ចិន៖ មហាអំណាចធំៗមិនគួរធ្វើបាបប្រទេសទន់ខ្សោយទេ
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានរិះគន់មហាអំណាចថាបាន«សម្លុតអ្នកទន់ខ្សោយ» ដោយប្រយោលទៅលើគោលនយោបាយរបស់... The post ចិន៖ មហាអំណាចធំៗមិនគួរធ្វើបាបប្រទេសទន់ខ្សោយទេ appeared first on Kampuchea Thmey Daily.

កាលពីថ្ងៃទី៧ខែមីនា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានរិះគន់មហាអំណាចថាបាន«សម្លុតអ្នកទន់ខ្សោយ» ដោយប្រយោលទៅលើគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោក វ៉ាង បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការដាក់«ពន្ធតាមអំពើចិត្ត»លើប្រទេសចិន ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាបានឆ្លើយតបនឹងសុច្ឆន្ទៈរបស់ចិនដោយអរិភាព។ លោក វ៉ាង បានសង្កត់ធ្ងន់ថា សកម្មភាពបែបនេះធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិក និងចិន ក៏ដូចជាធ្វើឲ្យខូចទំនុកចិត្តទ្វេភាគី។
ដោយលើកឡើងពីការដំឡើងពន្ធរបស់អាមេរិកដល់២០%លើការនាំចូលរបស់ចិន លោក វ៉ាង បានចាត់ទុកវិធានការទាំងនេះថាជា«អាវុធមុខពីរ» ហើយបានព្រមានប្រឆាំងនឹងវិធីសាស្រ្ត«ច្បាប់ព្រៃ» ដែលកើតចេញពីគោលនយោបាយ«America First» របស់លោក ត្រាំ។ លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ចិន ក្នុងការទប់ទល់នឹងសម្ពាធរបស់អាមេរិក ដោយអះអាងថា គ្មានប្រទេសណាមួយអាចគាបសង្កត់ចិនបានឡើយ។
ក្រៅពីបញ្ហាពាណិជ្ជកម្ម លោក វ៉ាង បានបង្ហាញជំហររបស់ចិនចំពោះជម្លោះអន្តរជាតិ ដោយគាំទ្រដល់ការចរចានយោបាយសម្រាប់ការដោះស្រាយជម្លោះអ៊ុយក្រែន និងបញ្ជាក់ឡើងវិញពីការប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់។ លោកក៏បានប្រឆាំងនឹងផែនការរបស់អាមេរិកក្នុងការផ្លាស់ប្តូរស្ថានភាពរបស់តំបន់ហ្គាហ្សា ដោយគាំទ្រដំណោះស្រាយរដ្ឋពីរសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន។
សុន្ទរកថារបស់លោក វ៉ាង បានឆ្លុះបញ្ចាំងពីការរិះគន់យ៉ាងទូលំទូលាយរបស់ប្រទេសចិនចំពោះគោលនយោបាយការបរទេសរបស់អាមេរិក និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តប្រកបដោយសមធម៌ក្នុងទំនាក់ទំនងអន្តរជាតិ៕
ដោយ៖ ឈាង
The post ចិន៖ មហាអំណាចធំៗមិនគួរធ្វើបាបប្រទេសទន់ខ្សោយទេ appeared first on Kampuchea Thmey Daily.