កំណត់ត្រាថ្មីមួយទៀត! សម្ដេច ហ៊ុន សែន នឹងដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភា ពីព្រឹកនេះដល់ល្ងាច
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបន្តដឹកនាំសម័យប្រជុំពេញអង្គ លើកទី៣ ព្រឹទ្ធសភា The post កំណត់ត្រាថ្មីមួយទៀត! សម្ដេច ហ៊ុន សែន នឹងដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភា ពីព្រឹកនេះដល់ល្ងាច appeared first on Kampuchea Thmey Daily.

បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបន្តដឹកនាំសម័យប្រជុំពេញអង្គ លើកទី៣ ព្រឹទ្ធសភា។ បើតាមអ្នកនាំពាក្យព្រឹទ្ធសភា សម័យប្រជុំពេញអង្គព្រឹទ្ធសភាថ្ងៃនេះ នឹងត្រូវប្រជុំដល់ល្ងាច រហូតចប់របៀបវារៈដែលបានកំណត់ ដោយមានរបៀបវារៈចំនួន៣។

របៀបវារៈដែលលើកយកមកពិនិត្យ និងឱ្យយោបល់ គឺទី១) លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបណ្តាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនីចំនួន២៤ច្បាប់។២) ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីជលផល និង៣) បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារ សាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា និងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា។

ក្នុងសម័យប្រជុំពេញអង្គលើកនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នឹងត្រូវប្រជុំដល់ល្ងាច ដោយសមាជិកព្រឹទ្ធសភា នឹងសម្រាកថ្ងៃត្រង់នៅវិមានព្រឹទ្ធសភាតែម្ដង។ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ សរសេរលើបណ្ដាញសង្គមរបស់លោក ដូច្នេះថា៖ «ប្រវត្តិសាស្រ្តសម្រាប់ព្រឹទ្ធសភាកម្ពុជា!នៅថ្ងៃនេះ ព្រឹទ្ធសភា នឹងប្រជុំពេញអង្គដល់ល្ងាច ដោយសម្តេចតេជោ ប្រាប់ឲ្យសមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវនៅពិសារបាយថ្ងៃត្រង់ជុំគ្នានៅវិមានព្រឹទ្ធសភាតែម្តង រួចហើយបន្តកិច្ចប្រជុំ ដើម្បីកុំអោយខាតពេល»។

និយាយក្នុងក្របខណ្ឌព្រឹទ្ធសភាកម្ពុជា អាចជាលើកដំបូងក្នុងប្រវត្តិប្រជុំព្រឹទ្ធសភា តែបើនិយាយចំពោះសម្ដេចតេជោ នេះមិនមែនជារឿងថ្មីឡើយ ព្រោះថាសម្ដេចធ្លាប់បានប្រជុំយូរជាងនេះថែមទៀតផង។ តួយ៉ាង សមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលបានធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានអង្គសមាជ បានប្រើពេលវេលាសរុបជិត២៨ម៉ោង។ ក្នុងនោះ សមាជថ្ងៃទី១ ត្រូវបានចាប់ផ្តើមឡើងនៅវេលាម៉ោង៨ព្រឹក ហើយបន្តរហូតដល់ម៉ោង១២៖២២នាទីរំលងអាធ្រាត្រ ដែលនាំឱ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងចំពោះរបៀបនៃការប្រជុំដែលមិនធ្លាប់មានក្នុងស្ថាប័ននីតិបញ្ញត្តិដែលធ្វើរហូតឆ្លងថ្ងៃបែបនេះនោះឡើយ។

គេចាត់ទុកថា នេះជាប្រវត្តិសាស្ត្រ ដែលអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ ប្រជុំឆ្លងថ្ងៃ ហើយនៅតែបន្តដំណើរការមិនទាន់ចប់នៅឡើយនោះ។ តែយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់ថា ការប្រជុំឆ្លងថ្ងៃ កាត់យប់ដូចនេះ មិនជារឿងថ្មីសម្រាប់សម្តេចនោះឡើយ សម្តេចធ្លាប់បានប្រជុំយូរជាងនេះថែមទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
The post កំណត់ត្រាថ្មីមួយទៀត! សម្ដេច ហ៊ុន សែន នឹងដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភា ពីព្រឹកនេះដល់ល្ងាច appeared first on Kampuchea Thmey Daily.