កម្ពុជាឈានឆ្ពោះការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ៤.០
បច្ចេកវិទ្យាឌីជីថលមានការរីកចម្រើនយ៉ាងរហ័ស និងបានក្លាយជាចន្ទល់មួយថ្មីបន្ថែមទៀត..... The post កម្ពុជាឈានឆ្ពោះការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ appeared first on Kampuchea Thmey Daily.
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាចន្ទល់មួយថ្មីបន្ថែមទៀត សម្រាប់គាំទ្រកំណើននិងធានាដល់ភាពធន់នៃសេដ្ឋកិច្ច។
បច្ចេកវិទ្យាឌីជីថល បានជំរុញនវានុវត្តន៍ថ្មីៗ ដែលចូលរួមចំណែកបង្កើតតម្លៃបន្ថែម, បង្កើនផលិតភាព និងប្រសិទ្ធភាពការងារ, ព្រមទាំងបានក្លាយជាកត្តាជំរុញការតភ្ជាប់ពាណិជ្ជកម្ម ជាមួយសេដ្ឋកិច្ចសកលផងដែរ។
សម្រាប់កម្ពុជា ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ត្រូវបានចាត់ទុកជាចលករដ៏សំខាន់មួយក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា បានប្រកាសដាក់ឱ្យអនុវត្តនូវ «ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ដែលជាឯកសារគោលនយោបាយរយៈពេលវែងសម្រាប់ធ្វើជាត្រីវិស័យ ក្នុងការរៀបចំបរិវត្តកម្មឌីជីថលរបស់កម្ពុជា។
ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី ១ ដោយកំណត់យកអាទិភាពគន្លឹះ ៥ គឺ៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា, ជាពិសេស គឺបច្ចេកវិទ្យាឌីជីថល។
បច្ចេកវិទ្យាឌីជីថល ត្រូវបានកំណត់ជាអាទិភាពគន្លឹះថ្មីមួយ សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាឆ្លើយតបនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។
ការដាក់ចេញនូវ «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ២០២៣-២០២៨» និង «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤- ២០៣៥» បានសបញ្ជាក់អំពីឆន្ទៈមោះមុត និងភាពបុរេសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការប្ដេជ្ញាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែមានភាពរស់រវើក។
ថ្លែងចូលរួមកម្មវិធីបើក «វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា ឆ្នាំ ២០២៤» លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមិនអាចធ្វើទៅបាន ដោយតួអង្គរាជរដ្ឋាភិបាលតែមួយនោះទេ គឺត្រូវមានអន្តរសកម្មរវាងតួអង្គទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដែលរួមមានរាជរដ្ឋាភិបាល, វិស័យឯកជន និងប្រជាជនទូទៅផងដែរ។
ឆ្នាំ ២០២៤ ជាខួបលើកទី ៦៦ នៃទំនាក់ទំនងការទូត រវាងកម្ពុជា-ចិន ដែលជាឆ្នាំផ្លាស់ប្តូរប្រជាជន និង ប្រជាជន។ ការបន្តពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និង ចិន បានឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ប្រសើរ រវាងប្រជាជាតិទាំង ២ លើគ្រប់វិស័យ។
ជាក់ស្ដែង សម្រាប់រយៈពេល ៣ ត្រីមាស ដើមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និង ចិន បានកើនដល់ប្រមាណ ៩,៨ ពាន់ លានដុល្លារអាម៉េរិក មានកំណើនប្រមាណ ១៣,២%, ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះការនាំចេញពីកម្ពុជាទៅចិន មានទំហំប្រមាណ ១,២៧ ពាន់លានដុល្លារ អាម៉េរិក មានកំណើនប្រមាណ ២១% ធៀបនឹងឆ្នាំ ២០២៣ ខណៈដែលការនាំចូលពីចិនមកកម្ពុជាក្នុងរយៈពេលដូចគ្នាមានទំហំប្រមាណ ៨,៥២ ពាន់លានដុល្លារ អាម៉េរិក, មានកំណើនប្រមាណ ១២%។
បន្ថែមលើទំហំពាណិជ្ជកម្ម កម្ពុជាក៏បន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជានិង ចិន ឱ្យឈានដល់កម្រិតថ្មីមួយទៀត ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
