ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

លោក ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្តីពី The post ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា” appeared first on Kampuchea Thmey Daily.

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្តីពី “កម្លាំងពលកម្មនៅកម្ពុជា” ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥។

សិក្ខាសាលា​នេះ មាន​ការ​ចូលរួមពីសំណាក់តំណាងអន្តរក្រសួង តំណាងរដ្ឋបាលរាជធានី-ខេត្ត តំណាងមន្ទីរការងាររាជធានី-ខេត្ត តំណាងរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស តំណាងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស តំណាងក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេស តំណាងសមាគម និងតំណាង DPs/NGOs ផងដែរ។

ថ្លែង​នៅ​ក្នុងអង្គសិក្ខាសាលា លោក​រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីពិគ្រោះយោបល់ ផ្តល់ជាធាតុចូល និងកែសម្រួលទៅលើចំណុចសំខាន់ៗនៃឯកសារទស្សនាទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា ក្នុងន័យធ្វើយ៉ាងណា ដើម្បីវិភាគឱ្យគ្រប់ជ្រុងជ្រោយទៅលើស្ថានភាព និងបញ្ហាប្រឈមក្នុងទីផ្សារការងារនៅកម្ពុជា ទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម សម្រាប់ជាមូលដ្ឋានក្នុងការលើកសំណើវិធានការដោះស្រាយ និងសកម្មភាពអនុវត្ត ព្រមទាំងពង្រឹងនិងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព សំដៅ​សម្រេច​បាន​នូវ​គោល​នយោបាយទីផ្សារការងារសកម្ម និងការអភិវឌ្ឍទីផ្សារការងារ ដែលបានកំណត់នៅក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។

លោក​រដ្ឋមន្រ្តីបន្ថែមថា នៅពេលនេះ ជាពេលដែលត្រូវមានម្ចាស់ការខ្ពស់ និងកំណត់ឱ្យបានច្បាស់អំពីកម្លាំងពលកម្ម បញ្ហាតម្រូវការ និង​ការ​ផ្គត់ផ្គង់ឱ្យ​បាន​ត្រឹមត្រូវ និង មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ជាង​ពេល​ណាទាំងអស់។

ខណៈ​ពេល​ដែលកម្ពុជាបានត្រៀមខ្លួន​រួចជាស្រេច​ក្នុងការជួបចរចា​ជា​មួយ​នឹង​តំណាង​ភាគីសហរដ្ឋអាមេរិក​អំពី​ពន្ធបដិការនៅពេលខាងមុខនេះ ដើម្បីធានាស្ថិរភាពទីផ្សារនាំចេញ និងធានាទំនុកចិត្តពីវិនិយោគិន។ ទាំងអស់គ្នាក៏មានភារកិច្ចចូលរួមធ្វើឱ្យវិនិយោគិន ក្រុមហ៊ុន និងសហគ្រាសទាំងអស់នៅកម្ពុជាមានទំនុកចិត្ត និងបន្តពង្រីកផលិតកម្មរបស់ខ្លួន។

លោក​រដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា នាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ដោយទី១ គឺប្រមូលធាតុចូលអំពីព័ត៌មានកម្លាំងពលកម្មឱ្យកាន់តែស៊ីជម្រៅ និងស្វែងយល់ពីការលំបាករបស់សហគ្រាស គ្រឹះស្ថានក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទី២ស្វែងយល់រកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាព។

មិនតែប៉ុណ្ណោះ លោក​រដ្ឋមន្រ្តីក៏បានជំរុញឱ្យអង្គសិក្ខាសាលារួមគ្នាចែករំលែកបទពិសោធ ជំនាញ និងពិគ្រោះយោបល់យ៉ាងសកម្ម ផ្តល់ធាតុចូល អនុសាសន៍ និងមតិចូលរួមឱ្យបានផុសផុល ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា៕

The post ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា” appeared first on Kampuchea Thmey Daily.