មកដឹងពីប្រវត្តិ និងស្នាដៃរបស់កវីនិពន្ធ វ៉ែន សុន ដែលទើបតែទទួលមរណភាពថ្មីៗនេះ

ទទួលបានមេដាយមាស​ ​សម្រាប់​កំណាព្យ​ “បណ្ដាំ​កវី” ដែល​ផ្ដល់​ដោយ ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ នៅ​ឆ្នាំ​១៩៩១ និង​ពាន​រង្វាន់ ​៧​មករា... The post មកដឹងពីប្រវត្តិ និងស្នាដៃរបស់កវីនិពន្ធ វ៉ែន សុន ដែលទើបតែទទួលមរណភាពថ្មីៗនេះ appeared first on Kampuchea Thmey Daily.

មកដឹងពីប្រវត្តិ និងស្នាដៃរបស់កវីនិពន្ធ វ៉ែន សុន ដែលទើបតែទទួលមរណភាពថ្មីៗនេះ

កវីនិពន្ធ វ៉ែន សុន កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅភូមិខ្យាង ឃុំស្វាយ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោកបានទទួលមរណភាពនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយរោគាពាធ។ តើកវីនិពន្ធ វ៉ែន សុន មានប្រវត្តិ និងស្នាដៃនិពន្ធអ្វីខ្លះ?

ថ្ងៃនេះ កម្ពុជាថ្មី នឹងបង្ហាញពីជីវប្រវត្តិ ព្រមទាំងស្នាដៃមួយចំនួនរបស់ កវីនិពន្ធ វ៉ែន សុន។ លោកគឺជាអ្នកនិពន្ធបទភ្លេង ចម្រៀង ក៏ជាអ្នកនិពន្ធប្រលោមលោក និពន្ធអក្សរសិល្ប៍ផ្នែកកំណាព្យ រឿងខ្លីជាច្រើន។ អំឡុងទសវត្ស៦០ ក្រុមរបស់លោកមានឈ្មោះថា ក្រុមតន្ត្រីរាជតម្រួតភិរម្យ គឺជាអ្នកដែលនាំយកចង្វាក់សារ៉ាវ៉ាន់មកមុនគេ ហើយក៏ល្បីតាំងពីពេលនោះមក។ លោកគឺជាអ្នកនិពន្ធបទចម្រៀង លលកវាយំ ច្រៀងដោយ អ្នក​នាង សូ សា​វឿ​ន ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន រួមជាមួយបទចម្រៀងផ្សេងទៀត។ ក្រៅពីជាអ្នកនិពន្ធ លោកក៏ធ្លាប់ជាសាស្ត្រាចារ្យបង្រៀននៅមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ។

បើនិយាយពីជីវិតក្នុងវ័យកុមារភាពវិញ លោកគឺជាកូនប្រុសច្បងក្នុងចំណោមបងប្អូន៣នាក់ ហើយលោកត្រូវកំព្រាឪពុកតាំងពីអាយុ៧ឆ្នាំ ព្រោះឪពុករបស់លោកបានស្លាប់ដោយសារជំងឺអាសន្នរោគ។ កវី វ៉ែន សុន ទទួលចំណេះដឹងដោយការរៀននៅវត្តរយៈពេល១០ឆ្នាំ ពោល គឺលោករៀននៅវត្តតាំងពីអាយុ៧ឆ្នាំ ដល់១៧ឆ្នាំ (អំឡុងពេលរៀននៅវត្តលោកបានបួស៤ឆ្នាំ) បន្ទាប់មកទើបមានឱកាសបានសិក្សានៅសាលា។

នៅចន្លោះឆ្នាំពី​ឆ្នាំ​១៩៦៥ រហូត​ដល់​ក្រោយ​របប​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩ លោក​ជា​តន្ដ្រីករ អ្នកនិពន្ធ​បទភ្លេង និង​ទំនុក​ច្រៀង​នៅ​ក្រុម​តន្ដ្រី​សម័យ​រាជតម្រួត (ភ្លេង​ប៉ូលិស​)។ បន្តពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៩៣ លោកបានចូលធ្វើការជាមួយក្រុមតន្ត្រីរបស់កងទ័ពបន្តទៀត។ អំឡុងពេលនោះ លោកទទួលបានការបណ្តុះបណ្តាលបន្ថែមផ្នែកអក្សរសិល្ប៍ពីក្រសួងវប្បធម៌ រហូតក្លាយជាអ្នកនិពន្ធផ្នែកកំណាព្យ និងរឿងអក្សរសិល្ប៍។

ក្នុងវិស័យនិពន្ធនេះ លោកទទួលបានចំណាត់ថ្នាក់លេខ៣ផ្នែកកំណាព្យ និងទទួលបានមេដាយមាស​ ​សម្រាប់​កំណាព្យ​ “បណ្ដាំ​កវី” ដែល​ផ្ដល់​ដោយ ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ នៅ​ឆ្នាំ​១៩៩១ និង​ពាន​រង្វាន់ ​៧​មករា គឺ​រឿង “​ឋានសួគ៌​ក្នុង​សុបិន​” ដែល​ផ្ដល់​ដោយ​សមាគម​អ្នក​និពន្ធ​ខ្មែរ ​ក្នុង​ឆ្នាំ​១៩៩៧​។ ចំណែក ​ពាន​រង្វាន់​អន្ដរជាតិ​វិញ លោក​ទទួល​បាន​ពី​កម្មវិធី Sunthorn Phu Award លើ​កំណាព្យ “​របាំ​ប្រពៃណី​ខ្មែរ” ផ្ដល់​ជូន​កវី​អាស៊ាន​ទាំង ​១០​ប្រទេស ​ក្នុង​ឆ្នាំ​២០១៣។ លោកក៏ទទួលបាន ជ័យលាភីអក្សរសិល្ប៍ទន្លេមេគង្គលើកទី៣ (ប្រទេសឡាវ) និងជ័យលាភីកវីនិពន្ធអាស៊ីអាគ្នេយ៍ឆ្នាំ២០២០ (ប្រទេសថៃ)។

គរុវិជ្ជា​ចា​រ្យ​កវីនិពន្ធ វ៉ែន សុ​ន ជាគរុវិជ្ជាចារ្យ កវីនិពន្ធ កវីនិពន្ធជាតិ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ លោកបានចំណាយពេលស្ទើរតែពេញមួយជីវិតលើវិស័យតែងនិពន្ធនេះដើម្បីលើកស្ទួយពីវប្បធម៌ អក្សរសិល្ប៍ខ្មែរឱ្យកាន់តែល្អប្រសើរ។ ជាមួយនឹងដំណឹងមរណភាពរបស់រូបលោក បានបន្សល់ការឈឺចាប់ សោកស្តាយយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ និងសាធារណជនចំពោះការបាត់បង់ធនធានមនុស្សដ៏ពូកែនេះ៕

ដោយ៖ អុន ស្រីមាន

The post មកដឹងពីប្រវត្តិ និងស្នាដៃរបស់កវីនិពន្ធ វ៉ែន សុន ដែលទើបតែទទួលមរណភាពថ្មីៗនេះ appeared first on Kampuchea Thmey Daily.