កិច្ចប្រឹងប្រែងធ្វើទំនើបកម្មនីតិវិធីប្រតិបត្តិការគយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដូចជាប្រព័ន្ធបញ្ជរតែមួយជាតិជាដើម បានចូលរួមក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងជំរុញការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។ ទន្ទឹមនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គ្រោងនឹងដាក់ឱ្យអនុវត្តនូវប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (e-invoicing system) ដែលនឹងបង្កភាពកាន់តែងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន។
ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសម្រាប់សេដ្ឋកិច្ចឌីជីថល កម្ពុជា និង ចិន បានកំពុងសហការគ្នាយ៉ាងជិតស្និទ្ធ។
សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបានអនុវត្តគម្រោង Go4eCam ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកនៅកម្ពុជា។ កាលពីឆ្នាំ ២០២៣ កម្ពុជាក៏បានចុះអនុស្សារណៈភាពជាដៃគូនៃវេទិកាពាណិជ្ជកម្មពិភពលោកបែបអេឡិចត្រូនិក (electronic World Trade Platform-eWTP) ជាមួយក្រុមហ៊ុន Alibaba ដើម្បីជំរុញការនាំចេញ, ការពង្រីកទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក, ការកសាងសមត្ថភាព និង បច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍវិស័យទេសចរណ៍។
ក្នុងទិដ្ឋភាពនៃការទូទាត់សងប្រាក់ឌីជីថល ធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យប្រើប្រាស់នូវការទូទាត់សងប្រាក់ឆ្លងកាត់ព្រំដែន ដោយប្រើប្រាស់ឃូអរកូដ ជាមួយក្រុមហ៊ុន Ant International តាមរយៈហេដ្ឋារចនាសម្ព័ន្ធទូទាត់សងប្រាក់ ឌីជីថលកម្ពុជាហៅកាត់ថា «បាគង» ជាមួយនឹង «Alipay+» ដែលត្រូវបានប្រើប្រាស់ជាមធ្យោបាយទូទាត់សងប្រាក់ដ៏ពេញនិយមមួយរបស់ប្រជាជនចិន។
កិច្ចសហការនេះសម្រួលយ៉ាងច្រើនដល់ការបញ្ជាទិញ និងការទូទាត់របស់ប្រជាជន ជាពិសេសសម្រាប់ភ្ញៀវទេសចរ រវាងប្រទេសទាំង ២ កម្ពុជា និង ចិន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន បច្ចេកវិទ្យាធំៗជាច្រើនរបស់ចិន បានកំពុងវិនិយោគ និងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដែលបាននាំមកនូវឱកាសការងារ និងការបណ្តុះបណ្តាល ជំនាញឌីជីថលថ្មី ក៏ដូចជាការផ្ទេរបច្ចេកវិទ្យា, ដែលជាយថាហេតុ នឹងជួយជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាជារួម។
ទន្ទឹមនេះ កម្ពុជាក៏មានកិច្ចសហការប្រតិបត្តិការ រវាងវិស័យសាធារណៈ និង វិស័យឯកជនរបស់ចិនជាច្រើនថែមទៀត ក្នុងនោះរួមមាន៖ ការរៀបចំធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យសាធារណៈ តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយក្រុមហ៊ុន Hauwei, កិច្ចសហប្រតិបត្តិការលើនវានុវត្តន៍ឌីជីថល; ការតភ្ជាប់ក្នុងតំបន់ និងការចែករំលែកចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថល តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយស្ថាប័ន China- ASEAN Information Harbor ជាដើម។ កិច្ចសហប្រតិបត្តិការជិតស្និទ្ធទាំងនេះ បញ្ជាក់ឱ្យឃើញច្បាស់ អំពីទំនាក់ទំនងស្អិតល្មួតរវាងប្រទេសទាំងពីរនៅក្នុងវិស័យឌីជីថល ។
បន្ថែមលើនេះ ផែនការសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ (២០២៣-២០២៥) ការបង្កើតរបៀងស្រូវ, អង្ករ និង ត្រី ការបង្កើតច្រកតែមួយរួមគ្នា សម្រាប់ការធ្វើពាណិជ្ជកម្ម និងការលើកទឹកចិត្តឱ្យកម្ពុជាអាចចូលរួមយ៉ាងពេញលេញ នៅក្នុងពិព័រណ៍នាំចេញ-នាំចូលរបស់ចិនជាដើម បានកំពុងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ចិនឲ្យកើនឡើងជារៀងរាល់ឆ្នាំ ខណៈភ្ញៀវទេសចរចិនរាប់សែននាក់តែងមកទស្សនាកម្ពុជា និងបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។
ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ កម្ពុជានិងប្រទេសជាសមាជិកអាស៊ានដទៃទៀត កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន ដែលគ្រោងនឹងបញ្ចប់ ក្នុងឆ្នាំ ២០២៥ ខាងមុខ។
