ការនាំចេញទុរេនទៅចិនរបស់វៀតណាម ធ្លាក់ចុះ ៨០ ភាគរយ
ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិន បានធ្លាក់ចុះប្រមាណ ៨០ ភាគរយ នៅពាក់កណ្ដាលដំបូងនៃខែកុម្ភៈ ឆ្នាំ ២០២៥។ The post ការនាំចេញទុរេនទៅចិនរបស់វៀតណាម ធ្លាក់ចុះ ៨០ ភាគរយ appeared first on Kampuchea Thmey Daily.

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) បានឱ្យដឹងថា ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិន បានធ្លាក់ចុះ ៨០ ភាគរយ នៅពាក់កណ្ដាលដំបូងនៃខែកុម្ភៈ ឆ្នាំ ២០២៥ ដោយការនាំចេញមានត្រឹមតែ ៣ ៥០០ តោន ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃព្រហស្បតិ៍។

ក្រសួងលើកឡើងថា មូលហេតុចម្បងនៅពីក្រោយការធ្លាក់ចុះនៃការនាំចេញ គឺវិធានការត្រួតពិនិត្យដ៏តឹងរ៉ឹងរបស់ចិនលើផ្លែទុរេននាំចូល ជាពិសេសទាក់ទងត្រួតពិនិត្យរកសំណល់សារធាតុគីមី Auramine O (Basic Yellow 2 – BY2) ដែលអាចបង្កជំងឺមហារីក។ បទប្បញ្ញត្តិកាន់តែតឹងរ៉ឹងរបស់ចិន ត្រូវបានអនុវត្តក្រោយអាជ្ញាធររកឃើញសារធាតុគីមីនោះនៅក្នុងទុរេនរបស់ថៃ។
ចាប់ពីដើមឆ្នាំ ២០២៥ មក ចិនតម្រូវឱ្យធ្វើតេស្តទុរេននាំចូលទាំងអស់នៅក្នុងមន្ទីរពិសោធន៍ដែលមានការបញ្ជាក់ ដែលបណ្តាលឱ្យមានការពន្យារពេលក្នុងការនាំចេញ។ ការពន្យារនេះ បានរំខានដល់កាលវិភាគដឹកជញ្ជូន និងបង្កើតការកកស្ទះនៅច្រកព្រំដែន ហើយខ្លះត្រូវបង្វែរមកលក់ក្នុងស្រុកវិញក្នុងតម្លៃថោកៗដើម្បីស្រង់ដើម។

អ្នកសង្កេតការណ៍មើលឃើញថា ការរឹតត្បឹតរបស់ចិនមិនត្រឹមតែធ្វើឱ្យការនាំចេញធ្លាក់ចុះទេ ប៉ុន្តែថ្ងៃខ្លះគឺគ្មានការដឹកជញ្ជូនតែម្ដង។
បើតាម VnExpress រដ្ឋាភិបាលវៀតណាមក៏កំពុងចរចាជាមួយប្រទេសចិន ដើម្បីស្ដារឡើងវិញនូវបទប្បញ្ញត្តិនាំចេញពីមុន សំដៅសម្រួលនីតិវិធីអធិការកិច្ច និងសម្រួលដល់ការបោសសម្អាតគយកាន់តែរលូន។ លើសពីនេះ ក្រុមហ៊ុននាំចេញមួយចំនួន កំពុងស្វែងរកទីផ្សារជំនួស ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រទេសចិន ដោយធានានូវយុទ្ធសាស្ត្រនាំចេញដែលមានស្ថិរភាព និងចម្រុះជាងមុនសម្រាប់ទុរេនរបស់វៀតណាម៕
The post ការនាំចេញទុរេនទៅចិនរបស់វៀតណាម ធ្លាក់ចុះ ៨០ ភាគរយ appeared first on Kampuchea Thmey Daily.