទល់ផលប៉ះពាល់ពីការប៉ះទង្គិចពីខាងក្រៅ ពេលលោកត្រូវបានចោទសួរពីផលប៉ះពាល់នៃគោលនយោបាយពន្ធរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលប្ដេជ្ញាដាក់ពន្ធ ៦០ ភាគរយ លើទំនិញនាំចូលពីចិន។
លោក Wang ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «យើងជឿជាក់ថាប្រទេសចិន និងសហរដ្ឋអាមេរិកអាចរក្សាបាននូវស្ថិរភាព សុខភាពល្អ និងនិន្នាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម»។ លោកបន្តថា ចិនក៏មានឆន្ទៈក្នុងការ «ពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការផ្សេងៗ និងគ្រប់គ្រងភាពខុសគ្នា» ជាមួយសហរដ្ឋអាមេរិកផងដែរ។
ការបង្ហាញជំហរចរចារបស់ចិន ធ្វើឡើងខណៈគេរំពឹងថា ភាពតានតឹងនៃពាណិជ្ជកម្មចិន-អាមេរិក នឹងកាន់តែតានតឹងនៅពេលលោក ត្រាំ ឡើងកាន់អំណាចចាប់ពីខែមករា ឆ្នាំក្រោយតទៅ។ គោលនយោបាយពន្ធរបស់ ត្រាំ រំពឹងថានឹងបង្កការសងសឹកពីចិន។
ក្រោមក្ដីបារម្ភបែបនេះ អាជ្ញាធរចិនកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីវិធានការគោលនយោបាយជាបន្តបន្ទាប់ក្នុងគោលបំណងជំរុញពាណិជ្ជកម្មក្រៅប្រទេស រួមទាំងការសន្យាពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុន និងពង្រីកការនាំចេញផលិតផលកសិកម្ម៕
The post ចិនបង្ហាញចេតនាចរចាជាមួយអាមេរិក ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ខណៈភាពតានតឹងរំពឹងកើនឡើង appeared first on Kampuchea Thmey Daily.