កម្ពុជារំពឹងនឹងអាចទទួលបានផលប្រយោជន៍ជាច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខាងលើ ពិសេសលើការផ្លាស់ប្តូរ បទពិសោធ, ការជំរុញនវានុវត្តន៍ក្នុងវិស័យសាធារណៈ និង វិស័យឯកជន, និងការពង្រឹងសមត្ថភាព ដើម្បីអាចស្រូបយកការអនុវត្តនូវបច្ចេកវិទ្យាថ្មីៗ ពីបណ្តាប្រទេស ជឿនលឿនខាងផ្នែកបច្ចេកវិទ្យាឌីជីថល។
នៅក្នុងវេទិកាខ្សែក្រវាត់ និង ផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី ៣ ស្ដីពី «សេដ្ឋកិច្ចឌីជីថលជាប្រភពថ្មីនៃកំណើន» កាលពីឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងសុន្ទរកបានបានគូសបញ្ជាក់ពីសេដ្ឋកិច្ចឌីជីថល គឺជាវិស័យដែលមានសក្តានុពលខ្ពស់ ហើយកម្ពុជាប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការចូលរួមក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ សំដៅធានាឲ្យបាននូវការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយដែលមានភាពរស់រវើក ជាពិសេសតាមរយៈ “ផ្លូវសូតឌីជីថល (Digital Silk Road)” ដើម្បីបង្កើតកាលានុវត្តភាពថ្មី និងភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់តម្លៃឌីជីថល ស្របតាមការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យា និងស្របតាមទិសស្លោក «ពិភពឌីជីថលគ្មានព្រំដែន (Digital world knows no boundaries)»។
ក្នុងឱកាសចូលរួមបើកវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ២០២៤ និងពិធីសម្ពោធសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិនកម្ពុជា លោក វ៉ាង វិនពីន ឯកអគ្គរាជទូតចិនប្រចាំនៅកម្ពុជាមើលឃើញថា បច្ចុប្បន្នរង្វង់ជុំថ្មីមួយនៃការអភិវឌ្ឍស៊ីជម្រៅនូវបដិវត្តបច្ចេកវិទ្យា និងបរិវត្តកម្មឧស្សាហកម្ម បានប្រែក្លាយសេដ្ឋកិច្ចឌីជីថលទៅជាចំណុចកំណើតថ្មីនៃសេដ្ឋកិច្ចសកល បរិវត្តកម្ម សង្គមឌីជីថលគឺជានិន្នាការរួមទៅហើយ។
ឯកអគ្គរដ្ឋទូតចិនក៏បានគូសរំលេចពីការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល់ទី ១ របស់រដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការកសាងសង្គមឌីជីថល ជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះផ្សេងទៀត។ ឯកអគ្គរដ្ឋទូតចិនបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សារៈសំខាន់ការបណ្តុះបណ្តាលធនធានមនុស្សវិស័យឌីជីថល ជំរុញការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតលក្ខខណ្ឌកាន់តែល្អប្រសើរដល់ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ជាមួយគ្នានេះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងចាប់អារម្មណ៍ក្នុងការរៀបចំ «វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច ឌីជីថល ចិន-កម្ពុជា ឆ្នាំ ២០២៤» ថានឹងរួមចំណែកក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង ចិន ក្នុងដែនសេដ្ឋកិច្ចឌីជីថលបន្ថែមទៀត។ តាមរយៈការអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន អាចពង្រីកកិច្ចសហការជាមួយដៃគូ នៃវិស័យឯកជនរបស់កម្ពុជា ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និង ទូរគមនាគមន៍, សន្តិសុខសាយប័រ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។
លោកជឿជាក់ថា តាមរយៈ «សមាគមឧស្សាហកម្មសេដ្ឋកិច្ច ឌីជីថល ចិន-កម្ពុជា» នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបើកផ្លូវបន្ថែម សម្រាប់រៀបចំកិច្ចសហការរវាងវិស័យឯកជន និង រាជរដ្ឋាភិបាល ក៏ដូចជាក្នុងវិស័យឯនជនខ្លួនឯង សំដៅបង្កើត និងបង្កើននវានុវត្តន៍ឌីជីថលក្នុងវិស័យជំនាញ, ជំរុញរំហូរនៃទេពកោសល្យឌីជីថល និង ការបណ្ដុះបណ្ដាលជំនាញឌីជីថលថ្មីៗ, និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផងដែរ៕
The post កម្ពុជាឈានឆ្ពោះការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ appeared first on Kampuchea Thmey Daily.