ក្រុមហេសបូឡា ប្រកាសជ័យជម្នះលើអ៊ីស្រាអែល ក្រោយបទឈប់បាញ់ចូលជាធរមាន
កាលពីថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ បទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា បានចូលជាធរមានហើយ ដោយមានថ្នាក់ដឹកនាំពិភពលោកជាច្រើនចូលរួមសាទរថា... The post ក្រុមហេសបូឡា ប្រកាសជ័យជម្នះលើអ៊ីស្រាអែល ក្រោយបទឈប់បាញ់ចូលជាធរមាន appeared first on Kampuchea Thmey Daily.
កាលពីថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ បទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា បានចូលជាធរមានហើយ ដោយមានថ្នាក់ដឹកនាំពិភពលោកជាច្រើនចូលរួមសាទរថា ជាសញ្ញាវិជ្ជមានឈានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សារយៈពេលជាងមួយឆ្នាំ ហើយភ្លាមៗនោះដែរ ក្រុមហេសបូឡា ស្រាប់តែប្រកាសថា កិច្ចព្រមព្រៀងនេះគឺជាជ័យជម្នះលើប្រទេសអ៊ីស្រាអែល។
ក្នុងសារលើកដំបូងចាប់តាំងពីបទឈប់បាញ់លេចចេញជារូបរាង ចលនាសកម្មប្រយុទ្ធមានមូលដ្ឋាននៅប្រទេសលីបង់ និយាយថា «ជ័យជម្នះដែលផ្តល់ដោយព្រះដ៏មានមហិទ្ធិឫទ្ធិ គឺជាកម្មសិទ្ធិរបស់ភាគីសុចរិត។ អ្នកប្រយុទ្ធរបស់យើង ត្រៀមខ្លួនជានិច្ចដើម្បីឆ្លើយតបទៅនឹងមហិច្ឆតានិងការវាយប្រហាររបស់សត្រូវ»។
ហេសបូឡានិយាយថា កងទ័ពអ៊ីស្រាអែល មិនអាចកាន់កាប់និងបង្កើតទីតាំងនៅតាមទីប្រជុំជនបានទេ ហើយក៏មិនអាចទប់ស្កាត់ការវាយប្រហារឆ្លងដែនរបស់ក្រុមហេសបូឡា ឬបង្កើតតំបន់ទ្រនាប់សន្តិសុខយោធាតាមចិត្តបានដែរ។ ពួកគេនឹងកំណត់គោលដៅលើកងកម្លាំងអ៊ីស្រាអែល រហូតដល់សង្គ្រាមថ្ងៃចុងក្រោយ។
មុននេះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសថា ខ្លួនសូមរក្សាសិទ្ធិវាយប្រហារចលនាសកម្មប្រយុទ្ធលីបង់ដដែល ទោះមានបទឈប់បាញ់ក៏ដោយ។
យោងតាមលោក Benjamin Netanyahu, អ៊ីស្រាអែល បានប្រាប់អាមេរិកទៅរួចហើយថា ខ្លួននៅតែមានសិទ្ធិធ្វើសកម្មភាពយោធាក្នុងប្រទេសលីបង់ បើក្រុមហេសបូឡា នៅតែព្យាយាមបំពាក់អាវុធ កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ឬប្រើប្រាស់គ្រាប់រ៉ុកកែតជាលេសដើម្បីវាយប្រហារ។
សូមបញ្ជាក់ជាថ្មី ក្នុងបទឈប់បាញ់នេះ កងទ័ពអ៊ីស្រាអែល នឹងត្រូវដកចេញពីភាគខាងត្បូងប្រទេសលីបង់ ហើយក្រុមហេសបូឡា ក៏នឹងដកថយចេញពីភាគខាងជើងនៃទន្លេ Litani ដូចគ្នា។
កិច្ចព្រមព្រៀងនេះគូសបញ្ជាក់ថា ក្រុមហេសបូឡានិងអ៊ីស្រាអែល មានពេល៦០ថ្ងៃដើម្បីដកកងកម្លាំងនិងសព្វាវុធចេញពីតំបន់និងខ្សែបន្ទាត់ខៀវ «Blue Line» ដែលគេស្គាល់ថា ជាព្រំដែនក្រៅផ្លូវការរវាងប្រទេសលីបង់និងអ៊ីស្រាអែល។ លើសពីនេះ លីបង់ នឹងដាក់ពង្រាយកងទ័ព ៥ ០០០នាក់ទៅភាគខាងត្បូងប្រទេស ដើម្បីគ្រប់គ្រងផ្នែកសន្តិសុខ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា
The post ក្រុមហេសបូឡា ប្រកាសជ័យជម្នះលើអ៊ីស្រាអែល ក្រោយបទឈប់បាញ់ចូលជាធរមាន appeared first on Kampuchea Thmey Daily.