កម្ពុជា-វៀតណាម ពេញចិត្តចំពោះកិច្ចសហការលើការទប់ស្កាត់បទល្មើសតាមព្រំដែន
កម្ពុជា និងវៀតណាម ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរលើការងារសន្តិសុខសាធារណៈ The post កម្ពុជា-វៀតណាម ពេញចិត្តចំពោះកិច្ចសហការលើការទប់ស្កាត់បទល្មើសតាមព្រំដែន appeared first on Kampuchea Thmey Daily.

កម្ពុជា និងវៀតណាម បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរលើការងារសន្តិសុខសាធារណៈ ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។

ការបង្ហាញចេញនូវក្ដីពេញចិត្តចំពោះការកិច្ចសហប្រតិបត្តិការដ៏ល្អនេះ តាមធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

លោកវរសេនីយ៍ឯក រឿង ក្វាងបាក់ ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសលោកឧបនាយករដ្ឋមន្ត្រី ស សុខា ដែលជានិច្ចកាលបានផ្តល់កិច្ចសហការជាមួយស្ថានតំណាងក្រសួងនគរបាលវៀតណាមក្នុងបុព្វហេតុរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នាពេលកន្លងមក។
លោកវរសេនីយ៍ឯក ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែករវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។

តបទៅនឹងការលើកឡើងរបស់ភាគីវៀតណាម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអរគុណដល់ក្រសួងនគរបាលវៀតណាម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការដល់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើស ដែលកើតឡើងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសម្តែងការសាទរចំពោះលោកវរសេនីយ៍ឯក រឿង ក្វាងបាក់ ដែលទទួលការចាត់តាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា ហើយជឿជាក់ថា កិច្ចសហប្រតិបត្តការរវាងកម្ពុជា និងវៀតណាម ឱ្យបន្តពង្រឹងពង្រីកឱ្យបានគង់វង្ស និងយូរអង្វែងថែមទៀត៕
The post កម្ពុជា-វៀតណាម ពេញចិត្តចំពោះកិច្ចសហការលើការទប់ស្កាត់បទល្មើសតាមព្រំដែន appeared first on Kampuchea Thmey Daily.