កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០ភាគរយ ក្នុងឆ្នាំ ២០២៤

ក្រុមហ៊ុនជប៉ុនទាំងនេះ កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការវិនិ​យោគ និងធ្វើអាជីវកម្មនៅកម្ពុជា... The post កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០ភាគរយ ក្នុងឆ្នាំ ២០២៤ appeared first on Kampuchea Thmey Daily.

កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០ភាគរយ ក្នុងឆ្នាំ ២០២៤

ក្រុមហ៊ុនជប៉ុនចំនួន ៩០ ក្រុមហ៊ុន បានចុះបញ្ជីនៅកម្ពុជាក្នុងឆ្នាំ ២០២៤ មានការកើនឡើងចំនួន ២០.៥៥ ភាគ​រយ បើធៀបនឹងឆ្នាំ ២០២៣។

ក្រុមហ៊ុនជប៉ុនបានវិនិយោគ​លើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបាន​ចូលរួម​ជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការបង្កើតការ​ងាររាប់​ពាន់កន្លែង ការបណ្តុះបណ្តាលជំនាញ និងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកពង្រឹងភាព​ប្រកួត ប្រជែងឧស្សាហកម្ម និងផលិតភាពការងាររបស់កម្ពុជា។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ សមាគមឧកញ៉ាកម្ពុជា រួមទាំងសមាជិក​ជាច្រើននៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ បានចូលរួម “ពិធីទទួលស្វាគមន៍ និងជំនួប​ផ្គូផ្គងធុរកិច្ច» ក្រោមវត្តមានលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់។

គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ១០ក្រុមហ៊ុន និងតំណាងក្រុម​ហ៊ុនកម្ពុជាដទៃទៀតចំនួន ៣០ក្រុមហ៊ុន បានជួបផ្គូផ្គងធុរកិច្ចជាមួយ​គណៈប្រតិធុរកិច្ចជប៉ុន​ចំនួន៤៤ក្រុមហ៊ុន មកពីចម្រុះវិស័យ ដើម្បីស្វែងរកឱកាសចាប់ដៃគូវិនិយោគ និងកិច្ចសហការ​ធុរកិច្ចទៅវិញទៅមកនៅក្នុងវិស័យអាទិភាពរៀងៗខ្លួន។

លោក Kohei Wakabayashi ប្រធានតំណាងអង្គការ JETRO បានឱ្យដឹងថា ក្រុមវិនិយោគិនទាំងនេះ មិនត្រឹមតែមកពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងមកពីប្រទេសថៃ វៀតណាម ចិន និងប្រទេសផ្សេងៗទៀតផងដែរ ហើយក្រុមហ៊ុន​ទាំងនេះមានបំណងពង្រីក​អាជីវកម្មក្រៅប្រទេសរបស់ខ្លួន ខណៈកាលពីឆ្នាំ២០២៤ ក្រុមហ៊ុនជប៉ុនជាង ៩០បានចុះបញ្ជីវិនិយោគនៅកម្ពុជា។

លោកបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនទាំងនេះ កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការវិនិ​យោគ និងធ្វើអាជីវកម្មនៅកម្ពុជា ហេតុដូច្នេះហើយទើប JETRO រៀបចំជំនួបរវាងពួកគេ និងមន្រ្តីជាន់ខ្ពស់ ក៏ដូចជាធុរជននៅកម្ពុជា ដើម្បីសិក្សា និងផ្គូផ្គងធុរកិច្ចទៅវិញទៅមក។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងដោះស្រាយបញ្ហាប្រឈម ​និងកង្វល់នានារបស់វិស័យឯកជន និងជាពិសេសលើកទឹកចិត្តឱ្យសហគមន៍វិនិយោគិន​ជប៉ុនលើកឡើងអំពីបញ្ហាប្រឈមនានាឱ្យចំៗដោយបើកចំហ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តពិភាក្សាអំពីគោលនយោបាយថ្មីរបស់ JETRO ដែលមានបំណងលើកស្ទួយ​ធុរកិច្ចថ្មីកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីកម្ពុជា-ជប៉ុន និងបន្តជំរុញយន្តការនៃការបង្កើត​ក្រុមការងារពិសេស ដែលមានតំណាងពីក្រសួង-ស្ថាប័ន ដើម្បីសម្របសម្រួលយ៉ាងជិតស្និតជាមួយ JETRO និងក្រុមហ៊ុនជប៉ុន។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល នឹងបន្តជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ដើម្បីចាប់យកសក្តានុពលជាច្រើននៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរបស់​ប្រទេសទាំងពីរបន្ថែមទៀត, បន្តការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន, បន្តពង្រឹង និងបង្កើនសមត្ថភាពផលិតកម្ម គុណភាព និងស្តង់ដារទំនិញកម្ពុជា ដើម្បីនាំចូលទីផ្សារជប៉ុន និងបន្តគាំទ្រនិងជំរុញក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគ​ក្នុងវិស័យទូរគមនា​គមន៍ និងបរិវត្តកម្មឌីជីថល ពិសេសលើការអភិវឌ្ឍប្រព័ន្ធសេវាអ៊ីនធឺណិត, វិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល សហគ្រាសធុនតូចនិងមធ្យម, កសិ-ឧស្សាហកម្ម, ឧស្សាហកម្មបៃតង ព្រមទាំងបន្តលើកទឹកចិត្ត ពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP)។

ប្រទេសជប៉ុន បាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំង​តាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុបពី ១,៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៧ ដល់ ២.២ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។

ជាក់ស្តែង ក្រុមហ៊ុនជប៉ុនល្បីៗដូចជា Minebea, AEON និង Toyota បាននិងកំពុងដំណើរការ​យ៉ាងល្អប្រសើរ និងបានបន្តបង្កើនទីតាំង រោងចក្រ និងទីតាំងធុរកិច្ចរបស់ខ្លួននៅ​កម្ពុជាជា​បន្តបន្ទាប់៕

The post កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០ភាគរយ ក្នុងឆ្នាំ ២០២៤ appeared first on Kampuchea Thmey Daily.