កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
ព្យុះទី១ ដែលនឹងកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ បានកើតឡើងដោយសារ... The post កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា appeared first on Kampuchea Thmey Daily.

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១មិថុនានេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលព្យុះទី១ ដែលជាព្យុះដំបូងគេនៅក្នុងឆ្នាំ២០២៥នេះ។ ព្យុះទី១ ដែលនឹងកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ បានកើតឡើងដោយសារការវិវឌ្ឍន៍ពីខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា និងសម្ពាធទាបដែលកំពុងស្ថិតនៅសមុទ្រចិនខាងត្បូងនៅក្នុងសប្តាហនេះ។
តាមការប្រកាសរបស់ក្រសួងធនធានទឹក ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នឹងធ្វើឱ្យតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥%។
តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍មានល្បឿនមធ្យម៦ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥%។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីនិងបស្ចិម មានល្បឿនមធ្យម៣ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៣០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕

The post កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា appeared first on Kampuchea Thmey Daily.